អវកាសយានិកទាំងបីនាក់របស់ចិន ក្នុងនោះមានស្ដ្រីម្នាក់ ទើបបានត្រឡប់មកកាន់ផែនដី ដោយយានអវកាស Shenzhou 9 បន្ទាប់ពីបានបំពេញបេសកកម្មតភ្ជាប់យានអវកាសទាំងពីរដោយដៃជាលើកដំបូងរបស់ខ្លួននៅលើគន្លងតារាវិថី។
ការវិលត្រឡប់របស់អវកាសយានិកចិនទាំងបីនាក់នេះ បានចុះនៅលើតំបន់ដាច់ស្រយាលមួយនៅភាគខាងជើងប្រទេសចិន។
បន្ទប់ដែលត្រូវត្រឡប់មកវិញរបស់ Shenzhou 9 ដែលបានចេញដំណើរទៅកាន់អវកាសកាលពីថ្ងៃទី ១៦មិថុនាកន្លងទៅ បានចុះមកដល់ផែនដី នៅវេលាម៉ោងប្រហែលជា ១០ព្រឹក ក្រោយពីការបន្ថយល្បឿនដោយការបើកឆ័ត្រធំមួយ។
មុននេះ អវកាសយានិកទាំងបីរូបនេះ បានធ្វើការតភ្ជាប់ដោយដៃ រវាងយាន Shenzhou 9 និង Heavenly Palace 1 ជាលើកដំបូងរបស់ចិន។ នេះគឺជាបច្ចេកទេសពិបាក និងមានសារសំខាន់ក្នុងដំណើររការនៃការបង្កើតស្ថានិយអាវកាសមួយ ដែលក្រុងប៉េកាំងមានគម្រោងនឹងបង្កើតឡើង នៅឆ្នាំ ២០២០។
បច្ចេកទេស តភ្ជាប់ដោយដៃនេះ ត្រូវបានរុស្ស៊ី និងអាមេរិកធ្វើឡើងតាំងពីទសវត្សទី ៦០។ បច្ចេកទេសនេះ មានការលំបាក់ខ្លាំង ដោយសារតែ ពួកគេត្រូវតភ្ជាប់យានអវកាសពីរនៅក្នុងលំហអាកាសដែលយានអវកាស កំពុងហោះហើរក្នុងល្បឿនរាប់ពាន់គីឡូម៉ែត្រក្នុងមួយម៉ោង ដោយមិនអោយយានទាំងពីរ មានការប៉ះទង្គិចគ្នា។
បេសកកម្មតភ្ជាប់យានអវកាសទាំងពីរនេះ គឺជាបេសកកម្មអវកាសមានមនុស្សបើកបរ លើកទីបួនរបស់ប្រទេសចិន៕







ដោយ ៖ សូរីយ៉ាប្រភព ៖ VE