កាលពីថ្ងៃទី ១៦ឧសភា ប្រទេសហ្វីលីពីនបានចេញបទបញ្ជាហាមការនេសាទរយៈពេលពីរខែ នៅ តំបន់ឆ្នេរថ្មដែលកំពុងដណ្ដើមគ្នាជាមួយចិននៅសមុទ្រចិនខាងត្បូង។ កាយវិការនេះ ត្រូវបានគេមើលឃើញថា ដើម្បីឆ្លើយតបទៅនឹងបទបញ្ជាហាមការនេសាទរបស់ចិនដែលមានសុពលភាពក្នុងថ្ងៃដូចគ្នា។

/ហ្វីលីពីនបានចេញបទបញ្ជាខាងលើបន្ទាប់ពីប្រទេសនេះប្រកាសមិនទទួលស្គាល់បទបញ្ជាហាមនេសាទរបស់ចិន។

លោក Asis Perez អគ្គនាយកដ្ឋានជលផលរបស់ហ្វីលីពីន បានអោយដឹងថា ៖ យើងបានសម្រេចចិត្ដហាមការនេសាទនៅតំបន់ Scarborough មួយរយៈពេល។ ការសម្រេចនេះត្រូវបានធ្វើឡើងយោងទៅតាមរបាយការណ៍ដែលនិយាយថា មានកប៉ាល់នេសាទជាច្រើនកំពុងធ្វើសកម្មភាពក្នុងតំបន់នេះ។ បទបញ្ជានេះនឹងធ្វើអោយតំបន់នេះអាចដកដង្ហើមបានខ្លះ។

មុនការប្រកាសរបស់ហ្វីលីពីនពីរថ្ងៃ ប្រទេសចិនក៏បានប្រកាសថា ខ្លួននឹងចេញបញ្ជាហាមការនេសាទរយៈពេល ២ ខែកន្លះនៅតំបន់ភាគខាងជើងសមុទ្រចិនខាងត្បូង ក្នុងនោះក៏បានរាប់បញ្ចូលទាំងតំបន់ជុំវិញឆ្នេរថ្ម Scarborough ដែលក្រុងប៉េកាំងហៅថា huangyan ។

អ្នកនាំពាក្យរបស់នាយកដ្ឋានគ្រប់គ្រងជលផលរបស់ក្រសួងកសិកម្មចិនបានអោយដឹងថា ៖ ទូកនេសាទទាំងអស់ត្រូវតែចត និងមិនត្រូវធ្វើសកម្មភាពនៅក្នុងអំឡុងពេលនៃបទបញ្ជានេះចាប់ផ្ដើមមានសុពលភាពចាប់ពីថ្ងៃទី ១៦ឧសភា។ ទូក ឬកប៉ាល់នេសាទដែលរំលោភលើបទពញ្ជានេះនឹងត្រូវរឹបអូសទូក ឬកប៉ាល់ និងឧបករណ៍នេសាទ រួមជាមួយនឹងលិខិតអនុញ្ញាត និងត្រូវពិន័យជាប្រាក់ ៥០.០០០យ៉ុន(ប្រហែល ៧.៩៣៦ដុល្លារ)។

គួររំឭកថា បច្ចុប្បន្នប្រទសចិន និងហ្វីលីពីនសុទ្ធតែមានកប៉ាល់រៀងៗខ្លួននៅក្នុងតំបន់ជុំវិញឆ្នេរថ្ម Scarborough/Huangyan ដែលមានចម្ងាយពីកោះសំខាន់ Luzon របស់ហ្វីលីពីន ២៣០គម និងមានចម្ងាយពីដីគោកជិតបំផុតរបស់ចិនគឺខេត្ត Hainan  ១.២០០គម៕

ដោយ ៖ សូរីយ៉ាប្រភព ៖ AFP, Xinhua