ញ៉ូយ៉ក ៖ បើតាមប្រភពសារព័ត៌មានបានអោយដឹងថា បើសិនណា ប្រជាជនណាមួយមានសកម្មភាពក្នុងការធ្វើលំហាត់បានតិចតួច នោះពួកគេនឹងប្រឈមនិងហានិភ័យខ្ពស់ក្នុងការកើតជម្ងឺទឹកនោមផ្អែម ផ្ទុយពីអ្នកដែលបានធ្វើលំហាត់ប្រាណជាប្រចាំ ដែលពួកមានឱកាសតិចតួចបំផុតក្នុងការកើតជម្ងឺទឹកនោមផ្អែម។

ការសិក្សាស្រាវជ្រាវថ្មីនេះ ត្រូវបានគេបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីសុខភាពមួយដែលមានឈ្មោះថា Diabetes Care ហើយបានបញ្ជាក់យ៉ាងច្បាស់ពីអ្នកជំនាញស្តីពីបញ្ហាសុខភាព ដោយបានផ្តល់ជាដំបូន្មានថា មនុស្សគ្រប់រូបទាំងអស់ ត្រូវធ្វើលំហាត់ប្រាណអោយបានជាប្រចាំ ទោះបី ការធ្វើលំហាត់ប្រាណទាំងនោះមិនបានយូរក្តី តែត្រូវបា្រកដថាលោក អ្នក បានធ្វើវាជាប្រចាំដែលវាជាអត្ថប្រយោជន៍មួយខ្ពស់ ចំពោះសុខភាពរបស់លោកអ្នក ជាពិសេសវាអាចជួយកាត់បន្ថយអត្រាកើតជម្ងឺទឹកនោមផ្អែមបានទៀតផង។
លើសពីនេះទៅទៀត បើយោងតាមសម្តីអ្នកជំនាញការ ដែលមកពី មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវPennington Biomedical នារដ្ឋ Louisiana សហរដ្ឋអាមេរិកបានអោយដឹងថា ដើម្បីការការពារសុខភាពរបស់លោកអ្នក អោយមានសុខភាពល្អនោះ លោកអ្នកត្រូវធ្វើលំហាត់ប្រាណតាមចំណង់ចំណូលចិត្តរៀងៗខ្លួន តែប្រសិនណា បើលោកអ្នកមិនបានធ្វើលំហាត់ប្រាណ តាមបច្ចេកទេសនោះទេ លោកអ្នកក៏អាចធ្វើការដើរយ៉ាងហោចណាស់អោយបាន 10,000 ជំហានក្នុងមួយថ្ងៃ ដែលវានឹងផ្តល់ជាអត្ថប្រយោជន៍ដ៏ល្អចំពោះសុខភាពរាងកាយរបស់លោកអ្នក។

គួរបញ្ចាក់ផងដែរថា ក្រោយពីមានការវាស់ស្ទង់មតិ ក៏ដូចជាធ្វើការសិក្សាស្រាវជ្រាវទៅលើប្រជាជន ជាង 2000 នាក់ដែលបានមកពីរដ្ឋ Arizona រដ្ឋ Oklahoma និង រដ្ឋ Dakota បានអោយដឹងថាអ្នកដែលប្រឈមនឹងអាចកើតមានជម្ងឺទឹកនោមផ្អែមបាន គឺនៅក្នុងចំណោមក្រុមមនុស្សដែលមិនមានការធ្វើលំហាត់ប្រាណបានច្រើន តែផ្ទុយទៅវិញ ចំពោះ ក្រុមមនុស្សដែលបានធ្វើលំហាត់ប្រាណបានច្រើន និងជាប្រចាំ ពួកគេមានអត្រាទាបក្នុងការកើតជម្ងឺទឹកនោមផ្អែម។
ដូច្នេះ ដើម្បីជាការប្រសើរចំពោះសុខភាពរាងកាយរបស់លោកអ្នក ពោលគឺ ដើម្បីការពារខ្លួនអ្នកពីជម្ងឺទឹកនោមផ្អែមបាន បើតាមដំបូន្មានរបស់អ្នកជំនាញ បានណែនាំផងដែរថា លោកអ្នកត្រូវបា្រកដ ថាបានធ្វើលំហាត់ប្រាណជាប្រចាំ ទោះបីមិនបានច្រើន ឬ យូរក្តី ក៏ដោយ៕
ដោយ ៖ មង្គលប្រភព ៖ yourhealth