ស្មាតហ្វូន Yezz Billy មួយគូដែលដំណើរការដោយ Windows Phone 8.1 នឹងមានតម្លៃ ១៣៩ដុល្លារ និង ២៤៩ដុល្លារ នឹងត្រូវបានដាក់លក់នៅចុងខែឧសភាខាងមុខ។

/

កន្លងទៅនេះ DDM Brands (ក្រុមហ៊ុនផលិតទូរស័ព្ទដែលមានមូលដ្ឋាននៅអាមេរិក) បានបញ្ចេញស្មាតហ្វូន ២ប្រភេទ ដែលមានតម្លៃទាបគួរឱ្យចាប់អារម្មណ៍។ ស្មាតហ្វូនទាំងនេះ មានឈ្មោះថា Yezz Billy ដំណើរការដោយ Windows Phone 8.1 ។ ក្នុងនោះ Yezz Billy 4.7 ត្រូវបានគេចាត់ទុកថា ជាម៉ូដែលប្រើ Windows Phone 8.1 ដែលស្ដើងបំផុត មិនធ្លាប់ត្រូវបានឧទ្ទេសនាម ពីមុនមក ដោយសារមានកម្រាស់ត្រឹមតែ ៧,២ម.ម ។ស្មាត​ហ្វូន​ Yezz Billy 4.7 នេះ មានអេក្រង់ ៤,៧ inch រីសូលូសឹន 720p ប្រូសេសឺរ quad-core Qualcomm Snapdragon និងកាមេរ៉ា ១៣ megapixel ព្រមទាំងអាចដាក់បានស៊ីម ២។ ចំណុចពិសេសរបស់ Yezz Billy 4.7 គឺសម្បកធ្វើអំពីអាលុយមីញូមទាំងស្រុង ហើយមានពណ៌ចំនួន ៣ សម្រាប់ជ្រើសរើស គឺ ស ក្រហម និងទឹកសមុទ្រ។ Yezz Billy 4.7 មានតម្លៃ ត្រឹមតែ ២៤៩ដុល្លារ។ទន្ទឹមនឹងនេះ កំណែ Yezz Billy 4.0 មានគ្រឿងម៉ាស៊ីន ប្រភេទទាបជាង Yezz Billy 4.7  ក្នុងនោះ អេក្រង់ត្រឹមតែ ៤ inch កាមេរ៉ាក្រោយ ៨ megapixel និង ប្រូសេសឺរ quad-cour ។ ស្មាតហ្វូននេះ នឹងត្រូវបានលក់ក្នុងតម្លៃ ១៣៩ដុល្លារ។ ក្រុមហ៊ុន DDM Brands បានឱ្យដឹងថា ស្មាតហ្វូនទាំង ២ប្រភេទនេះ នឹងត្រូវបានដាក់លក់ នៅចុងខែឧសភានេះ នៅលើទីផ្សារមួយចំនួន របស់អាស៊ី  អាមេរិកខាងត្បូង និងសហរដ្ឋអាមេរិកផងដែរ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ PhoneArena/Twice