ភ្នំពេញៈបន្ទាប់ពីមានសារព័ត៌មាន ក្នុងស្រុកជាច្រើនបាន ចុះផ្សាយបន្តកន្ទុយគ្នា ពីភាពរកាំរកូសក្នុងជីវិតគូរបស់ អ្នកនាង សោម ម៉ាល័ក្ខ និងអតីតស្វាមីរហូតឈានដល់ផ្លូវបំបែក ដោយគ្មានអ្នកណាម្នាក់ ដឹងច្បាស់ពីមូលហេតុដែលគូស្វាមីភរិយាទាំងពីរនាក់ ជួបស្នេហ៍ប្រះស្រាំបែបនេះទេ ។ តារាសម្តែងរូបនេះ បានចេញមុខមកបកស្រាយជុំវិញ ព័ត៌មាននេះ និងសុំចិត្តដក់គ្រប់អង្គភាពសារព័ត៌មាន មេត្តាកុំសរសេរ និងចុះផ្សាយពីរឿងស្នេហារបស់នាង និងអតីតស្វាមីបន្តទៀត ព្រោះអ្វីគ្រប់យ៉ាងបានបញ្ចប់អស់ហើយ គ្មានថ្ងៃវិលវិញទេ។

គេហទំព័រ Looking TODAY ធ្លាប់បានចុះផ្សាយពីរឿងរ៉ាវស្នេហា របស់នាង និងអតីតស្វាមីក្រោយលែងលះ ដោយដាក់ចំណងជើងថា “សោម ម៉ាល័ក្ខ ធ្វើខួបកំណើតជម្រះ ក្តីឈឺចាប់ ក្រោយលែងប្តីហេងសយ” នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៣ រួចមក អ្នកនាង សោម ម៉ាល័ក្ខ បានធ្វើដំណើរមកដល់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដោយផ្ទាល់ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣នេះ ដោយនាងបានប្រាប់ឲ្យដឹងថាចំពោះរឿង ដែលចុះផ្សាយទាក់ទងជាមួយ អតីតស្វាមីរបស់នាងនោះ គឺនាងស្នើសុំឲ្យបញ្ចប់ត្រឹមនេះតែម្តងទៅកុំ ឲ្យមានការចុះផ្សាយបន្តទៀត ព្រោះថារវាងនាង និងអតីតស្វាមីបានលែងលះគ្នា ចប់សព្វគ្រប់ហើយ មិនចង់ឲ្យសារព័ត៌មាន រំលឹកបើកកកាយ មកចុះផ្សាយទៀតទេ។

អ្នកនាង ម៉ាល័ក្ខ បានរៀបរាប់ជាមួយទឹកមុខ ញញឹមស្ងួតទៀតថា កន្លងមកធ្លាប់មានសារព័ត៌មាន មិនតិចទេ ដែលផ្សាយជុំវិញបញ្ហានេះ ដោយមានសារព័ត៌មានមួយចំនួន និយាយថាការបែកបាក់របស់នាង គឺបណ្តាលមកពីម្តាយក្មេក អ្នកស្រី ពាន់ ភួងបុប្ផា តែដើម្បីបកស្រាយឲ្យអស់ ចម្ងល់ហើយកុំឲ្យមានការ លើកឡើងបែបនោះទៀត “ខ្ញុំសូមបកស្រាយថា នេះមិនមែនជារឿងពិតទេ សម្រាប់អតីតម្តាយក្មេកខ្ញុំ គាត់មិនបានចូលមកពាក់ព័ន្ធ និងជីវិតប្តីប្រពន្ធពួកខ្ញុំទេ ផ្ទុយទៅវិញចំពោះការបែកបាក់ របស់ពួកខ្ញុំដោយសារតែជីវិតគូរបស់ពួកខ្ញុំ រស់នៅមិនចុះសម្រុងជាមួយគ្នា និងមិនអាចបន្តទៀត ទើបសម្រេចចិត្តបែកផ្លូវគ្នាតែម្តងទៅមិនមានពាក់ព័ន្ធជាមួយអ្នកទី៣ ឬក៏អតីតម្តាយក្មេកឡើយ ” ។

តារាសម្តែងដែលទស្សនិកជន ធ្លាប់ស្គាល់តាមរយៈការសម្តែងរឿង “បេះដូងអ្នកការពា” រូបនេះបានប្រាប់ឲ្យដឹងទៀតថា រាល់ពេលសារព័ត៌មាន ចុះផ្សាយរឿងរ៉ាវពាក់ព័ន្ធនាងជាមួយ អតីតស្វាមីគឺនាងមិន ដែលដឹងនិងផ្តល់បទសម្តាសន៍ជុំវិញ ព័ត៌មាននោះទេ តែការផ្សាយព័ត៌មាននោះ គឺគា្រន់តែជាការយល់ឃើញរបស់អ្នកកាសែត ជាអ្នកផ្សាយ អត់បានទទួលការ ផ្តល់បទសម្ភាសន៍ពីនាងឡើយ។

ម៉ាល័ក្ខ បានប្រាប់ទៀតថា “ខ្ញុំសុំស្នើរសុំបញ្ចប់រឿងជីវិតគូរបស់ខ្ញុំ និងអតីតស្វាមីត្រឹមនេះ ចុះខ្ញុំមិនចង់ជីកកកាយមកនិយាយម្តង ហើយម្តងទៀត មិនចេះចប់មិនចេះហើយទេ ព្រោះថាពួកខ្ញុំទាំងពីរនាក់ បានដើរដល់ផ្លូវបំបែកគ្រប់យ៉ាង ចប់អស់ហើយគ្មានអ្វីត្រូវ និយាយឬក៏ចុះផ្សាយទៀតទេ។ តែខ្ញុំសូមស្វាមគមន៍ ចំពោះបទសម្ភាសន៍ទាំងអស់ ពាក់ព័ន្ធនឹងការងារសិល្បៈរបស់ខ្ញុំ តែចំពោះរឿងចាស់ (រៀបការ) ខ្ញុំមិននិយាយឬក៏ទទួលស្គាល់ការ ចុះផ្សាយនោះទេ ដោយសារតែកន្លងមកមានការ ចុះផ្សាយខ្លះមិនបានសម្ភាសន៍ខ្ញុំ តែបែរជាចុះផ្សាយថា ខ្ញុំជាអ្នកនិយាយទៅវិញ”៕

Looking

Looking

Looking

Looking

ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល