ភ្នំពេញៈ បុរសម្នាក់ ដែលបម្រើការងារ នៅក្នុងហាង ភីហ្សាខមផេនី ត្រូវបាន កម្លាំងអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក ឃាត់ខ្លួន   ដោយចោទថាបាន ធ្វើសកម្មភាព  គាស់ទូដែកដាក់លុយ របស់ក្រុមហ៊ុន Piza Company (ភីហ្សាខមផេនី) សាខាកម្ពុជាក្រោមលួចយកលុយជាង១៥០០០ដុល្លារ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣ កន្លងទៅ ។

ការឃាត់ខ្លួនជនសង្ស័យ  ខាងលើ បានធ្វើឡើង  នៅថ្ងៃទី០៦  ខែសីហា  ឆ្នាំ២០១៣ នៅចំណុច លូប្រាំ ភូមិទ្រា៣ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពេលស្រាវជ្រាវ អស់រយៈពេល ពេញមួយថ្ងៃ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថាជនសង្ស័យមានឈ្មោះស៊ាប ចន្ធី អាយុ២៧ឆ្នាំ មុខរបរ បុគ្គលិក Piza Company ( ភីហ្សាខាំផានី ) ផ្នែក  ដឹកជញ្ជូនតាមម៉ូតូ   ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពដដែលបានបញ្ជាក់ថាកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង៧ព្រឹកអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក បានទទួល   ពាក្យបណ្តឹងពីតំណាង  ក្រុមហ៊ុន Piza Company ( ភីហ្សាខមផេនី ) ពីករណីចោរគាស់ទូដែក លួចយកលុយចំនួន ១៥.៨៦៤.៣៤ដុល្លារ (មួយម៉ឺនប្រាំពាន់ប្រាំបី រយហុកសិបបួនដុល្លារ និង សាមសិបបួនសេន) ។ ក្រោយពីទទួល  ពាក្យបណ្តឹងនេះ សមត្ថកិច្ច បានធ្វើការ  ស្រាវជ្រាវ   ដោយសហការ ជាមួយ   ការិយាល័យបច្ចេកទេស និង កោសល្យវិច័យ  នៃស្នងការដ្ឋាននគរបាល   រាជធានីភ្នំពេញ ដោយពិនិត្យ កន្លែងកើតហេតុ និងស្រាវជ្រាវ លើបុគ្គលិក   ដែលសមត្ថកិច្ចមាន  ការសង្ស័យ រហូតកំណត់ បានអត្តសញ្ញាណ ជនសង្ស័យ ហើយបានស្រាវជ្រាវដឹងពីកន្លែងលាក់ខ្លួន  របស់ជន សង្ស័យឈ្មោះ ស៊ាប ចន្ធី សមត្ថកិច្ចក៏បាន ធ្វើការឃាត់ខ្លួន និងចាប់យកវត្ថុតាងតែម្តង ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានរកឃើញ  ប្រាក់ ១៥.៤៣៦ដុល្លារ  (មួយម៉ឺនប្រាំពាន់បួនរយ សាមសិប ប្រាំមួយដុល្លារ សហរដ្ឋអាមេរិក )   នៅជាមួយជនសង្ស័យ ព្រមទាំងបាន ប្រគល់ជូន ក្រុមហ៊ុនវិញផងដែរ ។

ដោយឡែក ជនសង្ស័យឈ្មោះ ស៊ាប ចន្ធី   កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន  នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល