កាលពីពេលថ្មីៗនេះមានលេចឮដំណឹងស្ដីពីការ ធ្វើសេចក្ដីព្រាងច្បាប់គ្រប់គ្រងប្រព័ន្ធ Internetនិងបច្ចេកវិទ្យា ឬជាភាសាអង់គ្លេសហៅថា Cyber Law ដែលគេបានបកស្រាយថាច្បាប់នេះគឺមានទិសដៅក្នុងការកំណត់កម្រិតក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែធានាថា ចំពោះអត្ថប្រយោជន៍ទូទៅត្រូវបានការពារ។ បើនិយាយអោយស្រួលស្ដាប់ គឺដើម្បីការពារការរីកសាយពត៌មានមិនពិតដែលសព្វថ្ងៃមានការវាយលុកតាមរយៈ Internet ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយនានា។ជុំវិញដំណឹងនេះ លោក ឯក ថា អ្នកនាំពាក្យម្នាក់ នៅអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា រដ្ឋាភិបាលឥឡូវនេះ កំពុងធ្វើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យា ជាលើកដំបូង ដែលមិនធ្លាប់មាន ពីព្រោះដោយសារតែប្រព័ន្ធបច្ចេកវិទ្យា កាន់តែច្រើន និងទំនើបៗដូចជា Twitter, YouTube អ៊ីមែល និងគ្រប់ប្រភេទនៃសកម្មភាពបច្ចេកវិទ្យា ។ លោកបានបន្តថា រដ្ឋាភិបាលត្រូវការការពារមិនឲ្យមនុស្សអាក្រក់ ផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានគ្មានមូលដ្ឋាន ដែលធ្វើឲ្យមានការយល់ខុសដល់សាធារណជន និងប៉ះពាល់សន្តិសុខជាតិឬសង្គម។ជាតួយ៉ាងដូចជា blog KI-Media ដែលមហាជនភាគច្រើនអះអាងថាជាប្រភពពត៌មានដែលវាយប្រហារមកលើ រដ្ឋាភិបាលកម្ពុជា ជាមួយនឹងពត៌មានបំភ្លៃមិនពិតជាដើម។ បើតាមស្ដាប់សម្ដីរបស់អ្នកនាំពាក្យយើងអាចសង្កេតឃើញថា ច្បាប់នេះប្រសិនបើត្រូវបានគេយកមកប្រើនោះគឹពិតជាមានរូបរាងការពារការសាយភាយពត៌មានមិនពិត។ តែដំណឹងនៃការធ្វើសេចក្ដីព្រាងច្បាប់នេះបានក្លាយជាកង្វល់ដល់ស្ថាប័ន និងអង្កការក្រៅរដ្ឋាភិបាល មួយចំនួនដែលខ្លាចថាច្បាប់នេះអាចនឹងប្រើដើម្បីជាការបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមាតិ និងសម្លេងប្រឆាំង។ជុំវិញបញ្ហានេះយ៉ាងណាយើងនឹងរង់ចាំមើលលទ្ធផលបន្តទៅទៀត។
ដោយ៖ ឧត្តម កត្តិគុណកែសម្រូលពី៖ Postkhmer