ភ្នំពេញៈ តារាសម្ដែងរូបសង្ហាអភ័ព្វស្នេហ៍ លោក ព្រីង ច័ន្ទបុត្រ ថ្មីៗនេះហាក់បង្ហាញភាព សង្រេងទុក្ខសោកក្រៀមក្រំ ក្នុងជីវិតឯកជន ជាសាធារណៈ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់លោក ក្រោយពីបានបង្ហើប ពីស្នេហាប្រះស្រាំឈាន ដល់ការលែងលះ រវាងលោក និងភរិយា ដែលត្រូវបានគេដឹងថា ជាប្អូនថ្លៃស្រី របស់លោក គន់ គីម នាយឧត្តមសេនីយផ្កាយមាសបួន ដ៏មានឥទ្ធិពល ក្នុងជួរកងទ័ពជាតិ ។
តារាសម្ដែង ព្រីង ច័ន្ទបុត្រ ក្រោយពីភ្ជាប់ស្នេហ៍ ឈានដល់បន្លឺសំឡេង ឃ្មោះការយ៉ាង ទ្រហឹងអឺងកង ជាមួយអ្នកមេម៉ាយកូនពីរ ជាប់សែស្រឡាយមន្ត្រីរាជការ មានស័ក្តិយស ក្នុងសង្គមរួមមក ត្រូវបានមិត្តភក្តិ ក៏ដូចជាមហាជនទូទៅ ដែលបានជ្រួតជ្រាបដំណឹងនេះ សម្ដែងអារម្មណ៍សាទរ ត្រេកអរជាពន់ពេកក្រៃ ហើយគិតថា លោកជាមនុស្សមានសំណាង ជាងតារាល្បីៗឯទៀត ដែលមានវាសនា មិនដល់លោកឡើយ។ ខណៈដែលភរិយា ថ្វីដ្បិតជាស្រ្តីមេម៉ាយ ចំណាយមាត់ ញាតិពិតមែន តែគ្រួសារនេះបានរស់ នៅក្នុងសម្បត្តិ ទ្រព្យស្ដុកស្ដម្ភ មានអំណាចធំ អ្នកណាៗក៏ កោតក្រែង។
ប៉ុន្តែអ្វីៗត្រូវបានប្រែក្រឡាស់ ក្រឡាប់ចាក់ នៅពេលធ្លាយដំណឹង ដ៏គួរឲ្យព្រឺព្រួចថា តារាសម្ដែង ព្រីង ច័ន្ទបុត្រ កើតជម្លោះ ឈ្លោះទាស់ទែងគ្នា ជាមួយភរិយាការ ពេញច្បាប់ រហូតដល់ថ្នាក់ លែងលះគ្នា ទាំងពាក់កណ្ដាលទី គួរឲ្យសោកស្ដាយ ដោយបន្សល់ទុកនូវ ស្លាកស្នាម អនុស្សាវរីយឈឺចាប់ គ្មានថ្ងៃនឹងបរិយាយអ ស់សេចក្ដី នៃជំនួបស្នេហា ខុសវណ្ណៈមួយនេះ។
អតីតតារាសម្តែង ធ្លាប់មានឈ្មោះបោះសំឡេង តាមរយៈការសម្តែង រឿងជាច្រើន លោក ព្រីង ច័ន្ទបុត្រ បានបង្ហោះពាក្យពេចន៍ រៀបរាប់ពីទុក្ខសោក ពិបាកចិត្តស្អិតទ្រូង ក្រោយពីរស់នៅ មិនចុះសម្រុងគ្នា ពោរពេញដោយភាពរកាំរកូស ស្ទើរគ្រប់ពេល រហូតដល់ត្រូវឲ្យលោក និងអតីតភរិយា ដែលគេស្គាល់ច្បាស់ថា ជាប្អូនថ្លៃស្រីរបស់ នាយឧត្តមសេនីយ គន់ គីម ត្រូវដើរដល់ផ្លូវបំបែក បន្ទាប់ពីរៀបការ ទើបតែបានរយៈ ពេលជាង៦ខែ ប៉ុណ្ណោះ។តារាសម្តែង រូបស្រស់សង្ហាមាឌមាំ រាងខ្ពស់ស្រឡះ លោក ព្រីង ច័ន្ទបុត្រ ហាក់ទទួល បានជោគជ័យប្លែក ទាំងការងារ និងរឿងបេះដូង ដោយលោកបានស្វែងរក ឃើញនារី ក្នុងក្តីស្រមៃម្នាក់ជា កូនក្រមុំរបស់លោក ដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣ កន្លងទៅ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ ដោយរំពឹងថា នឹងទទួលបានសុភមង្គល ជាមួយគ្នា ដល់ចាស់ជរារៀងៗខ្លួន ។ប៉ុន្តែក្តីស្រមៃថា ចង់មានគ្រួសារ មានភាពកក់ក្តៅរស់នៅ ប្រកបដោយសុភមង្គល ហាក់បានរសាត់ ឃ្លាតទៅឆ្ងាយ ក្រោយ ពីលោក និងអតីតភរិយា បានសម្រេចចិត្ត លែងលះគ្នាជាផ្លូវការ រួចបានធ្វើឲ្យ តារាប្រុសរូបនេះ រំលេចភាពឈឺចាប់ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook មិនលួសថ្ងៃទាល់តែសោះ។ រហូតធ្វើឲ្យបុរសម្នាក់នេះ ហាក់លែងចង់ប្រាថ្នាស្នេហ៍ថ្មី ព្រោះតែខ្លាចរអា នឹងស្នេហាខុសទ្រព្យធន ប្រៀបដូចមេឃ និងដីមួយនេះ។
បើតាមប្រភពក្រៅផ្លូវការមួយ បានបង្ហើបប្រាប់ឲ្យដឹងថា តាមពិតទៅ ការដែលមិនចុះសម្រុងគ្នា របស់គូស្វាមី ភរិយាមួយគូនេះ ក្រោយពីរៀបការរួច ដោយសារតែ លោក ច័ន្ទបុត្រ ជាតារាសម្តែងធម្មតាៗ មិនសូវសម្បូរទ្រព្យធន។ តែដោយឡែកអតីតភរិយា គឺជាអ្នកមានសម្បូរលុយ ទើបធ្វើឲ្យវណ្ណៈនេះ ចូលមកជ្រៀតជ្រែក គំរាមកំហែងសុភមង្គល ធ្វើឲ្យមានភាពល្អក់កករ រហូតឈានដល់ ការដើរផ្លូវបំបែកជាមួយគ្នា ។ មកដល់ពេលនេះ ពួកគេបានលែងលះ គ្នាជាផ្លូវការ រយៈពេលជាង១ខែ មកហើយ ។
ជុំវិញការបែកធ្លាយព័ត៌មាននេះដែរ LookingTODAY បានព្យាយាមទាក់ទង ទៅតារាសម្តែងរាងខ្ពស់ស្រឡះ លោក ព្រីង ច័ន្ទបុត្រ ដើម្បីសាកសួរព័ត៌មានលម្អិត ពាក់ព័ន្ធនឹង ការលែងលះគ្នានេះ តែមិនទាន់ អាចទាក់ទងបានទេ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣នេះ ៕
ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!






ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល