ប្រទេសដែលមានប្រាសាទពីរ៉ាមីតច្រើនជាងគេ មិនមែនជាប្រទេសអេហ្ស៊ីប ដូចមនុស្សជាច្រើនបានស្មាន។

ប្រទេសដែលមានប្រាសាទពីរ៉ាមីតច្រើនជាងគេក្នុងពិភពលោក គឺស៊ូដង់ ដែលជាប្រទេសនៅក្បែរខាងរបស់អេហ្ស៊ីប នេះបើតាម Science Alert ចុះផ្សាយកាលពីថ្ងៃទី ២៧វិច្ឆិកា។ ប្រាសាទពីរ៉ាមីតចំនួនពី ២០០-២៥៥ ត្រូវបានសាងសង់នៅស៊ូដង់ ចំណែកពីរ៉ាមីតនៅអេហ្ស៊ីប មានត្រឹមតែ ១៣៨ប៉ុណ្ណោះ។

/

មហាប្រាសាទពីរ៉ាមីត Giza នៅ​អេហ្ស៊ីប

បណ្ដាប្រាសាទពីរ៉ាមីតនៅស៊ូដង់ ត្រូវបានជនជាតិ Kushite នៃប្រទេស Kush (អតីតអាណាចក្រមួយដែលគ្រប់គ្រងតំបន់តាមទន្លេ Nile ចាប់ពីឆ្នាំ ១០៧០មុនគ្រឹស្តសករាជ ដល់ឆ្នាំ ៣៥០ ជាអ្នកសាងសង់។ ជនជាតិ Kushite ចាប់ផ្ដើមសាងសង់ប្រាសាទពីរ៉ាមីតក្រោយអេហ្ស៊ីប ៥០០ឆ្នាំ។ ប៉ុន្តែ អាណាចក្រទាំងពីរនេះ សុទ្ធតែប្រើប្រាស់ប្រាសាទពីរ៉ាមីត ដើម្បីបញ្ចុះសព។

ដូចទៅនឹងអេហ្ស៊ីប ជនជាតិ Kushite បញ្ចុះសពសមាជិករាជវង្ស នៅខាងក្រោមប្រាសាទពីរ៉ាមីត ប៉ុន្តែ ប្រាសាទពីរ៉ាមីតរបស់ប្រទេសទាំងពីរនេះ មានភាពខុសគ្នា។

ប្រាសាទពីរ៉ាមីតនៅស៊ូដង់ មានសភាពចោតជាង តូចជាង និងត្រូវបានសាងសង់ពីដុំថ្ម ខុសពីផ្ទៃខាងលើដែលមានភាព “រលោង” និងមានទំហំធំរបស់ប្រាសាទពីរ៉ាមីតនៅអេហ្ស៊ីប។ ប្រាសាទពីរ៉ាមីតដែលសាងសង់ដោយជនជាតិ Kushite មានកំពស់ចាប់ពី ៦ទៅ៣០ម៉ែត្រ ចំណែកពីរ៉ាមីតនៅអេហ្ស៊ីប មានកំពស់ជាមធ្យម ១៣៨ម៉ែត្រ។

កន្លែងមួយក្នុងចំណោមតំបន់ដែលមានប្រសាទពីរ៉ាមីតច្រើនជាងគេបំផុត នោះគឺទីក្រុងបុរាណ Meroë ស្ថិតនៅក្បែរមជ្ឈមណ្ឌលស៊ូដង់នាបច្ចុប្បន្ន។ ទីក្រុងបុរាណនេះ មានប្រាសាទពីរ៉ាមីតប្រហែល ២០០ ក្នុងចំណោម ២៥៥ ដែលនេះបង្ហាញថា ទីនេះធ្លាប់ជាទីក្រុងដែលរុងរឿងខ្លាំងកាលពីអតីតកាល។

/

ប្រាសាទពីរ៉ាមីត នៅស៊ូដង់ មានទំហំតូច និង​ទាបជាង​នៅអេហ្ស៊ីប

អេហ្ស៊ីបក៏មិនមែនជាប្រទេសដែលមានប្រាសាទពីរ៉ាមីតធំជាងគេក្នុងលោកនោះដែរ។ កិត្តិនាមនេះបានទៅលើមហាប្រាសាទពីរ៉ាមីត Cholula ដែលមានទីតាំងស្ថិតនៅខាងក្នុងកំពូលភ្នំមួយនៅម៉ិចស៊ីកូ។

ប្រែសម្រួល ៖ តារាប្រភព ៖ Science Alert