ប្រលោមលោករឿង ៖ សង្សារកូន ប្អូនធម៌ប៉ា ភាគ ១

ឆ្នាំនេះ ខ្ញុំមានអាយុ​ ១៨​ ឆ្នាំហើយ  នឹង ទើបតែបានប្រលងជាប់បាក់ឌុបថ្មីៗនេះផងដែរ  ហេតុនេះហើយលោកប៉ា   បានរៀបចំពិធីអោយខ្ញុំពីរក្នុងថ្ងៃតែមួយ គឺធ្វើខួបកំណើតគំរប់អាយុ  ១៨  ឆ្នាំផង នឹង  ពិធីជប់លៀងដែលខ្ញុំបានប្រលងជាប់ផង  គឺធ្វើអោយខ្ញុំមានអារម្មណ៍រំភើប  សប្បាយរីករាយក្រៃលែង ដែលមានលោកប៉ាមា្នក់បានផ្តល់ភាពកក់ក្តៅ ស្រលាញ់ថ្នាក់ថ្នម បើទោះបីជាខ្ញុំគ្មានម៉ាក់ហៅនឹងគេបានទៀត   ក៏ពិតមែន     តែខ្ញុំក៏នៅតែមានប៉ាម្នាក់សម្រាប់ឃុំគ្រងការពារ គឺគ្រប់គ្រាន់ហើយ។ ខ្ញុំមិនចង់នឹកនាដល់អ្នកម៉ាក់ទៀតសោះ ព្រោះនឹកឃើញដល់រឿងគាត់ចាកចេញពីខ្ញុំ  នឹងប៉ារត់ទៅតាមសាហាយរបស់គាត់  ពេលណាធ្វើអោយខ្ញុំនឹកអាណិតដល់លោកប៉ាជាពន់ពេក  មិន គួរណាមនុស្សល្អ​ស្លូតបូត ដូចជាលោកប៉ាប៉ុណ្ណឹងហើយ អ្នកម៉ាក់នៅតែក្បត់ផិតបានទៀតសោះ ។

រីក៏ជាហេតុផលណាមួយ   ដែលធ្វើអោយចិត្តរបស់អ្នកម៉ាក់ឈប់ស្តាយស្រណោះ    មនុស្សដូចជាលោកប៉ា ? តែទោះជាយ៉ាងណា   ក៏ខ្ញុំគិតថាអ្នកម៉ាក់គឺជាអ្នកខុសដែរ ដែលបានបោះបង់ពួកខ្ញុំទាំងពីរនាក់។

រំឮកដល់រឿងនេះពេលណា ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់នឹងក៏ចាំមិនភ្លេចដែរ ប៉ុន្តែថ្ងៃនេះជាថ្ងៃសិរីសួស្តីរបស់ខ្ញុំ  ហេតុនេះខ្ញុំគួរណាស់តែធ្វើខ្លួនអោយសប្បាយៗ   ព្រោះមានមិត្តភក្តិមកចូលរួមយ៉ាងច្រើនកុះករ។  មិត្តខ្ញុំម្នាក់ៗ បានជូនកាដូខ្ញុំគ្រប់ៗគ្នា ប្លែកតែលោកប៉ាបែរជាបាត់វត្តមានទៅវិញ នៅពេលដែលខ្ញុំកាត់នំ  ធ្វើអោយខ្ញុំឆ្ងល់យ៉ាងខ្លាំង ក៏ប៉ុន្តែស្រាប់តែភ្លាមៗនោះ ខ្ញុំក៏ឃើញវត្តមានលោកប៉ាដើរមកជាមួយ នឹងមនុស្សម្នាក់ខ្ពស់សង្ហាអាយុប្រហែលជា ២៣ ឆ្នាំឆ្ពោះតម្រង់មករកខ្ញុំ  ។ ពេលនោះលោកប៉ា   បានណែនាំខ្ញុំអោយស្គាល់គាត់  ដោយប្រាប់ខ្ញុំថា   គេត្រូវជាប្អូនធម៏របស់គាត់មានឈ្មោះថា“តារា” ។ ខ្ញុំមិនថាអ្វីនោះទេ ព្រោះខ្ញុំជឿលើក្រសែភ្នែករបស់លោកប៉ាថា សេពគប់អ្នកណា អ្នកនោះប្រាកដជាមនុស្សល្អ។

width=460

ប៉ុន្តែ   អ្វីដែលសំខាន់ទាក់ទាញចិត្តខ្ញុំអោយចាប់អារម្មណ៍គេនោះ  គឺភាពរួសរាយរាក់ទាក់របស់គេមើលទៅមានភាពសិចស៊ីពិបាកនឹងនិយាយណាស់។ ខ្ញុំគិតថាខ្លួនឯងកំពុងតែចាប់អារម្មណ៍គេខុសពីធម្មតាហើយ តែព្យាយាមធ្វើធម្មតារហូតដល់ចប់កម្មវិធី  ។ ពេលពិធីខួបកំណើតបានបញ្ជប់  តារា បានអូសដៃខ្ញុំទៅគៀនផ្ទះ    ហើយហុចប្រអប់កាដូតូចមួយមកអោយខ្ញុំ  ធ្វើអោយខ្ញុំឆ្ងល់យ៉ាងខ្លាំងព្រោះឡើងស្រាលស្ញើកហាក់ដូចមិនមានអ្វីនៅក្នុងហ្នឹងអញ្ជឹង  ។ រួចហើយគាត់បានប្រើភាសាអូនបងនឹងពាក្យជូនពរមួយ\ចំនួនមុននឹងគាត់លាខ្ញុំត្រលប់ទៅវិញ ។ ខ្ញុំសែនរំភើបរកថាមិនត្រូវ ហើយនៅយប់នោះកាដូអ្នកណាក៏ខ្ញុំមិនសូវខ្វល់ដែរ    ក្រៅពីកាដូ តារា ដែលបានជូនខ្ញុំ ។  ខ្ញុំចាប់កាដូដ៏ស្រាលមួយនោះមក ហើយក៏បានបើកមើលឃើញក្រដាសពីសន្លឹក : ១ ជាលេខទូរស័ព្ទរសប់គាត់ នឹងមួយទៀតសរសេថា​ “១៤៣” ។

ដើម្បីអោយជ្រាប កាន់តែច្បាស់ថាតើ តួលេខ ១៤៣ មានន័យយ៉ាងណានោះ សូមប្រិយមិត្តទស្សនិកជន    រង់ចាំតាមដានទស្សនានូវភាគបន្ត ​   នាថ្ងៃបន្ទាប់  ពោលគឺ     នៅលើទំព័រសារព័ត៌មាន Camnews តែម្តង។ បញ្ចាក់ ៖ ចាប់តាំងពីសប្តាហ៍ក្រោយទៅ រឿងប្រឡោមលោកមួយនេះ នឹងត្រូវចេញផ្សាយពីរដងក្នុងមួយសបា្តហ៍ ពោលគឺ នៅលើទំព័រសារព័ត៌មាន Camnews ដូច្នេះ ទស្សនិកជនរង់ចាំតាមដានទស្សនាទាំងអស់គ្នាណា ៕

រៀបរៀង ៖ ពិសីអ្នកនិពន្ធ ៖ អ៊ឹម វ៉ាន់ឌីទូរស័ព្ទ ៖ 012​621​305