បន្ទាយមានជ័យ ៖ ស្ត្រីមេម៉ាយ អ្នកលក់ផ្លែឈើនៅជាយដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ម្នាក់ទិញ រទេះពីគេមួយគ្រឿង ដើម្បីដឹកផ្លើឈើលក់ពីរនាក់កូនស្រី យកកម្រៃមកផ្គត់ផ្គង់ជីវភាពគ្រួសារ ក្រោយពីប្តីស្លាប់ចោលជាច្រើនឆ្នាំតែបែរជាទិញចំរបស់ចោរ ពេលដែលគាត់កំពុងតែដឹកផ្លែឈើលក់ ស្រាប់តែត្រូវ ម្ចាស់ដើមគេឃើញក៏បានមកទារវិញនិងបានបង្កឲ្យមានការកកស្ទះ ចរាចរណ៍មួយសន្ទុះធំ លើកំណាត់ ផ្លូវជាតិលេខ៥ មុខវត្តប៉ាលិលេយ្យ ក្នុងភូមិក្បាលស្ពាន សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ស្ត្រីដែលទិញចំរទេះចោរនេះមានឈ្មោះ ឆាយ ណឺយ អាយុ៥៣ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់/ ក្រុងប៉ោយប៉ែត ។ចំណែកជនរងគ្រោះ ម្ចាស់រទេះមានឈ្មោះ សឿម ទិត្យ ភេទប្រុស អាយុ៣៧ឆ្នាំ ជាប្តីនិងឈ្មោះ ស៊ីម ណូក ភេទស្រី អាយុ៣៤ឆ្នាំជាប្រពន្ធ ជនរងគ្រោះទាំង២នាក់នេះ រស់នៅភូមិផ្សារ កណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ឈ្មោះ សឿម ទិត្យ និងឈ្មោះស៊ីម ណូក បានអះអាងថាពួកខ្លួនបានបាត់រទេះ កាលពីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង២ទាបភ្លឺកន្លងទៅ ខណៈដែលផ្ញើនៅក្នុងបរិវេណវត្ត ផ្សារកណ្តាល ក្រោយ ពីដឹងថា ចោរលួច លោកក៏បាននាំគ្នាដើររកដែរ តែមិនឃើញសោះ លុះដល់ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង ៤ល្ងាច ពេលលោកមកធ្វើធ្មេញ នៅហាងមួយមុខវត្តបាលិលេយ្យ ក៏ប្រទះឃើញស្រីខាងលើកំពុងដឹកផ្លែឈើលក់ ទើបមានការឃាត់ទុក ផ្អើលឆោឡោពេញផ្លូវតែម្តង ។
ស្រ្តីឈ្មោះឆាយ ណឺយ វិញបានឲ្យដឹងថា គាត់បានទិញរទេះនេះពីគេនៅម្តុំក្រោយផ្សាររ៉ាថ្មី ក្នុងតម្លៃ ២៥០០បាត ដើម្បីដឹកផ្លែឈើលក់ ទើបតែបាន ៥ថ្ងៃទេ ។ហើយគាត់ក៏មិនដឹងថា រទេះដែលគាត់ទិញមក នេះ ចោរលួចពីគេមកលក់ឲ្យដែរ ។
ជុំវិញករណីនេះ លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែតបានឲ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៣ ពិតជាមានករណីនេះ កើតឡើងមែន ហើយលោកក៏បានបញ្ជាកម្លាំងក្រោម ឱវាទ ចុះទៅអន្តរាគមន៍ដែរ តែដោយម្ចាស់រទេះ សុំមិនប្តឹងផ្តល់ សុំត្រឹមតែរទេះត្រឡប់ទៅវិញនិងបញ្ចប់រឿងជាមួយស្ត្រីអ្នកលក់ផ្លែឈើខាងលើព្រមព្រៀងគ្នា បញ្ហាក៏ត្រូវបានបញ្ចប់ ៕





ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល