ថ្មីៗនេះ រោងចក្រផលិតភេសជ្ជៈ Coca-Cola ដ៏ល្បីឈ្មោះមួយនៅភាគខាងជើងប្រទេសចិន ត្រូវបានផ្អាកដំណើរការរាល់សកម្មភាព បន្ទាប់ពីបណ្ដាញផ្សាយព័ត៌មាននានាបានចេញផ្សាយថា អាជ្ញាធរនៃប្រទេសនេះបានរកឃើញសារធាតុពុល chlorine ក្នុងផលិតផលនេះ។

ស្ថាប័នត្រួតពិនិត្យគុណភាពអាហារ និងភេសជ្ជៈរបស់ខេត្រ Shanxi ប្រទេសចិន បានបើកការត្រួតពិនិត្យបន្ទាប់ពីមានរបាយការណ៍ដែលនិយាយថា រោងចក្រផលិត Coca-cola មួយរបស់ខេត្រនេះបានប្រើប្រាស់ទឹកដែលមានផ្ទុកសារធាតុ chlorine ក្នុងការផលិតភេសជ្ជៈ Coca-cola ។ តាមរយៈការត្រួតពិនិត្យខាងលើ បុគ្គលិករបស់រោងចក្រនេះបានអោយដឹងថា ថង់ទឹកដែលមានជាតិពុលត្រូវបានគេលាយចូលទៅក្នុងដបទឹក និងទឹក Coca-cola ដែលមានតម្លៃ ៧៩៥.០០០ដុល្លារ ដែលក្រោយមកត្រូវបានចែកចាយទៅកាន់សាខាលក់រាយនានានៅប្រទេសចិន។ បណ្ដាដបទឹកដែលមានជាតិពុលទាំងនេះបានឆ្លងផុតពីកន្លែងត្រួតពិនិត្យរបស់រោងចក្រ និងមានវត្តមាននៅក្នុងទីផ្សារ។
ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី ៣០ មេសា អ្នកនាំពាក្យរបស់ Coca-Cola បានអះអាងថា ការផ្អាកសកម្មភាពផលិតនេះ គ្រាន់តែជារឿងបណ្ដោះអាសន្នប៉ុណ្ណោះ ហើយវាក៏មិនមានអ្វីដែលទាក់ទឹននឹងបញ្ហាអនាម័យសុវត្ថិភាពអាហារ ឬកម្រិតសារធាតុ chlorine នោះដែរ។ មូលហេតុដែលពួកគេត្រូវផ្អាកការផលិតគឺដោយសារតែក្រុមមន្ដ្រីត្រួតពិនិត្យរបស់រដ្ឋាភិបាលបានរកឃើញបញ្ហាផ្សេង។
អ្នកនាំពាក្យរបស់រោងចក្ររូបនេះបាននិយាយថា ៖ កម្រិតជាតិ chlorine នៅក្នុងទឹកដើម្បីផលិតCoca-cola របស់ខ្លួននៅតែទាបជាងស្ដង់ដាដែលអង្គការសុខភាពពិភពលោក សហភាពអ៊ឺរ៉ុបអាមេរិកខាងជើង និងចិន កំណត់។ បច្ចុប្បន្ន Coca-cola បានប្រកាសថា ខ្លួនកំពុងសហការណ៍ជាមួយស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាទាំងនេះ។
ក្រៅពីនេះ ក្រុមហ៊ុន Coca-cola ក៏បានអះអាងថា ពួកគេមិនទាន់ទទួលបានប្រតិកម្មណាមួយពីអតិថិជនដែលបង្ហាញថា មានបញ្ហាសុខភាពដោយសារផលិតផលនេះនៅឡើយ។
ចិនគឺជាទីផ្សារសំខាន់មួយរបស់ Coca-cola យោងតាមរបាយការណ៍របស់ក្រុមហ៊ុននេះ នៅឆ្នាំ ២០១១ ប្រទេសចិនបានប្រើប្រាស់ប្រមាណជា ៧% ក្នុងចំណោមផលិតផលសរុបរបស់ Coca-cola នៅទូទាំងពិភពលោក។ ក្រុមហ៊ុននេះក៏មានគម្រោងនឹងវិនិយោគ ៤ពាន់លានដុល្លារបន្ថែមទៀតទៅក្នុងទីផ្សារចិនក្នុងអំឡុងពេល ៣ឆ្នាំខាងមុខ ចាប់ពីដើមឆ្នាំនេះ។ បច្ចុប្បន្ន ក្រុមហ៊ុន Coca-cola មានរោងចក្រផលិតប្រមាណជា ៤០ នៅក្នុងប្រទេសចិន៕
ដោយ ៖ សូរីយ៉ាប្រភព ៖ Zing