ភ្នំពេញ៖ ខណៈ ដែលកេរ្តិ៍ឈ្មោះកាន់តែល្បី រូបសម្រស់ កាន់តែស្រស់ស្អាតជាលំដាប់នោះ មានបុរសជាច្រើន បានលង់ស្នេហ៍ដកចិត្តមិនរួច ចំពោះតារាស្រីវ័យ២៥ ឆ្នាំ កញ្ញា ជិន ស្រីនុត រហូតមានអ្នកខ្លះ ខំព្យាយាមធ្វើគ្រប់ យ៉ាង ដើម្បីផ្គាប់ចិត្ត តម្រូវតាមការចង់បានរបស់នាង។ ជាមួយ គ្នានេះ ក៏មានបុរសខ្លះ មានបំណងចំណាយ លុយដ៏ច្រើន ក្នុងការទិញរយន្តស៊េរីទំនើបឲ្យ ជាការដោះដូរនឹងសេចក្ដីស្នេហាទៀតផង។
ជួបជាមួយគេហទំព័រ Looking TODAY តាមទូរស័ព្ទ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ នេះតារាចម្រៀងសាច់សរលោង កញ្ញា ជិន ស្រីនុត បាន បញ្ចេញភាពក្លាហាន ដោយនាងលួចង្ហើបប្រាប់ឲ្យដឹងថា ពេលនេះមានបុរស សំបូរទ្រព្យម្នាក់ កំពុងតាមស្រលាញ់នាង ដោយសន្យាថា និង ផ្តល់ឲ្យនូវអ្វីគ្រប់យ៉ាង ប្រសិនបើចង់បាន។
ជិន ស្រីនុត បាននិយាយប្រាប់ទាំង អារម្មណ៍សប្បាយចិត្តឥតខ្វល់ទៀតថា ចាស់..បង អ្នកដែលស្រលាញ់ខ្ញុំនោះគាត់ មានបំណងចង់ទិញឡានឲ្យ តែខ្ញុំមិនទាន់ហានឆ្លើយថា យល់ព្រមទទួលយកនោះទេ ព្រោះខ្ញុំ និងគាត់ទើបតែស្គាល់គ្នាថ្មីៗនេះទេ។ ជាមួយគ្នានេះគាត់ ក៏បាននិយាយប្រាប់ថា បើខ្ញុំចង់អ្វីនោះ គាត់នឹងព្រមឲ្យភ្លាម។
តារាចម្រៀងមានស្រុកកំណើតមកពីខេត្តកំពង់ចាម ជាបុប្ផាដុះចេញពីភ្នំប្រុសភ្នំស្រី ស្រីស្រស់ទងវង ជិន ស្រីនុត បានឲ្យដឹងទៀតថា បុរសម្នាក់នេះជាអ្នករស់នៅក្នុងស្រុកខ្មែរ ដែលបច្ចុប្បន្នកំពុងបម្រើការងារនៅក្រសួងមួយ ហើយមានអាយុប្រមាណជាង៤០ឆ្នាំ។ ប៉ុន្តែនាងមិនបានទម្លាយឲ្យដឹងពីកន្លែងធ្វើការរបស់បុរសម្នាក់នេះទេ។
ថ្វីត្បិតតែមានអ្នកចង់ទិញរថយន្តស៊េរីទំនើប យ៉ាងណាក្តី តែកញ្ញា ជិន ស្រីនុត បានប្រាប់ថា នាងមិនទាន់ហ៊ានទទួលយកការដូរ ពីបុរសម្នាក់នេះ នៅឡើយទេ។ ម្យ៉ាងដោយនាងគិតថា ទើបតែស្គាល់គ្នា ដូច្នេះវាស្ថិតក្នុងការគិត និង ពិចារណាជាមុនសិន។
គេនៅចាំបានថា មួយរយៈមុននេះ តារាចម្រៀងរបស់ផលិតកម្ម DiamondMusic កញ្ញា ជិន ស្រីនុត ធ្លាប់រងព្យុះភ្លៀងនូវព័ត៌មាន ជុំវិញទំនាក់ទំនង ស្នេហាជាមួយ និងបុរសអាណិកជនខ្មែររស់នៅប្រ-ទេសអូស្រ្តាលី ។ ក្រោយមកទៀតក៏លេចឮព័ត៌មានមួយទៀតថា ជិន ស្រីនុត មានបុរស កូនអ្នកមានទ្រព្យស្តុកម្នាក់ នៅភ្នំពេញតាមផ្គាប់ចិត្ត។ ប៉ុន្តែព័ត៌មានទាំងនេះត្រូវបាន ស្រីស្រស់រូបនេះចេញមុខមកធ្វើការបដិសេធភ្លាមៗ បន្ទាប់ពីសារព័ត៌មានបានចុះផ្សាយ៕







ផ្តល់សិទ្ធិដោយ៖ ដើមអំពិល