កំពង់ស្ពឺ ៖ សពនារីម្នាក់ មានសភាព ហើមស្អុយ ដែលត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅក្នុងភូមិត្រពាំងល្វា ឃុំត្រពាំងល្វា ស្រុកឧត្ដុង្គ ខេត្ដកំពង់ស្ពឺកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៣កន្លងទៅនោះ ហើយ សមត្ថកិច្ចជំនាញ និង អាជ្ញាធរមូលដ្ឋានមិនស្គាល់អត្ដសញ្ញាណ  រួចសម្រេចកប់ចោល នៅកន្លែងកើតហេតុ នោះ ឥឡូវនេះត្រូវបានសាច់ញាតិរបស់ជនរងគ្រោះ ចេញមុខមកអះអាង ហើយគាស់យកសពទៅរៀបចំ ធ្វើបុណ្យតាមប្រពៃណី ។

បើតាមសមត្ថកិច្ច  សពនារីរងគ្រោះត្រូវ បានសាច់ញាតិប្រាប់ថា ជាបុគ្គលិកបម្រើការងារ នៅក្នុងហាងរស្មីអង្គរ ស្ថិតនៅក្នុងច្បារមន ហើយនារីរូបនេះមានប្ដីឈ្មោះចឹក  អាយុ ២៣ឆ្នាំ និងមានកូនប្រុសអាយុជាង ១ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ។

យោងតាមប្រភពព័ត៌មាន   ពីសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង ៣ និង៥០ នាទីរសៀលថ្ងៃទី១១ ខែ សីហា ឆ្នាំ២០១៣   សាច់ញាតិរបស់នារីរងគ្រោះ  បានចេញមុខមកអះអាង និង ប្រាប់សមត្ថកិច្ចថា សពជន រងគ្រោះគឺជាបងប្អូនរបស់ខ្លួន និងជាប្រពន្ធរបស់ខ្លួន ។

សពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រាប់ថា មានឈ្មោះម៉ៃ ស្រីលក្ខណ៍ អាយុ២២ឆ្នាំ ហើយការស្លាប់ របស់ជនរងគ្រោះ  គឺជាសកម្មភាពប្លន់   ព្រោះតែជនរងគ្រោះបាន  បាត់ម៉ូតូស្កុបពីស៊េរីឆ្នាំ ២០១៣ មួយគ្រឿង កងដៃបា្លទីន ២កង និងចិញ្ចៀនបា្លទីន ២វង់ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចដដែល បាន ឱ្យដឹងថា   កាលពីថ្ងៃទី០៨  ខែសីហា   ឆ្នាំ២០១៣កន្លងទៅមានការភ្ញាក់ផ្អើលមួយនៅពេលដែលប្រជាពលរដ្ឋបានប្រទះឃើញសពនារីរងគ្រោះចម្ងាយ២០០ម៉ែត្រពីភូមិ ត្រពាំងល្វា    ដោយមានសភាពហើមស្អុយ   ព្រោះតែត្រូវបានគេយកទៅបោះចោលនៅទីនោះ ក្រោយពេល សម្លាប់រួច ។

ក្រោយពីមានអំពើឃាតកម្មខាងលើនេះកើតឡើង  កម្លាំងនគរបាលមូលដ្ឋាន និង កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យដើម្បីស្វែងរកអត្ដសញ្ញាណជនរងគ្រោះនិងសាច់ញាតិរបស់គេ ប៉ុន្ដែ មិន ទាន់ឃើញក៏ត្រូវសមត្ថកិច្ចសម្រេចកប់សពនារីរងគ្រោះ នៅកន្លែងកើតហេតុនោះតែម្ដង ។ ក្រោយពីមានការអំពាវនាវរបស់សមត្ថកិច្ចនិងមានការចុះផ្សាយតាមព័ត៌មាន នៃអំពើឃាតកម្មនេះទើបប្ដីរបស់ជនរងគ្រោះ ព្រមទាំងសាច់ញាតិរបស់ខ្លួនបានចេញមុខមកប្រាប់សមត្ថកិច្ច ហើយក៏គាស់សពយកទៅធ្វើបុណ្យ តាមប្រពៃណីតែម្ដង ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល