ភ្នំពេញៈ បុរសម្នាក់ បានលើកដៃសំពះគេឯង ខណៈដែលបើករ៉ឺម៉កកង់បី ចេញពីកន្លែងផឹកស៊ី ក្នុងល្បឿនលឿន ជ្រុលបុកគូទរថយន្តកាមរីហាយប្រ៊ិត ពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យគូទរថយន្តនឹងក្បាលរ៉ឺម៉កកង់បីត្រូវរងការខូចខាត។ គ្រោះថ្នាក់ខាងលើកើតឡើងកាលពីវេលាម៉ោង ២១ នឹង ១០ នាទីយប់ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៣  នៅតាមបណ្តោយ ផ្លូវព្រះមុនីរ៉េត កែងផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

សាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា  មុនពេលកើតហេតុមានរថយន្តកាមរីហាយប្រ៊ិត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T 0396 ធ្វើដំណើរ តាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីត្បូងទៅជើងដោយបានជិះយ៉ាងលឿនខណៈដល់កែងផ្លូវម៉ៅសេទុងរថយន្តបានចាប់ហ្រ្វាំង ឈប់តាមបញ្ជាភ្លើងស្តុប ខណៈ នោះស្រាប់តែមានបុរសម្នាក់ស្រវឹងស្រា បើករ៉ឺម៉កកង់បី មួយគ្រឿង  យ៉ាងលឿន  ក្នុងទិសដៅស្របគ្នាជាមួយនឹង  រថយន្តកាមរីហាយប្រ៊ិត បានជ្រុលបុកគូទ រថយន្តពីក្រោយលាន់ដូចរន្ទះ បណ្តាលឲ្យក្បាលរ៉ឺម៉កកង់បី គាបជាប់ ជាមួយនឹងគូទរថយន្តកាមរីហាយប្រ៊ិត រងការខូចខាត ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន  បានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុនឹងនិយាយសម្របសម្រួលរវាងភាគីទាំង២ ដោយម្ចាស់រថយន្តបានទាមទារសំណង ៣០០ដុល្លារ ពីម្ចាស់រ៉ឺម៉កកង់បី ប៉ុន្តែភាគីរ៉ឺម៉កកង់បី បានសុំសងប្រាក់ចំនួន ១០ដុល្លារ នឹងបានលើកដៃសំពះម្ចាស់រថយន្តកាមរីហាយប្រ៊ិត  តែការសំពះ សុំអង្វរ របស់ភាគីម្ចាស់រ៉ឺម៉កកង់បីខាងលើនេះ សមត្ថកិច្ចក៏សម្រេចអូសយករថយន្តនឹងរ៉ឺម៉កកង់បីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះសា្រយ តាមផ្លូវច្បាប់៕

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល