Hello Axiata និង Smart Mobile នឹងរួមបញ្ចូលគ្នាតែមួយ ក្លាយទៅជាក្រុមហ៊ុនធំជាងគេទី2 ដែលមានសេវាគ្របដណ្តប់កាន់តែធំទូលាយ និងមានអតិថិជន 5លាននាក់។
Axiata Group Berhad (ហៅកាត់ថា Axiata) ជាក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេបង្អស់មួយនៅអាស៊ី បានចេញសេចក្តីប្រកាស នៅថ្ងៃនេះ អំពីការរួមបញ្ចូលគ្នាតែមួយរវាងក្រុមហ៊ុន Hello Axiata Company Limited (ហៅកាត់ថា “Hello”) និង ក្រុមហ៊ុន Latelz Companly Limited (ហៅកាត់ថា “Latelz”)។ ការរួមបញ្ចូលគ្នានេះ នឹងបង្កើតចេញជាក្រុមហ៊ុនទូរគមនាគមន៍ ធំជាងគេបង្អស់ទី2 នៅកម្ពុជា ដែលមានអតិថិជនសរុបចំនួន 5លាននាក់។

លោក សៃម៉ុន ពើរឃីន (Simon Perkins) អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនHello Axiata បានមានប្រសាសន៍ថា នេះគឺជាពេលវេលាដ៏ សមស្រប សំរាប់ការរួមបញ្ចូលគ្នា ក្នុងទីផ្សារ ទូរគមនាគមន៍ នៅកម្ពុជា ៖ “ក្នុងពេលបច្ចុប្បន្ននេះទីផ្សារកម្ពុជាមានក្រុមហ៊ុនទូរគមនាគមន៍ ចំនួន 9 ហើយយើងខ្ញុំមានជំនឿថា តាមរយៈ ការរួមបញ្ចូលគ្នា ចំនួនប្រតិបត្តិករនឹងថយចុះមក ត្រឹម 3 ទៅ 5 ប៉ុណ្ណោះ។ ពេលវេលាគឺពិតសមស្របណាស់ ហើយយើងក្នុងនាមជាក្រុមហ៊ុន Smart Mobile និង Hello ពិតជាមានមោទនភាពក្រៃលែង ក្នុងការធ្វើជាអ្នកនាំមុខគេនៅប្រទេសកម្ពុជា។”
លោក ពើរឃីន បន្តទៀតថា ការរួមបញ្ចូលគ្នានេះ នឹងធ្វើអោយក្រុមហ៊ុនកាន់តែធំ និង មានប្រៀបលើសគេខាងផ្នែកតម្លៃ ព្រមជាមួយនឹងការ កាត់បន្ថយចំណាយណាដែលគ្មានភាពចាំបាច់។ ម្យ៉ាងវិញទៀត ការរួមបញ្ចូលគ្នានេះ មុខជាជួយសំរួលដល់ការពួតផ្តុំកម្លាំងគ្នា និងការចែករំលែកគ្នាទៅវិញទៅមក នូវទំលាប់ការងារដ៏ប្រសើរបំផុត រវាង Hello Axiata និង Smart Mobile។លោក ក៏បានបន្ថែមទៀតផងដែរថា “យើង ជឿជាក់ថា ការរួមបញ្ចូលគ្នា នេះនឹងធ្វើអោយក្រុមហ៊ុនយើងមានមូលដ្ឋានកាន់តែរឹងមាំ និងអនុញ្ញាត្តអោយយើងរីកចំរើនកាន់តែ ខ្លាំងឡើងៗ ថែមទៀត។”
លោក ថូម៉ាស ហ៊ុន (Thomas Hundt) អគ្គនាយកប្រតិបតិ្តរបស់ក្រុមហ៊ុន Latelz មានប្រសាសន៍ថា ក្រុមហ៊ុនរួមនេះនឹង ផ្តល់ជូនទៅអតិថិជនទាំង 5 លាននាក់ ជាមួយនឹងផលិតផល និង សេវាចល័តថ្មីៗដែលនាំមុខគេ ដោយមានតម្លៃសមរម្យ សំរាប់ការប្រើប្រាស់សេវាទូរស័ព្ទចល័តនិយាយរកគ្នា និងការប្រើសេវាអ៊ិនធឺណេតចល័ត។ សំរាប់ការរួមបញ្ចូលគ្នានេះ Smart Mobileនាំមកនូវកិច្ចប្រតិបតិ្តការដ៏មានប្រសិទ្ឋភាព កម្លាំងការងារដ៏មានសមត្ថភាពខ្ពស់ វត្តមានពាណិជ្ជសញ្ញាដ៏ខ្លាំងក្លា ព្រមទាំងមូលដ្ឋានទ្រព្យ និង ហ្រ្វេកង់កាន់តែធំទូលាយទៀតផង ។ ជាមួយគ្នានេះ Hello ក៏មានមូលដ្ឋានអតិថិជនដ៏រឹងមាំ ព្រមទាំង អានុភាព និងទំហំដ៏សំបើមរបស់ Axiata Group ផងដែរ។
លោកហ៊ុន មានមតិបន្ថែមថា “យើងមានក្តីរំភើបរីករាយណាស់ ចំពោះលទ្ឋភាពនានាដែលលេចចេញពីការបញ្ចូលគ្នាតែមួយ ដោយបានពង្រីកសហគមន៏ ក្នុងប្រព័ន្ធ ជូនទៅដល់អតិថិជនរបស់យើងទាំងអស់។ជាមួយគ្នានេះសេវាបំរើអតិថិជន នឹងកាន់តែពង្រឹងថែមទៀត ព្រមជាមួយនឹង ប្រព័ន្ធទូរគមនាគមន៍ចល័តធំជាងគេបំផុតមួយនៅប្រទេសកម្ពុជា ដែលគិតតាមតំបន់សេវាគ្របដណ្តប់ផង និងសមត្ថភាពរបស់ប្រព័ន្ធសេវាផង ។ យើងក៏នឹងមានសាខាលក់ និង ចែកចាយធំទូលាយ ជាងគេបង្អស់ នៅប្រទេសកម្ពុជាផងដែរ។ លោកបានបន្ថែមទៀតថា “យើងខ្ញុំសង្ឃឹមថាការរួមបញ្ចូលគ្នានេះ នឹងចប់ សព្វគ្រប់នៅចុងត្រីមាសទី 1 នៃឆ្នាំ 2013 ក្នុងកំឡុងនេះក្រុមហ៊ុន Hello និង Smart Mobile នឹងនៅតែបន្តប្រតិបត្តិការ រាងៗខ្លួនដូចមុនដដែល មិនមានប៉ះពាល់អ្វីដល់សេវាដែលអតិថិជនរបស់យើងកំពុងរីករាយទទួលបាននៅពេលបច្ចុប្បន្ននេះទេ។
អំពី ក្រុមហ៊ុន Hello Axiata
Hello Axiata Company Limited ជាសាខាមួយរបស់ក្រុមហ៊ុន Axiata Group Berhad (ហៅកាត់ថា Axiata) ដែលជាប្រព័ន្ធទូរគមនាគមន៏ចល័តធំជាងគេបំផុតមួយនៅកម្ពុជា។
ក្រុមហ៊ុន Hello តែងតែឈរនៅជួរមុខគេខាងគំនិតផ្តើមថ្មីៗ នៃឧស្សាហកម្មចល័តនៅកម្ពុជា ចាប់តាំងពីទសវត្ស 90 រៀងមក ដែលធ្វើអោយក្រុមហ៊ុននេះមាន លក្ខណ:បច្ចេកវិជ្ជាឡើងខ្ពស់ស្មើនិងប្រទេសអភិវឌ្ឍន៏នានាក្នុងពិភពលោក។ ក្រុមហ៊ុននេះ ដំណើរការតាមសេវាចល័ត 2G, 2.5G, 3G និង 3.75G អាចគាំទ្រនូវសេវា multimedia និងសេវា Internet ចល័ត ហើយនិងសេវា international roaming ទៅកាន់ប្រទេសចំនួន 147។ ក្រុមហ៊ុនមានសេវាគ្របដណ្តប់យ៉ាងទូលំទូលាយ នៅគ្រប់ទីក្រុងទីប្រជុំជន គ្រប់ខេត្ត និងតាមបណ្តោយ ផ្លូវជាតិសំខាន់ៗ របស់កម្ពុជា។
អំពី ក្រុមហ៊ុន Latelz
ក្រុមហ៊ុន Latelz Co., Ltd. ជាកម្មសិទ្ធ របស់ក្រុមហ៊ុនទូរគមនាគមន៏ អន្តរជាតិមួយ ហៅថា Timeturns Holding Limited ស្ថិតនៅប្រទេសស៊ីប្រឺស ដែលទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មក្នុងវិស័យទូរគមនាគមន៏តាមបណ្តាប្រទេសមួយចំនួននៅទ្វីបអាស៊ី និង អាហ្វ្រិក។ Latelz ទទួលបានអាជ្ញាប័ណ្ណដំណើរការអាជីវកម្ម ផ្នែកទូរគមនាគមន៏ចល័តនៅព្រះរាជាណាចក្រកម្ពុជា។
Latelz ប្រតិបត្តិការប្រព័ន្ធទូរគមនាគមន៍ចល័តដោយប្រើបច្ចេកវិទ្យា GSM/GPRS/EDGE នៅលើហ្រ្វេកង់ស៍ GSM900 និង GSM1800 រួមជាមួយនឹងបចេ្ចកវិទ្យា 3.75G UMTS/HSPA+ ជាមួយពាណិជ្ជសញ្ញា Smart Mobile និងក្បាលលេខទូរស័ព្ទ 010, 069, 070, 086, 096, 093, និង 098។ សេវា2G របស់ Smart Mobile គ្របដណ្តប់ទូទាំងផ្ទៃប្រទេសនៅក្នុង 24 ខេត្តក្រុង ហើយសេវា 3.75G ក៏មាន 24 ខេត្តក្រុង នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ បុគ្គលិក Smart Mobile មានចំនួនជាង 450នាក់ ក្នុងនោះមានទាំងអ្នកជំនាញក្នុងប្រទេស និង ក្រៅប្រទេស៕
ដោយ ៖ សីហា