កាលពីល្ងាចថ្ងៃទី 14/7/2013 នៅលើដងផ្លូវ Highway ឯ Chongqing ប្រទេសចិន បានលេចចេញនូវស្រ្តី មានឬកពារចម្លែកម្នាក់។ បុគ្គលិកគ្រប់គ្រងដងផ្លូវ Highway នៅ Chongqing បានឲ្យដឹងថាក្នុងពេលគាត់កំពុងតែដើរត្រួតពិនិត្យនៅលើផ្លូវ Highway ត្រង់ចំនុច G65 បានឃើញស្រ្តីម្នាក់ពាក់វែនតា ស្លៀកពាក់ស្អាតបាត បានដើរបណ្តើរ និងយកលុយចេញពីកាបូប បាចចោលបណ្តើរ។
ពេលគាត់ដើរទៅជិតសួរស្រ្តីម្នាក់នោះ នាងមិនបានឆ្លើយតបអ្វីទាំងអស់ និងនៅតែបន្តបាចលុយចោលដដែល។ ព្រោះតែបារម្ភ ខ្លាចមានរឿងអ្វីកើតឡើងនៅលើផ្លូវ Highway គាត់បានទូរស័ព្ទហៅបុគ្គលិកម្នាក់ទៀតមកជួយឃាត់នាង ចំណែកគាត់បានដើរប្រមូលលុយ នាងបានបាចចោលបានសរុបជិត 300 Yuan (ប្រហែល 50$) ។
នៅពេលដែលសួរជីករកមូលហេតុម្តងហើយ ម្តងទៀត ស្រ្តីម្នាក់នោះមិនបាននិយាយអ្វីច្រើនទេដោយនិយាយយ៉ាងខ្លីថា មកពីប្តីមានស្រីនៅក្រៅ ធុញថប់អារម្មណ៍ខ្លាំង មកទីនេះដើម្បីបំបាត់ស្រ្តេស។ បុគ្គលិកពីរនាក់នោះ ចង់នាំស្រ្តីនោះចេញពីរផ្លូវ Highway តែនាងមិនព្រមឡើយ ហើយទាមទារ ចង់ដើរតែម្នាក់ឯង។ គ្មានជម្រើសណាផ្សេង បុគ្គលិកម្នាក់ បានដើរកំដរនាង រហូតដល់អស់មួយកំណាត់ផ្លូវ។

តាមដងផ្លូវ បុគ្គលិកគ្រប់គ្រងផ្លូវ បានចែករំលែកអារម្មណ៍ ក៏ដូចជាបទពិសោធន៍ក្នុងជីវិតរស់នៅ ជាច្រើនជាមួយស្រ្តីមានវិបត្តិម្នាក់នោះ។ ទីបញ្ចប់នាងក៏យល់ ហើយនិយាយថា ថ្ងៃក្រោយនាងនឹងគិតឲ្យបានល្អិតល្អន់ជាងនេះ។ មុននឹងត្រលប់ទៅផ្ទះវិញ នាងបានអរគុណ និងសុំទោស បុគ្គលិកពីរនាក់នោះ ដោយសារតែបានរំខានការងាររបស់ពួកគាត់៕
ដោយ៖ សិលាប្រភព៖ afamily