ដើមឡើយគេយោងទៅលើកាយវិការដើម្បីដឹងថា អ្នកណានិយាយកុហក ប៉ុន្ដែពេលនេះ គេបានរកឃើញវិធីថ្មី ដែលដឹងថា អ្នកណាម្នាក់ ពិតជានិយាយកុហក។ក្រុមអ្នកស្រាវជ្រាវកាលមុននេះ បានបញ្ជាក់ឱ្យដឹងអំពីបណ្ដាសញ្ញាដែលប្រាប់អំពីការកុហករបស់មនុស្សដែលអ្នកនិយាយជាមួយ នោះគឺយោងទៅលើកាយវិការ ដូចជា ការកេះច្រមុះ បូតត្រចៀកខ្លាំងៗ បែកញើសដៃ ឬមិនហ៊ានមើលចំភ្នែក។ ក៏ប៉ុន្ដែ ការស្រាវជ្រាវថ្មីៗនេះ របស់ក្រុមអ្នកវិទ្យាសាស្ដ្រនៃសកលវិទ្យាល័យ Amsterdam បានឱ្យដឹងថា អ្នកមិនចាំបាច់ពិនិត្យមើលសកម្មភាព កាយវិការនោះទេ តែអ្នកដែលនិយាយកុហកនឹងបញ្ចេញភាពមិនពិតដោយខ្លួនឯង។
រូប ៖ legalmatch.typepad
តាមការស្រាវជ្រាវ វិធីដែលល្អបំផុតដើម្បីដឹងថា អ្នកណាម្នាក់កំពុងនិយាយកុហក នោះគឺ ចូរសួរត្រង់ៗនូវអ្វីដែលគេនោះបាននិយាយ ដូចជាសួរថា “តើសំដីអំបិញមិញនេះ គឺនិយាយកុហក ឬនិយាយពិត?” ឬថា “អ្នកនិយាយកុហកមែនអត់?”។ល។ ព្រោះថា អ្នកដែលនិយាយនោះ នឹងតែងទទួលស្គាល់ថា ខ្លួននិយាយកុហក ឬមិនកុហក តាមរយៈការឆ្លើយតបនឹងសំនួរបញ្ជាក់របស់អ្នក។ ប្រសិនពួកគេនិយាយកុហក នោះចម្លើយរបស់ពួកគេ គឺបង្កប់នូវភាពស្ទាក់ស្ទើរ។ ក្រុមអ្នកវិទ្យាសាស្ដ្របានធ្វើការពិសោធទៅលើមនុស្សចំនួន ៥២៧នាក់ ដោយស្នើឱ្យពួកគេឆ្លើយនឹងសំនួរ ថាតើបាននិយាយកុហកអ្វីខ្លះ ក្នុងរយៈពេល ២៤ម៉ោងកន្លង។ បន្ទាប់ពីបូកសរុប ក្រុមអ្នកជំនាញការឱ្យដឹងថា ៥% នៃអ្នកស្ម័គ្រចិត្ត បានទទួលស្គាល់ថា អ្វីដែលពួកគេបាននិយាយកន្លង គឺមានការកុហក ៤០% ។អ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Amsterdam បន្ដពិសោធ ដើម្បីពិនិត្យទៅលើកម្រិតនៃការនិយាយកុហករបស់មនុស្សទាំងនេះ។ ពួកគេស្នើឱ្យអ្នកចូលរួមការពិសោធ លេងល្បែងអាប៉ោង ចំនួនប្រាក់ដែលពួកគេទទួលបាននឹងអាស្រ័យទៅលើចំនួនគ្រាប់នៅលើកូនអាប៉ោងដែលពួកគេមាន។ដោយសារគិតថា ក្រុមអ្នកវិទ្យាសាស្ដ្រមិនអាចមើលឃើញចំនួនពិតប្រាកដ ដូច្នេះអ្នកលេងល្បែងទាំងនេះ បានដៃក្នុងការលេងបន្លំ ដោយនិយាយថា ខ្លួនមានចំនួនគ្រាប់អាប៉ោងច្រើន។ បែបនេះ គឺមានមនុស្សជាច្រើន បាននិយាយមិនពិតអំពីអ្វីដែលខ្លួនមាន។
រូប ៖ cristianecardoso
អ្នកស្រាវជ្រាវ Bruno Verschuere នៃសកលវិទ្យាល័យ Amsterdam ថ្លែងថា ៖ “ជាក់ស្ដែងគឺអ្នកដែលបានចូលរួមលេងល្បែង បាននិយាយកុហកច្រើន ក្នុងការពិសោធលេងអាប៉ោង។ ប្រការនេះ បញ្ជាក់ថា ប្រសិនមានឱកាស ពួកគេនឹងនិយាយកុហក។ ប៉ុន្ដែ យើងបានកត់សម្គាល់ឃើញថា ពួកគេមានការស្មោះត្រង់ ដោយបានប្រាប់អំពីការនិយាយកុហករបស់ខ្លួន ប្រសិនត្រូវបានសួរជាថ្មី អំពីភាពប្រាកដប្រជារបស់ពួកគេ”។គួររំឭកថា មុននេះ ក្រុមអ្នកស្រាវជ្រាវក៏បានអះអាងថា ជាមធ្យម ក្នុងមួយថ្ងៃ មនុស្សម្នាក់និយាយកុហកចំនួន ២ដង ហើយការនិយាយកុហកច្រើនបំផុត គឺនៅពេល បន្ទាប់ពីម៉ោង ១២៕
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ប្រយ័ត្ន! មនុស្សស្មោះត្រង់នៅពេលព្រឹក នឹងកុហកនៅពេលល្ងាច
បុរស កុហក ច្រើនជាងស្រ្តី
ប៉ូលខាងត្បូងអាចនឹងមាន ត្បូងពេជ្រទឹកកកដ៏ច្រើន
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ sciencedaily