ថ្ងីៗនេះ Nokia បានប្រកាសចេញលក់ទូរស័ព្ទដៃស៊ីមពីរថ្មីចំនួនពីរម៉ូដែលទៀត គឺ Nokia 110 និង Nokia 112 សម្រាប់ផ្តល់ជូនយុវវ័យដែលនិយមភ្ជាប់ ទំនាក់ទំនងតាមអ៊ិនធឺណិតលឿនដោយចំណាយអស់តិច។

Nokia 110
ទូរស័ព្ទទាំងពីរម៉ូដែលនេះ មានលក្ខណៈល្អក្នុងការប្រាស្រ័យទាក់ទងគ្នាតាមបណ្តាញ Facebook, Twitter ឬបណ្តាញសង្គមផ្សេងៗទៀត ដែលកម្មវិធីទាំងនេះមានដាក់ផ្ទាល់នៅលើអេក្រង់តែម្តង។យោងតាមសេចក្តីប្រកាសរបស់ Nokia បានឲ្យដឹងថ ដោយមានភ្ជាប់មកជាមួយនូវ Nokia Browser វាមិនត្រឹមតែធ្វើឲ្យអ៊ិនធឺណិតដើរលឿននិងរលូនប៉ុណ្ណោះទេ គឺថែមទាំងជួយកាត់បន្ថយទំហំនៃទិន្នន័យរហូតដល់ទៅ ៩០% ទៀត ដែលជាកត្តាធ្វើឲ្យការប្រើប្រាស់អ៊ិនធឺណិត ចំណាយអស់តិច។ ដោយឡែក Nokia 112 មានភ្ជាប់មកជាមួយនូវកម្មវិធីជជែកកម្សាន្ត eBuddy ដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់ក្នុងការជជែកគ្នាតាមរយៈផ្ញើសារជាអក្សរឲ្យគ្នាទៅវិញទៅមកភ្លាមៗបាន ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍។
ដូចទូរស័ព្ទចល័តនានារបស់Nokia ដែរគឺ ម្ចាស់ Nokia 110 និង Nokia 112 អាចជ្រើសរើសកម្មវិធីរាប់ពាន់រាប់ម៉ឺនពី Nokia Store យកមកប្រើប្រាស់។ ដោយមានផ្តល់ជូននូវកាមេរ៉ាកែលំអថ្មី អ្នកប្រើប្រាស់អាចយករូបភាពមកដាក់ជាមួយលេខទូរស័ព្ទរបស់មិត្តភក្តិនិងគ្រួសារ ឬផ្ញើរូបភាពចែកគ្នាមើលតាមបណ្តាញសង្គម ឬ Bluetooth។
លោកស្រី Mary T. McDowell នាយកប្រតិបត្តិរងនៃក្រុមហ៊ុនNokia ទទួលបន្ទុកផ្នែកទូរស័ព្ទដៃ (Mobile Phone) បានគូសបញ្ជាក់ថា ៖ អ្នកប្រើប្រាស់ទូរស័ព្ទដៃនាពេលបច្ចុប្បន្ននេះ ចង់បានអ៊ិនធឺណិតលឿន និងចំណាយតិច ដើម្បីមានភាពងាយស្រួលក្នុងការបញ្ជូនទិន្នន័យជាព័ត៌មាន ឬរូបភាពជាដើម។ Nokia 110 និង Nokia 112ធ្វើឲ្យក្តីបំណងរបស់អតិថិជនក្លាយជាការពិត ដោយដាក់កម្មវិធីបើកអ៊ិនធឺណិត និងបណ្តាញសង្គមបញ្ចូលគ្នា បូកផ្សំនឹងថាមពលថ្មប្រើប្រាស់បានយូរ និងកម្មវិធីកែកម្សាន្តលំដាប់ថ្នាក់ពិភពលោកទៀតផង។

Nokia 112
ទូរស័ព្ទទាំងពីរនេះ មានអេក្រង់ទំហំ 1.8”សមល្មមនឹងលេងហ្គែម។ ក្នុងអំឡុងពេលប៉ុន្មានខែខាងមុខនេះ Nokia 110 និង Nokia 112 នឹងនាំមកជូនអ្នកប្រើប្រាស់នូវហ្គែម EA ចំនួន ៤០ ហ្គែមដោយឥតគិតថ្លៃ ដែលក្នុងនោះមានហ្គែមល្បីៗជាច្រើនដូចជា Tetris®, Bejeweled®, Need for Speed™The Run, Monopoly Here & Now, and SimCity™ Deluxe (បើគិតជាទឹកប្រាក់ ហ្គែមទាំងនោះមានតំលៃប្រហាក់ប្រហែល ១០០ ដុល្លា)។
ទូរស័ព្ទទាំងពីរម៉ូដែលខាងលើអាចដាក់អង្គចងចាំបន្ថែមបានរហូតដល់ ៣២ ហ្គីកាបៃត៍ ដែលអាចដាក់ចម្រៀងបានរហូតដល់ទៅជាង ៦០០០ (ប្រាំមួយពាន់) បទ ឬរូបភាពប្រមាណ ៩០០០០ (កៅសិបពាន់) រូបភាព។ ក្រៅពីមានវិទ្យុ, ទូរស័ព្ទទាំងនេះអាចឲ្យអ្នកប្រើប្រាស់សន្ទនាគ្នាបានរហូតដល់ទៅ ១០ម៉ោងនិងអាចបើកចោលរយៈពេលមួយខែពេញ។
ទូរស័ព្ទ Nokia 110 និង Nokia 112សុទ្ធសឹងជាទូរស័ព្ទស៊ីមពីរ ដែលផ្តល់លទ្ធភាពជូនអ្នកប្រើប្រាស់ក្នុងការប្តូរ ស៊ីមទីពីរដោយពុំចាំចាប់បិទទូរស័ព្ទឬដកថ្មចេញពីទូរស័ព្ទឡើយ។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងចំណាំរាល់ព័ត៌មានទាំងឡាយដែលអ្នកប្រើប្រាស់ការកំណត់លើស៊ីមកាតនីមួយៗរហូតដល់ទៅ ៥ ស៊ីមកាត។
តំលៃលក់រាយមិនទាន់គិតពន្ធរបស់ទូរស័ព្ទNokia 110គឺប្រហាក់ប្រហែល ៤៥ ដុល្លាសហរដ្ឋ ហើយនឹងត្រូវផ្គត់ផ្គង់លើទីផ្សារនៅក្នុងត្រីមាសទីពីរនេះ។ ចំណែកឯទូរស័ព្ទ Nokia 112 មានតំលៃលក់រាយមិនទាន់គិតពន្ធ ប្រមាណ ៤៩ ដុល្លាសហរដ្ឋ ហើយនឹងត្រូវផ្គត់ផ្គង់នៅលើទីផ្សារនៅក្នុងត្រីមាសទីបីឆ្នាំ ២០១២។
ប្រភព៖ Nokia Cambodia