ព្រះសីហនុៈ គ្រោះថ្នាក់ ចរាចរណ៍មួយ បង្កឡើង ដោយរថយន្តដឹកទំនិញ ធុនធំ២គ្រឿងបុកគ្នា បណ្តាល ឲ្យរងរបួសធ្ងន់ អ្នកបើកបរម្នាក់ នៅផ្លូវជាតិលេខ៤ កាលពីវេលាម៉ោង ១៨និង១០នាទីល្ងាច ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៣ ត្រង់ចន្លោះ គីឡូម៉ែត្រលេខ ១៤១និង១៤២ ក្បែរផ្លូវបំបែកស្រែអំបិល ក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
លោកអនុសេនីយ៍ឯក នួន ហុង អធិការរងនគរបាល ស្រុកកំពង់សិលា បានមានប្រសាសន៍ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត២គ្រឿង ម៉ាក ហ៊្វីណូ ពណ៌ស្លារទុំ ពាក់ស្លាកលេខ ភ្នំពេញ 3D-9789ទិសដៅភ្នំពេញ ទៅខេត្តព្រះសីហនុ ជាកម្មសិទ្ធិ របស់ក្រុមហ៊ុន ផាត់ ប៊ុន អ្នកបើកបរឈ្មោះ អាន រិទ្ធី ភេទប្រុស អាយុ ៥០ឆ្នាំ ទីលំនៅផ្ទះលេខ ១៧ ផ្លូវលេខ៣៨៤ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ រងរបួសស្រាល បានបុកជាមួយរថយន្តម៉ាក HYANDAIពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-1689 ដឹកស៊ីម៉ង់ កម្មសិទ្ធិរបស់ក្រុមហ៊ុន គារធី ក្នុងទិសដៅបញ្ច្រសទិសគ្នា បណ្តាលឱ្យអ្នកបើកបររបួសធ្ងន់ត្រូវបានគេបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗបាត់ទៅ ។
តាមការបញ្ជាក់ពីប្រភពដដែលបានឲ្យដឹងថាមូលហេតុនៃគ្រោះថ្នាក់នេះបណ្តាលមកពីរថយន្ត ហ៊្វីណូ ទិសដៅពីភ្នំពេញ មកខេត្តព្រះសីហនុ បានចុះចំណោទហើយផ្លូវកោងផងនោះទើបបួងចង្កូត ទៅស្តាំដៃ របស់ខ្លួនមិនទាន់ ក៏រំលោភចូលផ្លូវម្ខាងទៀត បណ្តាលឱ្យបុកគ្នាតែម្តងទៅ ។ ទោះបីជាយ៉ាងណា ក៏ដោយ គ្រោះថ្នាក់នេះមិន បណ្តាលឱ្យស្ទះផ្លូវនោះឡើយ ដោយសាររថយន្តបង្កធ្លាក់ទៅម្ខាងផ្លូវឯណោះ នេះបើតាមការអះអាង របស់លោកអធិការរង ស្រុកកំពង់សិលា ដដែលនេះ ហើយការដែលស្ទះនេះ គឺបណ្តាលមកពីអ្នកដំណើរពេលមកដល់ចំណុចនេះនាំគ្នាបង្អង់ល្បឿន ដើម្បីមើលហេតុការណ៍នេះ តែប៉ុណ្ណោះ៕
![src=http://image.dap-news.com:81/dap-news/dap-images/2013/September/id-011/Hong-0232.jpg width=500]()


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល