នរណាខ្លះថាស្រុកកូរ៉េខាងជើង មិនទទួលឥទ្ធិពលលោកខាងលិច? កាលពីពេលថ្មីៗនេះគេឃើញនារីទី ១ របស់កូរ៉េខាងជើង ប្រពន្ធរបស់លោកប្រធានាធិបតី Kim Jung Un អ្នកស្រី Ri Sol-ju បានបង្ហាញខ្លួនជាមួយប្ដី និងកាបូបដៃម៉ាក Dior មួយយ៉ាងស្រស់សង្ហាដែលរូបភាពនេះធ្វើអោយលោកខាងលិច ក៏ដូចជាចិន ភ្ញាក់ផ្អើលជាខ្លាំង តើនេះជាសញ្ញាកូរ៉េខាងជើង ចង់រត់ទៅរកជីវិតស៊ីវិល័យឬយ៉ាងណា?
រូបភាពនេះត្រូវបានចេញច្បាប់អោយចេញផ្សាយដោយក្រសួងផ្សព្វផ្សាយកូរ៉េខាងជើងកាលពីដើមសប្ដាហ៍កន្លងមកនេះ ជារូបភាពដែលលោក Kim Jung Un ទៅធ្វើទស្សនៈកិច្ចក៏ដូចជា កិច្ចការតាមដានការងារទ័ព និងទៅមើលការហាត់សមជាមួយនឹងប្រពន្ធរបស់ខ្លួន ណាមួយលោកទទួលកិច្ចការទ័ពនេះដោយខ្លួនឯងផងក្រោយពេលដែលលោក Ri Yong-ho ដៃស្ដាំរបស់ឪពុកលោកត្រូវបានគេដេញចេញពីដំណែង។សារព័ត៌មានកូរ៉េខាងត្បូងដែលមិនដែលថាខកខានដំណឹងអំពីគ្រួសារមេដឹកនាំកូរ៉េខាងជើងសូម្បីតែមួយរឿងនោះបានចេញផ្សាយពីរូបភាពនេះភ្លាមៗក្រោយពេលដែលពួកគេបានរកឃើញនៅលើបណ្ដាញសារព័ត៌មានផ្សេងៗ។ គេវិភាគថាប្រសិនបើវាជាស្បែកសុទ្ធនោះកាបូបដៃតូចមួយនេះណាស់ណាក៏មានតម្លៃជាង ១៦០០ ដុល្លាដែរ ដែលវាច្រើនជាងប្រាក់ខែទូទៅរបស់កម្មាភិបាលកូរ៉េខាងជើងដែលធ្វើការនៅ Gaeseong Industrial Park ដល់ទៅ ១៦ ខែឯណោះ។គេសង្កេតឃើញថានារីម្នាក់នេះមើលទៅតាំងពីបានក្លាយជាប្រពន្ធរបស់ Kim Jung Un មកនោះនាងកាន់តែស្អាតជាងមុនជាមួយនឹងសម្លៀកបំពាក់ថ្លៃៗ របស់របរប្រើប្រាស់ថ្លៃ ចំណែកប្ដីរបស់នាងនៅតែស្លៀកពាក់ខោអាវរបៀប ម៉ៅ សេងទុង ដដែល ហើយមើលទៅនាងហាក់ដូចជាមានឥទ្ធិពលទៅលើប្ដីរបស់នាងណាស់ គ្រួសាររបស់គេនៅតែមានទ្រព្យរស់ស្រួលទោះបីជារាស្រ្តអត់បាយស្លាប់ខ្លះក៏ដោយ៕
ដោយ៖ ម៉ូកាប្រភពពី៖ Chinabuzz