ភ្នំពេញៈ បន្ទាប់ពីលេចឮព័ត៌មានថា តារាសម្តែងដែលកំពុងតែឡើងកូដ ប្រចាំឆ្នាំ២០១៣ កញ្ញា សារាយ សក្ខណា ថ្មីៗនេះកំពុងតែត្រៀម បញ្ចប់អាជីពសិល្បៈ នៅចុងឆ្នាំក្រោយ ពីនាងរៀបការជាមួយគូដណ្តឹង ជាមេធាវីដែលជាអាណិជក ខ្មែររស់នៅអាមេរិក។
ក្នុងមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា តារាសម្តែងស្រីសម្បុរស្រអែមស្រស់ កញ្ញា សារាយ សក្ខណា កំពុងតែឡើងកូដខ្លាំង ក្នុងវិស័យសិល្បៈ មានភាពលេចធ្លោជាង តារាស្រី ស្រករក្រោយ ជាច្រើនទៀត ហើយពេលនេះនាងក៏ទទួល បានជោគជ័យនៅក្នុង ជីវិតស្នេហាថែមទៀតផង។
ថ្មីៗនេះនាងទើប តែសម្រេចចិត្តភ្ជាប់ពាក្យ ជាមួយបុរសមាឌមាំរូបសង្ហារអាណិកជនអាមេរិក ហើយក៏កំពុងតែត្រៀមចូលរោងការ ជាមួយគ្នាចុងខែធ្នូ ខាងមុខនេះថែមទៀតផង។
ជាមួយគ្នានោះដែរតារាសម្តែង ស្រីមួយដួងកំពុងតែទាក់ទាញ ប្រជាប្រិយភាពខ្លាំង ទាំងការសម្តែងនិងជាពិធីការិនី កញ្ញា សារាយ សក្ខណា កន្លងមកម្តាយរបស់នាង ធ្លាប់បានប្រកាស ប្រាប់សារព័ត៌មានថាកូនស្រីរបស់គាត់ អាចនឹងបញ្ចប់អាជីពសិល្បៈ ក្រោយពីរៀបការ ហើយ ដោយអនាគតកូនប្រសាររបស់គាត់ មានគម្រោងយក ភរិយាទៅរស់នៅ ជាមួយលើទឹកដី អាមេរិកជាមួយគ្នា។
តែថ្មីៗនេះតារាស្រីសម្បុរស្រអែមស្រស់រូបនេះ បានប្រកាសជាសាធារណៈថា បើទោះបីជាពេល នេះនាងទទួលបានការគាំទ្រ ពីសំណាក់មហាជនច្រើន ហើយក៏ជាឱកាសនាងរកប្រាក់ បានច្រើនក៏ដោយក៏នាងនៅតែ មានគម្រោងចង់បញ្ចប់ភាពនៅលីវ ដោយរៀបការមានស្វាមី នៅចុងឆ្នាំនេះដដែល ហើយក្រោយពីរៀបការរួចប្រហែលជានាងអាច ផ្អាកការងារសិល្បៈ មួយរយៈពេលធំតែមិនមែនជារៀងរហូតទេ។
សារាយ សក្ខណា បានប្រាប់ Looking TODAY ឲ្យដឹងថា ពេលនេះមិនទាន់ដល់ពេលរៀបការនាងនៅតែបន្តអាជីពសិល្បៈដដែល រហូតជិតដល់ថ្ងៃចូលរោងការទើបនាងផ្អាក។ នាងនិយាយថា “ទោះជាខ្ញុំ រៀបការមានស្វាមីក៏ដោយ តែខ្ញុំនៅតែស្រលាញ់វិស័យសិល្បៈ ហើយប្រសិនបើខ្ញុំរៀបការរួច ទស្សនិកជនពុកម៉ែបងប្អូននៅតែ ស្រលាញ់គាំទ្រ សារាយ សក្ខណា នោះនៅពេល ដែលមានឱកាសខ្ញុំនឹងត្រឡប់មក ចាប់អាជីពនេះវិញ ជាក់ជាមិនខាន”៕




ផ្តល់សិទ្ធិដោយ៖ ដើមអំពិល