ភ្នំពេញៈ អតីតតារាសម្តែងមាឌមាំ រូបស្រស់សង្ហាដែលធ្លាប់ មានឈ្មោះបោះសំឡេង មួយរូបក្នុងប្រទេសកម្ពុជា កាលពីទស្សវត្សទី៨០និង៩០ លោក ខៃ ប្រសិទ្ធ បន្ទាប់ពីចាកចេញពី ប្រទេសកំណើត ទៅរស់នៅ ប្រទេសអូស្ត្រាលី អស់រយៈពេលជាង ១០ឆ្នាំមកហើយនោះ ជារឿយៗនៅពេល ដែលលោកត្រឡប់ម កលេងស្រុកកំណើត ម្តងៗរមែងតែងតែ មានការលាក់កំបាំង មិនចង់ឲ្យគេដឹង ពីដំណើរ របស់លោក មកលេងស្រុក កំណើតនោះទេ។

កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៣នេះ លោក ខៃ ប្រសិទ្ធ បានបង្ហាញវត្តមាន ចូលរួមក្នុងពិធី មង្គលការកូនរបស់ តារាកំប្លែងជើងចាស់ គឺ នាយ ត្រដក់ និងអ្នកនាង ជុំ រស្មី ហៅស្រីទូច តែលោកពុំបានស្ថិត នៅក្នុងកម្មវិធីនោះយូរទេ ដោយសារតែលោកមិន ចង់ឲ្យមានអ្នកដឹងថា លោកមកស្រុកកំណើតនោះ ។ លោកបានជួប និយាយគ្នាលេង តិចតួចជាមួយ អ្នកសិល្បៈមួយចំនួន ក្នុងរយៈពេលខ្លី រួចក៏ចាកចេញទៅបាត់ទៅ ដោយលោកមិន ចង់ជួបសម្ភាសន៍ ជាមួយក្រុមអ្នកសារព័ត៌មាន នោះទេ។

អ្នកនាង ខាត់ សុឃីម ដែលជាតារាចម្រៀង ល្បីឈ្មោះមួយរូប និង ជាអ្នកបានជួបលោក ខៃ ប្រសិទ្ធ ដោយផ្ទាល់បានប្រាប់ LookingTODAY ឲ្យដឹងនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៣នេះថា អ្នកនាងពិតជាបានជួបនិង ថតរូបដោយផ្ទាល់ ជាមួយ លោក ខៃ ប្រសិទ្ធ ដែលជាអតីតស្វាមីរបស់ អ្នកនាង ពិសិដ្ឋ ពិលីកា ពិតមែន។ អ្នកនាងបានទៅច្រៀង កាត់សក់បង្កក់សេរី ក្នុងពិធីមង្គលការ កូនរបស់តារាកំប្លែង នាយ ត្រដក់ ហើយពេលនោះអ្នកនាង ក៏បានជួប លោក ខៃ ប្រសិទ្ធ ក៏បានជួបនិយាយគ្នា លេងសួរសុខទុក្ខតិចតួច។

អ្នកនាង ខាត់ សុឃីមបានប្រាប់ឲ្យដឹងថា បើតាមខ្ញុំដឹង លោក ប្រសិទ្ធ មកដល់ស្រុកខ្មែរ បាន៣ថ្ងៃហើយ ដោយលោកមក លេងស្រុកខ្មែរ ប្រហែល២សប្តាហ៍ ហើយសម្រាប់រឿងផ្សេងខ្ញុំ សូមបដិសេធមិន និយាយនោះទេ ព្រោះថា ខ្ញុំមិនចង់និយាយអ្វីច្រើន ជាងការដែលខ្ញុំដឹងនោះទេ។

ជារឿយៗនៅពេលដែល អតីតតារាភាពយន្តល្បីឈ្មោះ លោក ខៃ ប្រសិទ្ធ មកលេងស្រុកកំណើតម្តងៗ គ្មានទស្សនិកជនណាដឹងទេ ថា លោកមកលេងស្រុកកំណើត ព្រោះលោកតែងតែ ព្យាយាមផ្តាច់ខ្លួន ពីក្រុមអ្នកសារព័ត៌មាន ។ នៅពេលដែលលោក មកលេងស្រុកកំណើត លោកក៏មិនដែលចូលរួម កម្មវិធីសិល្បៈអ្វីផ្សេង និងបង្ហាញខ្លួនជា សាធារណៈនោះទេ ពោលគឺលោកមក ដោយភាពស្ងប់ស្ងាត់ និងទៅវិញក៏ដោយ ភាពស្ងប់ស្ងាត់ដែរ ។

ទោះបីជាយ៉ាងណា មហាជនគ្រប់ស្រទាប់ វណ្ណៈទាំងអស់ ក្នុងប្រទេសកម្ពុជា ដែលតែងតែបាន ទទួលដំណឹងពីការរស់ ក្រៅប្រទេសរបស់ អតីតតារាសម្ដែង ប្រកបដោយទេពកោសល្យ លោក ខៃ ប្រសិទ្ធ នាពេលកន្លងមក ពួកគាត់នៅតែចង់ដឹងពី ដំណើរជិវិតឯកជន របស់លោកជានិច្ច ។ លោក ខៃប្រសិទ្ធ ចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅទាំងបង្ខំ ចិត្ចក្នុងប្រទេស អូស្រ្តាលី ក្នុងអំឡុងចុងឆ្នាំ១៩៩៩ ដោយសារតែបញ្ហា ស្នេហាត្រីកោណ ដ៏ច្របូកច្របល់ គឺខណៈដែលភរិយាជា ទីស្រឡាញ់របស់លោក គឺអ្នកនាង ពិសិដ្ឋ ពិលីកា ត្រូវបានខ្មាន់កាំភ្លើង ចិត្តពាលបាញ់ប្រហារ ឲ្យស្លាប់កណ្ដាលក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ១៩៩៩។

អ្នកនាង ពិសិដ្ឋ ពិលីកា បានដួលទ្រោបទៅលើដី ក្នុងថ្លុកឈាម បន្ទាប់ពីត្រូវគ្រាប់កាំភ្លើង ចំនួន ៣គ្រាប់ បាញ់ទម្លុះរាងកាយ នៅក្បែរផ្សារអូប្ញស្សី នាពេលព្រឹកព្រលឹម។ ការបាត់បង់ជីវិតរបស់អ្នកនាងពិសិដ្ឋ ពិលីកា បានពាំនាំយកទៅ ជាមួយនូវភាពអយុត្តិធម៌ ក្រោមសំណោកសោកស្រណោះ ពីជនរួមជាតិខ្មែរ ទូទាំងប្រទេស និងក្រៅប្រទេស ជាពិសេសអ្នកសិល្បៈរួមជំនាន់ ហើយពិធីបុណ្យខួបរំឭកដួងវិញ្ញាណក្ខន្ធ របស់តារាស្រីរូបនេះ ត្រូវបានធ្វើឡើង ជារៀងរាល់ឆ្នាំ ហើយតែងលេចមុខ ស្វាមីរបស់នាង ក្នុងពិធីនោះរាល់ឆ្នាំ បើទោះបីជាលោក មកក្នុងស្ថានភាពភ័យព្រួយ ពីសុវត្ថិភាពផ្ទាល់ខ្លួនក្ដី។

ទស្សនិកជនដែលធ្លាប់គាំទ្រ ពិសិដ្ឋ ពិលីកា ទាំងក្នុងប្រទេស និងក្រៅប្រទេស នៅតែទទួចរកយុត្តិធម៌ ជូនដល់វិញ្ញាណក្ខន្ធ របស់តារាសម្ដែងពិសិដ្ឋ ពិលីកា ប៉ុន្តែរយៈពេលជិត ១៥ឆ្នាំមកហើយ យុត្តិធម៌សម្រាប់លោក ខៃ ប្រសិទ្ធ និងវិញ្ញាណក្ខន្ធ ពិសិដ្ឋ ពិលីកា នៅតែគ្មានពន្លឺដដែល..៕

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល