កំពង់ឆ្នាំង ៖ រថយន្តក្រុង ក្រុមហ៊ុន អូឡាំពិកអិចស្ព្រេស លីប៉ូស៊ីន ដឹកអ្នកដំណើរ បានធ្លាក់ប្រឡាយ ចិញ្ចើមថ្នល់ តែសំណាងល្អបានដើមឈើទប់មិនឲ្យក្រឡាប់ ដោយសារតែអ្នកបើកបររថយន្តងងុយ កាលវេលាម៉ោង៤និង៣០នាទី ទៀបភ្លឺ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅចំណុច ភូមិថ្នល់ថ្មី ខុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
មន្រ្តីនគរបាល ចរាចរណ៍ ស្រុករលាប្អៀរ បានឲ្យដឹងថា រថយន្តក្រុងបង្កគ្រោះថ្នាក់ចរាចរខាងលើនេះ ពាក់ស្លាកលេខ សៀមរាប 3A-0925 ជា រថយន្តរបស់ក្រុមហ៊ុន អូឡាំពិកអិចស្ព្រេសលីប៉ូស៊ីន បើកបរដឹកអ្នកដំណើរ ចំនួន៣៥នាក់ពី ក្រុងប៉ោយប៉ែត ទៅក្រុងភ្នំពេញ។
សាក្សីដែលជិះ នៅក្នុងរថយន្តក្រុង បានឲ្យដឹងថា មុនពេលកើតហេតុ អ្នកបើកបររថយន្ត បាន ងងុយដេក ហើយបាន ឈប់សំរាករួចម្តងមកហើយ គេក៏បានឡើង បើកបន្តមកមុខទៀត លុះមកដល់ចំណុច កើតហេតុរថយន្តក៏បានរេចង្កូតធ្លាក់ប្រឡាយខាងឆ្វេង ដៃ ធ្វើឲ្យរថយន្តផ្អៀង បុកគល់ឈើ បណ្តាលឲ្យអ្នកដំណើរ នៅលើរថយន្តរងរបួសស្រាលមួយចំនួន ។
ក្រោយពេល កើតហេតុអ្នកបើកបរ រថយន្តមិនបានស្គាល់ អត្តសញ្ញាណទេ ហើយបានចុះរត់គេចខ្លួនបាត់ ។ ចំណែកអ្នកធ្វើដំណើរទាំងអស់ បានបង្ខំចិត្តជួលរថយន្ត តាក់ស៊ីតូចៗជិះ បន្តទៅក្រុងភ្នំពេញ។
សាក្សីបាននិយាយបន្តទៀតថា នៅពេលកើតហេតុរថយន្តនេះ បើកបរក្នុងល្បឿនយឺតៗតែប៉ុណ្ណោះ ទើបមិន បណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ប្រសិនបើគេបើកលឿនវិញនោះ អ្នកបើកបររថយន្តអាចនឹងបុកគល់ឈើស្លាប់ ចំណែកអ្នកធ្វើដំណើរក៏អាចរង របួសធ្ងន់ធ្ងរច្រើននាក់ដែរ។
មន្រ្តីនគរបាលចរាចរណ៍បានបន្តទៀតថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ពុំមានអ្នកដំណើរ ណាម្នាក់ធ្វើការ ប្តឹងផ្តល់ឡើយ រថយន្តខាងលើនេះ ត្រូវបានសមត្ថកិច្ចរក្សា ការពារនៅកន្លែងកើតហេតុនិង រង់ចាំក្រុមហ៊ុនចូលខ្លួនមកដោះស្រាយ ៕

![src=http://image.dap-news.com:81/dap-news/dap-images/2013/October/id-011/Hong-0498.jpg width=500]()
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល