ភ្នំពេញ៖ យុវជនស្រវឹង២នាក់ បងប្អូនបង្កើត ត្រូវនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ចាប់ឃាត់ខ្លួន យកមកកាន់ទីស្នាក់ការប៉ុស្តិ៍ ខណៈដែលជនបង្កទាំង២នាក់នេះ  ជិះម៉ូតូ១គ្រឿង  កាន់កាំបិតដេញកាប់យុវជនម្នាក់កំពុងជិះកង់ម្នាក់ឯងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង២០និង ៣០នាទីយប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។   

លោកនាយប៉ុស្តិ៍ស្ទឹងមានជ័យបានឲ្យដឹងថា ជនបង្កទាំង២នាក់បងឈ្មោះវ៉ាន់ ទូច ភេទប្រុស អាយុ២២ ឆ្នាំ និង ប្អូនឈ្មោះ វ៉ាន់ ចិន ភេទប្រុស  អាយុ២០ឆ្នាំ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ   ចំណែកយុវជនរងគ្រោះ  មានឈ្មោះ ម៉ៅ សុភា ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅជិតចំណុចកើតហេតុ ។  

ប្រភពដដែលបន្តថាមុនពេលកើតហេតុឈ្មោះ ម៉ៅ សុភា កំពុងជិះកង់តែម្នាក់ឯង ចេញពីផ្ទះបំណងមក  លេងផ្ទះម្តាយមីងនៅម្តុំកើតហេតុ  ខណៈកំពុងជិះកង់  មិនដឹងខ្លួនផង ស្រាប់តែលេចមុខ ឈ្មោះ វ៉ាន់ ទូច និង វ៉ាន់ ចិន ជិះម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពាក់ស្លាកលេខ ភ្នំពេញ 1M-1566 ស្ថិតក្នុងសភាពស្រវឹងស្រា ជោកខ្លួន រួមទាំងកាន់កាំបិតប៉័ងតោមួយ មកក្បែរយុវជនរងគ្រោះ ហើយធ្វើសកម្មភាពកាប់ទៅលើ ជនរងគ្រោះ   មួយកាំបិតចំដើមដៃខាងស្តាំរបស់ឈ្មោះ ម៉ៅ សុភា បណ្តាលឲ្យរងរបួសធ្ងន់ធ្ងររួចជនបង្កហេតុបានព្យាយាមជិះម៉ូតូរត់គេចខ្លួន បានចម្ងាយជាង២០០ម៉ែត្រ ពីចំណុចកើតហេតុ ស្រាប់តែរេចង្កូត  ទៅបុកគល់ឈើបណ្តាលឲ្យដួលបោកក្បាលរងរបួសទាំង២នាក់ហើយត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ សហការជាមួយក្រុមប្រជាការពារភូមិ  អន្តរាគមន៍ឃាត់ខ្លួន   ពួកគេយកទៅកាន់ទីស្នាក់ការ នគរបាលប៉ុស្តិ៍ដើម្បីសួរ ពីមូលហេតុ ដែលដេញកាប់គេឯងនេះ ។        

សមត្ថកិច្ចបានបញ្ជាក់ថា  ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានសម្របសម្រួលរវាងភាគីទាំង ២ ដោយតម្រូវ ឲ្យជនបង្កហេតុ ចេញថ្លៃព្យាបាលរបួសទៅឲ្យជនរងគ្រោះ ដើម្បីបញ្ចប់រឿង ព្រោះដោយសារក្នុងហេតុ ការណ៍នោះជនរងគ្រោះមិនដាក់ពាក្យបណ្តឹងទេ គឺគ្រាន់តែទាមទារសំណងតែប៉ុណ្តោះ។ ដូច្នេះចុងបញ្ចប់សមត្ថកិច្ចសម្រេច ឲ្យពួកគេត្រឡប់ទៅវិញរៀងៗខ្លួន។ ហើយហេតុការណ៍នេះបង្កឡើងដោយសារជន សង្ស័យទាំង ២ នាក់ស្រវឹងស្រាបាត់បង់ស្មារតីទាញកាំបិតដេញកាប់មនុស្ស តែម្តងទៅ ។ នេះប៉ះចំជនរង គ្រោះមានតែម្នាក់ឯង ចុះបើជនរងគ្រោះមានគ្នាច្រើន ហើយក្រុមជនរងគ្រោះ វាយបកវិញនោះ ច្បាស់ជា ជនស្រវឹងទាំង ២នាក់បងប្អូននេះ មិនសង្ឃឹមថា មានវាសនាឃើញពន្លឺថ្ងៃទេ៕

width=500

ជនរងគ្រោះ ម៉ៅ សុភា

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល