Volkswagen ទើបតែបានឧទ្ទេសនាមជាផ្លូវការនូវរថយន្ដកំណែពិសេស Beetle Cabriolet Karmann ។ កំណែកពិសេសនេះ នឹងត្រូវបានដាក់លក់ ក្នុងទីផ្សារអាល្លឺម៉ង់ នៅចុងសប្ដាហ៍ក្រោយ។

/

ក្រោយពីបានបញ្ចេញលក់រថយន្ដម៉ូដែល Golf Cabriolet Karmann កាលពីឆ្នាំ ២០១៣ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ដ Volkswagen ក៏បន្ដឧទ្ទេសនាមកំណែបន្ទាប់របស់ Karmann នោះគឺ Beetle Cabriolet Karmann ដែលអភិវឌ្ឍទៅតាមទម្រង់នៃរថយន្ដ Golf Cabriolet ។

/

រថយន្ដប្រណិត Beetle Cabriolet Karmann នេះ ក៏ត្រូវបានគេចាត់ទុកដូចជា កំណែអនុស្សាវរីយ៍ នៃកិច្ចសហការណ៍រវាង Volkswagen និង Karmann ចាប់ពីឆ្នាំ ១៩៤៩ ដល់ឆ្នាំ ១៩៨០។

/

ក្រុមហ៊ុនផលិតរថយន្ដ Karmann បានផលិតរថយន្ដ ច្រើនជាង ៣លានគ្រឿងមកហើយ ក្នុងប្រវត្តិនៃក្រុមហ៊ុន ប៉ុន្ដែ កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុននេះ មិនត្រូវបានគេស្គាល់ច្រើនប៉ុន្មាន ក្រោយមក Karmann ក៏បានល្បីឈ្មោះ  បន្ទាប់ពីបានសហការណ៍ជាមួយ Volkswagen ។

/

Karmann និង Volkswagen បានរួមគ្នាអភិវឌ្ឍ និងផលិតរថយន្ដ បានជាង ១លានគ្រឿង រួមមានបណ្ដាម៉ូដែល ៖ Beetle, Golf, Sirocco ហើយល្បីឈ្មោះជាងគេគឺ ម៉ូដែល Ghita ។

/

ម៉ូដែលពិសេស Beetle Cabriolet Karmann ត្រូវបានបំពាក់ប្រព័ន្ធកង់ ១៨អ៊ិន្ឈ៍ ប្រព័ន្ធដំបូល រថយន្ដដែលត្រូវបានរចនាឡើងដោយប្រើក្រណាត់ Sinox ពណ៌ត្នោត ហើយអាចបត់ទៅក្រោយ។

បណ្ដាមុខងារ និងឧបករណ៍ដែលត្រូវបានបំពាក់នៅរថយន្ដ Beetle Cabriolet Karmann រួមមាន ដូចជា ប្រព័ន្ធគ្រប់គ្រងចូលចត កៅអីពាសស្បែក Alcantara បែបកីឡា ចង្កូតពាសស្បែក ប្រព័ន្ធឈ្នាន់អាលុយមីញ៉ូម និង ឡូហ្គូ Karmann ។ល។

/

រថយន្ដ Beetle Cabriolet Karmann ប្រើប្រាស់ម៉ាស៊ីន 1.2 TSI កម្លាំង ១០៥សេះ។ ទន្ទឹមនឹងនេះ Volkswagen ក៏មានផ្ដល់ជាជម្រើសមួយចំនួន ដូចជា ម៉ាស៊ីនម៉ាស៊ូត TDI ឬប្រអប់លេខអូតូ DSG ។Beetle Cabriolet Karmann នឹង​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ ២៥.២៥០ អឺរ៉ូ (ប្រហែល ៣៤៣០០ ដុល្លារអាមេរិក)៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ topspeed