ពិតជាមានការភ្ញាក់ផ្អើល នៅពេលលទ្ធផលនៃការពិសោធមួយដែលបង្ហាញថា ការដើរផ្សារ ការគេងគ្រប់គ្រាន់ ការចិញ្ចឹមសត្វជាមិត្ត ការលេងល្បែងល្បងប្រាជ្ញា  ជាដើម នឹងជាវិធីល្អ ជួយដុតកំទេចថាមពលក្នុងរាងកាយបានយ៉ាងច្រើន និងជួយឱ្យរាងរបស់អ្នក បានស្រឡូន និងទាក់ទាញ។ខាងក្រោមនេះ គឺជាវិធីសាស្ដ្រមួយចំនួន ដើម្បីជួយធ្វើឱ្យរាងរបស់អ្នក ស្រស់ស្អាត ដោយសារមិនឡើងទម្ងន់។

ចិញ្ចឹមសត្វជាមិត្ត

/មានមនុស្សតិចណាស់ដែលជឿលើប្រការនេះ  ប៉ុន្ដែនេះគឺជាការពិត  ដែលត្រូវបានបញ្ជាក់ពដោយក្រុមអ្នកវិទ្យាសាស្ដ្រ ។  ការចិញ្ចឹមសត្វជាមិត្ត អាចជួយឱ្យសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកបានល្អប្រសើរ  ដោយសារតែវាជួយកាត់បន្ថយភាពតានតឹង នៅពេលអ្នកមានបញ្ហា តាមរយៈនេះ អ្នកនឹងឆ្លងកាត់ការលំបាកបានដោយងាយ មិនចាំបាច់ពឹងលើការញ៉ាំអាហារដើម្បីបំបាត់ភាពតប់ប្រមល់។ ការចិញ្ចឹមសត្វ ដូចជាសុនខជាដើម វាក៏ជួយឱ្យអ្នកមានឱកាសចេញដើរខាងក្រៅបានច្រើនផងដែរ។

ការដើរផ្សារ និងសកម្មភាពប្រចាំថ្ងៃ

/ ប្រសិនអ្នកគិតថា មានតែការហាត់ប្រាណដោយប្រើកម្លាំងខ្លាំងនៅក្នុងក្លឹបហាត់ប្រាណ ទើបអាចដុតថាមពលក្នុងរាងកាយ នោះគឺជារឿងមិនត្រឹមត្រូវទាំងស្រុងនោះទេ។ សកម្មភាពប្រចាំថ្ងៃ ដូចជាការដើរផ្សារ ការប្រើប្រាស់ជណ្ដើរថ្មើរជើង  ការធ្វើកិច្ចការផ្ទះនៅពេលយប់  ដូចជាការសម្អាតផ្ទះជាដើម អាចជួយថែរាងរបស់អ្នក ឱ្យបានស្រឡូន។ សកម្មភាពទាំងនេះ ត្រូវបានគេអះអាងថា មានប្រសិទ្ធិភាពជាងការហាត់ប្រាណទៅទៀត។

លេងល្បែងប្រើប្រាជ្ញា ឬអាន​សៀវភៅ

/វិធីមួយទៀត ដែលអាចជួយរក្សារាងឱ្យស្រឡូនបានល្អ នោះគឺការប្រើប្រាស់ខួរក្បាល។ ចូរលេង​ល្បែងដែលមានលក្ខណៈជម្រុញដល់ការគិត ដូចជាការប្រដេញពាក្យ លេងអុក ឬអានសៀវភៅ។ ល្បែងទាំងនេះក៏នឹងជួយឱ្យខួរក្បាលចងចាំបានល្អ និងមិនមានហនិភ័យខ្ពស់ក្នុងការកើតជម្ងឺភ្លេចភ្លាំង។ ប្រើប្រាស់ខួរក្បាលបែបនេះ ក៏ជួយដល់រាងកាយរបស់អ្នក ក្នុងការរក្សារាង និងស្មារតី។

ដាំស្លដោយខ្លួនឯង

/ ការចម្អិនអាហារដោយខ្លួនឯង តែងតែល្អជាងការហូបអាហារស្រាប់ នៅភោជនិយដ្ឋាន។ ក្រោយពី​បានបំពេញការងារហត់នឿយពេញមួយថ្ងៃ អ្នកប្រហែលជាខ្ជិលធ្វើអាហារដោយខ្លួនឯង ប្រការ​នេះនឹងនាំឱ្យអ្នកក្លាយជាមនុស្សលើសទម្ងន់ដោយសារអាហារឆ្អិនស្រាប់ដែលអ្នកបញ្ជាទិញនៅខាងក្រៅមិនខាន។ ប្រសិនចង់សម្រកទម្ងន់ និងរក្សាសុខភាពបេះដូង យកល្អអ្នកគួរបញ្ចេញកម្លាំងធ្វើអាហារដោយខ្លួនឯង។

ហាត់ប្រាណតិចៗនៅពេលកំពុងមើលទូរទស្សន៍

/រាល់កម្មវិធីទូរទស្សន៍ ប្រាកដជាមានការឃោសនាពាណិជ្ជកម្ម ដូច្នេះនៅពេលដល់ម៉ោងផ្សាយពាណិជ្ជកម្ម អ្នកគួរធ្វើកាយវិការខ្លះៗ ដូចជា ការងើបឡើង ដើរទៅបន្ទប់ទឹក ដើរទៅមកមុខទូរទស្សន៍។ល។ ការធ្វើបែបនេះ អាចជួយដុតកំទេចជាតិខ្លាញ់បានយ៉ាងច្រើនក្នុងរាងកាយ។

គេងគ្រប់គ្រាន់

/នៅ​ក្នុងការពិសោធមួយកាលពីពេលថ្មីៗកន្លង​ទៅនេះ របស់ក្រុមអ្នកវិទ្យាសាស្ដ្រនៃសកលវិទ្យាល័យ California លោក Berkeley បានរកឃើញថា ការខ្វះដំណេក ក៏នាំឱ្យលើសទម្ងន់។ ដូច្នេះ ក្រុមអ្នកវិទ្យាសាស្ដ្រ បានផ្ដល់ដំបូន្មានថា ប្រសិនមិនចង់ធាត់ហួសកម្រិត គួរតែគេងឱ្យបានគ្រប់គ្រាន់។ ការគេងគ្រប់គ្រាន់ ជួយជម្រុញឱ្យខួរក្បាលដំណើរការល្អ ហើយអាចធ្វើការជ្រើសរើសអាហារល្អសម្រាប់សុខភាព តាមរយៈអាហារនេះ វានឹងជួយមិនឱ្យរាងកាយរបស់អ្នកឡើងទម្ងន់៕

ដោយ ៖ តារាប្រភព ៖ Ladyzone