ប្រទេសអ៊ីស្រាអែល បាននិយាយថា ខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាសលើគោលដៅក្រុមសកម្មប្រយុទ្ធ ក្នុងទីក្រុងកាហ្សា  ដើម្បីសងសឹកចំពោះការបង្ហោះប៉េតប៉ោងភ្លើងបង្កអគ្គិភ័យ ដែលត្រូវបានបង្ហោះពីតំបន់ត្រួតត្រានោះ ។

/

ការផ្ទុះអាវុធ ត្រូវបានលាន់លឺរំពង នៅក្នុងក្រុងកាហ្សា នៅវេលាព្រហាមថ្ងៃពុធនេះ ។  ប៉េតប៉ោងជាច្រើន ត្រូវបានបង្ហោះចូល ប្រទេសអ៊ីស្រាអែល វេលាព្រឹកថ្ងៃអង្គារ ដោយបណ្ដាលឱ្យមានភ្លើងឆាបឆេះ នេះបើយោងតាមសេវាពន្លត់អគ្គីភ័យអ៊ីស្រាអែល ។  នេះគឺជាការកញ្ជ្រោលឡើងនូវកំហឹងលើកបំបូង ក្រោយពីការប្រយុទ្ធគ្នារវាងភាគីទាំងពីរត្រូវបានបញ្ចប់ ដោយបទឈប់បាញ់ កាលពីថ្ងៃទី ២១​ ខែឧសភា ។

វាកើតឡើង បន្ទាប់ពីព្យុហយាត្រាមួយ ធ្វើឡើងដោយក្រុមជាតិនិយជ្វីហ្វ នៅក្នុងតំបន់ត្រួតត្រាយេរូសាឡិមខាងកើត កាលពីថ្ងៃអង្គារ ដែលបង្កើតជាការគម្រាមកំហែងពីក្រុមជាតិនិយម Hamas ជាអង្គការសកម្មប្រយុទ្ធ ដែលគ្រប់គ្រងតំបន់កាហ្សា ។

 នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា  យន្ដហោះចម្បាំងរបស់ខ្លួន បានវាយប្រហារលើតំបន់យោធា ដែលគ្រប់គ្រងដោយក្រុមជាតិនិយម Hamas នៅក្នុងទីក្រុង Younis និងកាហ្សា ។ របាយការណ៍នេះ បានឱ្យដឹងទៀតថា “អំពើភេរវកម្ម បានកើតឡើង នៅក្នុងតំបន់ទាំងនេះ និងថា កងកម្លាំង IDF បានត្រៀមខ្លួនរួចជាស្រេចសម្រាប់តទល់គ្រប់ព្រឹត្ដិការណ៍ទាំងអស់រួមទាំង ការបន្តវាយប្រយុទ្ធ ចំពោះអំពើភេរវកម្មបន្ដមិនដាច់ពី កាហ្សាស្រ្ទីបផងដែរ”។

 ភ្លាមៗនេះ មិនទាន់មានដំណឹងច្បាស់លាស់នៅឡើយទេថា តើ ការវាយប្រហារតាមផ្លូវអាកាស បានបង្ករបួសស្នាម ឬក៏អត់ ។ អ្នកនាំពាក្យក្រុមជាតិនិយម Hamas បាននិយាយ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នៅលើបណ្ដាញ Twitter ថា  ពលរដ្ឋប៉ាលីស្ទីន នឹងបន្ដការតស៊ូរដ៏ក្លាហានរបស់ខ្លួន និងការពារសិទ្ធិ និងតំបន់ពិសិដ្ឋរបស់ពួកគេ ក្នុងតំបន់ត្រួតត្រាយេរូសាឡិម ។

សេវាពន្លត់អគ្គិភ័យអ៊ីស្រាអែល បាននិយាយថា ប៉េតប៉ោងបង្កអគ្គភ័យ ដែលបានបង្ហោះនាវេលាព្រឹក ពីទីក្រុងកាហ្សា បានបង្កឱ្យមានអគ្គិសភ័យយ៉ាងតិច ២០ កន្លែង នៅទីវាលក្នុងសហគមន៍អ៊ីស្រាអែលភាគខាងត្បូង ។ នេះ គឺជាអំពើហិង្សាតបតគ្នាទៅវិញទៅមកលើកដំបូង ចាប់តាំងពីរដ្ឋាភិបាលចម្រុះអ៊ីស្រាអែល ឡើងកាន់អំណាចកាលពីថ្ងៃអាទិត្យ ៕

 

 

 /

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC