ប្លែកៗ ៖ ប៉ុស្ដិ៍ National Geographic បានចាក់ផ្សាយនូវទំនោរនិយមរបស់មនុស្សមួយក្រុមនៅប្រទេសជប៉ុន នោះគឺការចាក់បញ្ចូលសារធាតុសាលីន ទៅក្នុងស្បែកក្រោមថ្ងាស ដើម្បីអោយវាឡើងប៉ោង រួចយកម្រាមដៃសង្កត់ចំ កណ្ដាលកន្លែងប៉ោង ដើម្បីអោយវាខូងបន្តិច មើលទៅដូចជាថ្ងាសព្រែករបស់មនុស្សមកពីភពផ្សេង។

ទោះបីជាយ៉ាងណា ការទ្រាំឈឺសាច់នឹងម្ជុលស៊ីរ៉ូម រយៈពេល ២ ម៉ោង ដើម្បីអោយបានថ្ងាសប៉ោងចម្លែកនេះ អាចមានប្រសិទ្ធភាពតែពី ១៦ ទៅ ២៤ ម៉ោងប៉ុណ្ណោះ។ ក្រោយពីនោះទៅសារធាតុសាលីន និងជ្រាបចូលទៅក្នុងរាងកាយ ហើយ ថ្ងាសនឹងស្រកហើម វិលមករកសភាពដើមវិញជាមិនខាន។
ក្នុងរូបភាពនេះ មនុស្ស ៣ នាក់ឈ្មោះ ចន ម៉ារីន និង ស្កូភាន កំពុងតែបន្តោកស៊ីរ៉ូមសារធាតុសាលីន ចូលក្នុងថ្ងាស នៅក្នុងហាងកែច្នៃរាងកាយមួយនៅទីក្រុងតូក្យូ ។ អ្នកដែលកែច្នៃ ថ្ងាសរបស់ពួកគេ ឈ្មោះ អាសាមី បាននិយាយថា ដំណើរការនេះចាំបាច់ត្រូវតែប្រុងប្រយ័ត្នទើបចៀសផុតគ្រោះថ្នាក់។

ថ្វីត្បិតតែងប់ងុលនឹងមុខមាត់ដ៏ចម្លែកក៏ពិតមែន ប៉ុន្តែជនទាំង ៣ រូបខាងលើបានសារភាពថា នៅពេលចាក់ម្ជុលចូលក្នុងថ្ងាសពិតជាមានការឈឺចាប់។ ពួកគេត្រូវទ្រាំរហូតដល់ស៊ីរ៉ូមជាតិសាលីនចំណុះ៤០០មិល្លីលីត្រនោះ ហូរចូលក្នុងថ្ងាសអស់ ទើបអាចដកម្ជុលចេញបាន ។ ពេលនោះ អាសាមី ក៏បានប្រើមេដៃសង្កត់ចំកណា្ដលថ្ងាសដែលប៉ោង ដើម្បីឲ្យវាខូងព្រែកជាពីរ។
សិល្បៈកែច្នៃដ៏ចម្លែកនេះមាន ប្រភពមកពីទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា ។ ក្រៅពីចាក់បំប៉ោងត្រង់ថ្ងាស អ្នកខ្លះក៏និយមយកសារធាតុសាលីននេះ ទៅចាក់បំប៉ោងត្រង់ពងស្វាស បុរសខ្លួនផងដែរ៕
ដោយ ៖ ពិសីប្រភព ៖ PostKhmer