បុរសម្នាក់ដែលជិះនៅលើរទេះសម្រាប់អ្នកពិការ បានបំផ្ទុះគ្រាប់បែកតូចមួយ នៅព្រលានយន្ដហោះអន្ដរជាតិ ប៉េងកាំង ប្រទេសចិន។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ១៨និង២៤នាទី ថ្ងៃទី ២០ (ម៉ោងក្នុងស្រុក) ក្នុងស្ថានិយលេខ៣ របស់ព្រលានយន្ដហោះនេះ។

Ji Zhongxing ត្រៀមបំផ្ទុះគ្រាប់បែក
ជនល្មើសដែលបានបំផ្ទុះគ្រាប់បែកនេះ ត្រូវបានគេស្គាល់ថា មានឈ្មោះ Ji Zhongxing អាយុ ៣៤ឆ្នាំ មកពីខេត្រ Shandong ភាគកណ្ដាលប្រទេសចិន។ បុរសដៃដល់នេះ ត្រូវរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ករណីបំផ្ទុះគ្រាប់បែកនេះ មិនបណ្ដាលឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ លើកលែងតែបុរសដែលជាអ្នកបំផ្ទុះគ្រាប់បែក ប៉ុន្ដែវាបានធ្វើឱ្យមានផ្សែងពេញទាំងស្ថានិយលេខ៣ នាំឱ្យអ្នកដែលមានវត្តមាននៅទីនោះ មានការភ័យស្លន់ស្លោ នាំគ្នារត់គេចចេញពីកន្លែងកើតហេតុ។ទំព័រ blog របស់ Ji Zhongxing បានសរសេរថា ការបំផ្ទុះនេះ គឺដើម្បីប្រឆាំងទៅនឹងការប្រព្រឹត្ដមិនល្អរបស់ក្រុមនគរបាល មកលើរូបលោក។ ទំព័រ blog ក៏បានឱ្យដឹងថា រាងកាយផ្នែកខាងក្រោមរបស់ Ji Zhongxing ត្រូវពិការទាំងស្រុង ក្រោយពីគាត់ត្រូវបាននគរបាលវាយដំយ៉ាងចាស់ដៃ នៅភាគខាងត្បូងនៃប្រទេសចិនកាលពីឆ្នាំ ២០០៥។
ប្រភពបានបញ្ជាក់ថា បន្ទាប់ពីរឿងក្ដីកាលពីឆ្នាំ ២០០៥ របស់គាត់ ត្រូវបានឡើងតុលាការ Ji Zhongxing ដែលធ្លាប់កាន់កាប់សេវាកម្មតាក់ស៊ីដោយមិនមានច្បាប់អនុញ្ញាត ក៏មិនពេញចិត្តនឹងការកាត់ទោសរបស់ចៅក្រមតុលាការ ចំពោះពាក្យបណ្ដឹងរបស់គាត់។ មូលហេតុនេះ បាននាំឱ្យ Ji Zhongxing យល់ថា ខ្លួនរងភាពអយុត្តិធម៌ និងបានសម្រេចចិត្តបញ្ចេញកំហឹងដោយការបំផ្ទុះគ្រាប់បែក។ទំព័រ Xinhua ចុះផ្សាយថា Ji Zhongxing បានបំផ្ទុះឧបករណ៍ផ្ទុះមួយ (កញ្ចប់រំសេវ) បន្ទាប់ពីខ្លួនត្រូវគេហាមមិនឱ្យចែកខិត្ដប័ណ្ណ។

សមត្ថកិច្ចបានឱ្យដឹងថា ករណីបំផ្ទុះឧបករណ៍ផ្ទុះនេះ មិនបានបង្ករឱ្យមានការពន្យាពេលជើងយន្ដហោះណាមួយនោះទេ។
ដោយ ៖ តារាប្រភព ៖ BBC / Xinhua