ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះរាប់ឆ្នាំ ពេជ្រ សោភា ដែលកំពុងតែ ងើបឡើងវិញ នូវប្រជាប្រិយភាព បន្ទាប់ពីស្ងប់ស្ងាត់ អស់ជាច្រើនឆ្នាំខែមកនេះ ។ មកដល់ជិតពាក់ កណ្ដាលឆ្នាំ២០១៣ តារាចម្រៀង ពេជ្រ សោភា រក្សាបានតំណែង ក្នុងលំដាប់កំពូលដដែល តែអ្វីដែលសំខាន់ តារាចម្រៀងស្រី រូបនេះ នៅតែជួបរឿងមិនសូវល្អ ក្នុងជីវិត ដូចជា ត្រូវម៉ូតូគៀរ មុនការប្រគំតន្រ្តីធំរបស់ ហង្សមាស និងត្រូវបានគេរិះគន់លើរូបភាព ត្រូវបានគេថតពេលនាងរាំ ដែលនាងគ្មានចេតនាសោះ ក៏បង្កើតជាបញ្ហាឲ្យ នាងឈឺក្បាលបានដែរ ។
កាលពីម្សិលមិញនេះ មានបុរសម្នាក់បានជេរ ពេជ្រ សោភា សុទ្ធតែ មីនរក ហើយចោទស្រីស្អាត ពេជ្រ សោភា ថា បង្កើតកូនមកហើយ ឲ្យកូនហៅមីង ដែលនាងគ្រាន់តែបង្ហោះរូបភាព ក្មួយស្រីសំណប់ចិត្ត នាងតែប៉ុណ្ណោះ ។ នាងមិនបានតបតទៅវិញទេ តែឪពុករបស់ក្មេងស្រី ដែលត្រូវជាបងថ្លៃ របស់តារាចម្រៀង ពេជ្រ សោភា បានឆេះដុំ ហើយមានគំរោងប្រុង ដាក់ពាក្យបណ្ដឹងទៀតផង ព្រោះក្មេងស្រីស្អាត គួរអោយស្រលាញ់នោះ ជាកូនបង្កើតរបស់គាត់ មិនមែនកូនរបស់ ពេជ្រ សោភា នោះទេ ។
ប្រភពមួយផ្សេងទៀត ដែលជិតដិតនឹងបងថ្លៃ ពេជ្រ សោភា បានរៀបរាប់ថា បងថ្លៃរបស់តារាចម្រៀងរូបនេះ បានខឹងខ្លាំងមែនទែន ហើយថែមទាំងបានរកអ្នកប្រឹក្សា ដែលជំនាញផ្នែកច្បាប់ មកទៀតផង ព្រោះការជេរប្រមាថនេះ អាចចាត់ចូលក្នុងបទបរិហារកេរ្តិ៍ឈ្មោះបាន។ តែក្រោយមក ក៏បានការសម្របសម្រួល ទើបសម្រេចលុបចោល គម្រោងប្ដឹងនោះទៅវិញ ដោយសារបុរស ដែលជាអ្នកជេរនោះ បានសុំទោសដល់ គ្រួសារកុមារី ដ៏គួរឲ្យស្រលាញ់នោះ។
តារាចម្រៀងស្រីកំពុង មានប្រជាប្រិយភាព ពេជ្រ សោភា បានរៀរាប់ប្រាប់ LookingTODAY ថា តាមពិតទៅរឿង ដែលគេចោទនាង ថា មានកូនមានចៅហ្នឹង មិនមែនលើកទី១ទេ តែនាងមិនចង់សន្សំរឿង ព្រោះមានតែខ្លួនឯងទេ ដែលដឹងច្បាស់ពីខ្លួនឯង ។ នេះជារឿងរបស់បងថ្លៃនាង តែអ្វីគ្រប់យ៉ាងបាន បញ្ចប់អស់ហើយ ដោយសារអ្នកជេរនោះ ព្រមទទួលកំហុស ។ នាងចង់ប្រាប់ថា រាល់ថ្ងៃសុំតែសុខទេ អ្នកណាធ្វើអី..ធ្វើទៅ កុំប៉ះពាល់នាង ទុកឲ្យនាងចិញ្ចឹមឪពុកម្ដាយ រស់បានស្រួលផង ៕




ផ្តល់សិទ្ធិដោយ៖ ដើមអំពិល