នៅតាមសារព័ត៌មាននានា គេតែងឮដំណឹងគ្រោះថ្នាក់ឆេះផ្ទះ ឬគ្រោះថ្នាក់ដល់អាយុជីវិត និងរបួសធ្ងន់ធ្ងរ ដោយសារការផ្ទុះហ្គាស។ មូលហេតុនៃគ្រោះថ្នាក់នេះ ភាគច្រើន កើតឡើងដោយសារការធ្វេសប្រហែស និងមិនមានការយល់ដឹងអំពីការប្រើប្រាស់ហ្គាស។ ខាងក្រោមនេះ គឺជាប្រការមួយចំនួន ដែលត្រូវដឹង ដើម្បីបង្ការគ្រោះថ្នាក់ដោយសារហ្គាស។

ការប្រើធុងហ្គាសចាស់ៗ ក៏ជាមូលហេតុមួយ នាំឱ្យមានគ្រោះថ្នាក់ផ្ទុះឆេះ (រូប ៖ Daily Mail)
១/ ចំពោះគ្រួសារដែលប្រើប្រាស់ហ្គាសសម្រាប់ចំអិនអាហារ គឺគួរតែមានផ្ទះបាយដាច់ដោយឡែកពីបន្ទប់ផ្សេងៗ និងត្រូវបិទបាំងដោយវត្ថុធាតុដែលមិនអាចឆាបឆេះ។ ផ្ទះបាយ ឬបន្ទប់ចំអិនអាហារ ត្រូវមានទ្វាចេញចូល និងបង្អួចឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យខ្យល់ចេញចូលបានល្អ ចៀសវាងជាតិហ្គាសប្រមូលផ្ដុំក្នុងបន្ទប់ នៅពេលមានការលេចធ្លាយ។២/ កន្លែងដាក់ធុងហ្គាស ត្រូវតែដាក់ឱ្យឆ្ងាយពីចង្ក្រាន និងត្រូវបិទបាំងដោយវត្ថុធាតុមិនអាចឆេះបាន។ ធុងហ្គាស ត្រូវដាក់នៅលើឥដ្ឋរាបស្មើ និងត្រូវការពារ មិនឱ្យរបូតទូយោនាំហ្គាស។ ចង្ក្រាន និមួយៗ គួរតែដាក់ធុងហ្គាសតែមួយធុងគត់ ដែលមានទម្ងន់ ១២ ឬ ១៣គីឡូក្រាម ហើយក៏មិនត្រូវដាក់ធុងហ្គាស (ទោះមាន ឬគ្មានហ្គាស) នៅក្បែរចង្ក្រាន ក្នុងផ្ទះបាយ ព្រោះវាអាចធ្លាយហ្គាស បណ្ដាលឱ្យផ្ទុះ នៅពេលអ្នកដាំស្ល។៣/ ជារៀងរាល់ថ្ងៃ អ្នកត្រូវតែពិនិត្យឱ្យបានត្រឹមត្រូវ ដើម្បីរកមើល ក្រែងទូយោ ធ្លាយហ្គាស។ នៅពេលសង្ស័យថា មានក្លិនហ្គាស ភ្លាមនោះត្រូវបិទហ្គាសជាបន្ទាន់ ហើយត្រួតពិនិត្យ ដោយយកទឹកសាប៊ូ លាបទៅលើកន្លែងដែលសង្ស័យថា ធ្លាយហ្គាស ដើម្បីកំណត់ឱ្យបានច្បាស់ថា វាធ្លាយហ្គាស ឬអត់។ ៤/ ពេលពិនិត្យធុងហ្គាស អ្នកមិនត្រូវប្រើពន្លឺពីអណ្ដាតភ្លើង ឬភ្លើងអាគីសនីដែលមានកម្លាំងខ្លាំងនោះដែរ ព្រោះវាមានកំដៅ អាចបង្កឱ្យផ្ទុះឆេះ។ ៥/ បច្ចុប្បន្ន នៅលើពិភពលោក គេនិយមប្រើវិធីបច្ចេកទេសថ្មីមួយ នោះគឺបំពាក់ប្រព័ន្ធប្រកាសអាសន្ន នៅពេលមានករណីលេចធ្លាយហ្គាស កើតឡើង។ ក្រៅពីនេះ នៅក្នុងផ្ទះរបស់អ្នក ក៏គួរតែមានបំពង់ពន្លត់អាគ្គីសភ័យមួយ ឬច្រើនជាងមួយ ដើម្បីបង្ការគ្រោះថ្នាក់ផ្ទុះហ្គាស ឆាបឆេះ ដោយយថាហេតុ៕
អត្ថបទសំខាន់ៗ ៖
ជិះម៉ូតូពេលភ្លៀង ត្រូវប្រុងប្រយ័ត្ន អ្វីខ្លះ ដើម្បីបញ្ចៀសគ្រោះថ្នាក់?
៥ប្រការដែល Facebook អាចជះផលអាក្រក់ ដល់ស្នេហារបស់អ្នក
ក្នុងរថយន្ដ កន្លែងណា មានសុវត្ថិភាពបំផុត?
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ LS