លោកអ្នកទាំងក្មេងទាំងចាស់ប្រហែលជាធ្លាប់បានស្គាល់លោក ទេព រិនដារ៉ូ ហើយមើលទៅ។ លោកគឺជាតារាជើងចាស់ មួយរូបដែលចូលប្រឡូកក្នុងវិស័យសិល្បះតាំងពីជំនាន់ឆ្នាំ ៨០ ជាមកម្ល៉េះ។ ថ្ងៃនេះយើងខ្ញុំសូមណែនាំប្រវត្តិសង្ខេបត្រួសៗ មកជូនលោកអ្នក មិត្តអ្នកអាន។/លោក ទេព រិនដារ៉ូ គឺជាអ្នកស្រុកបាត់ដំបង ដែលលោកបានកើតនៅភូមិសំរោង ស្រុកសង្កែ ខែត្របាត់ដំបង លោកកើតនាឆ្នាំ ១៩៦៣ ឪពុករបស់លោកជាអតីតគ្រូបង្រៀនដែលត្រូវបានស្លាប់ក្នុងរបបខ្មែរក្រហម ម្ដាយរបស់លោកជាពេឆ្មប លោកជាកូនច្បងក្នុងក្រុមគ្រួសារដែលមានបងប្អូន ៣ នាក់។/កាលពីក្មេងលោកបានចូលរៀននៅអនុវិទ្យាល័យ វត្តនរា រហូតមកដល់សម័យខ្មែរក្រហម លោកមានប្អូនស្រី ២ រូបដែលក្នុងនោះមានម្នាក់បានស្លាប់ហើយបានបន្សល់ទុកនូវក្មួយៗ អោយលោកជួយមើលថែរក្សាក្នុងនាមជាកូនប្រុសច្បងក្នុងក្រុមគ្រួសារ ហើយមានតែរូបលោកទេដែលរកប្រាក់ចិញ្ចឹមបន្ទុកគ្រួសារហើយនេះហើយជាហេតុផលដែលលោក មិនព្រមរៀបការ។/ក្នុងសម័យរដ្ឋកម្ពុជា លោកបានជាប់អាហារូបករណ៍ ទៅសិក្សាវិស្វកម្មសំណង់យន្តហោះ និងបើកយន្តហោះនៅប្រទេសរូស្ស៊ី រយៈពេល ៣ ឆ្នាំដែលោកបានវិលមកវិញក្នុងឆ្នាំ ៨៤ ហើយបានចូលបំរើការក្នុងកងទ័ពអាកាសខ្មែរ ជាពីឡុតបើកបរយន្តហោះ MIG-21។ ក្នុងឆ្នាំ ១៩៨៧ លោកបានរៀបការជាមួយនារីម្នាក់ដែលជាការរៀបការរៀបចំដោយឪពុកម្ដាយ តែដោយសារតែគ្មានមនោសញ្ចេតនាអ្នកទាំង ២ក៏បានលះលែងគ្នាក្នុងឆ្នាំ ៨៨ ដោយបានកូនស្រីម្នាក់ជាចំណងអាពាហ៍ពិពាហ៍ជាង ១ ឆ្នាំ។/ក្រោយមកអតីតភរិយានិងកូនស្រីក៏បានចេញទៅនៅក្រៅប្រទេស។ ក្នុងឆ្នាំ ១៩៨៩ លោកត្រូវបានគេទាក់ទងអោយដើរតួខ្សែភាពយន្តរឿង ទឹកភ្នែកសម្ងាត់ក្នុងរាត្រីពណ៌ស្វាយ ដែលជាខ្សែភាពយន្តទី ១ របស់លោក។ បន្តបន្ទាប់មកលោកបានថតនូវខ្សែភាពយន្តផ្សេងៗទៀតដូចជា បុប្ផាភ្នំពេញ ក្រោយមកលោកបានចាប់ដៃគូជាមួយអ្នកនាង អម្ពរ ទេវី ក្នុងរឿង អាថ៍កំបាំងកិច្ចសន្យា ដែលបណ្ដាលអោយដៃគូទាំង ២ នេះក្លាយជាដៃគូសម្ដែងដ៏ល្បីឈ្មោះ ជាង ១០ ឆ្នាំ។ហើយលោកក៏បានសម្ដែងក្នុងខ្សែភាពយន្តជាច្រើនទៀតផងដែរ តែក្នុងនោះខ្សែភាពយន្តដែលល្បីឈ្មោះឥតដាច់នៅគឺរឿង ឆ្អឹងអណ្ដែត។ ក្រោយពេលដែលអ្នកនាង អម្ពរ ទេវី បានរៀបការ ហើយក៏បានចាកចេញទៅសហរដ្ឋអាមេរិក មកនោះលោក ទេព រិនដារ៉ូ នៅតែមានប្រជាប្រិយភាព ហើយលោកក៏នៅតែបន្តក្នុងការសម្ដែងខ្សែភាពយន្តជាច្រើន មានទាំងខ្សែភាពយន្តភាគ និងខ្សែភាពយន្តខ្នាតធំ។គេសង្កេតឃើញថានៅកម្ពុជាគេច្រើនអោយតម្លៃទៅលើតារាជើងចាស់ខណៈដែលពួកគេបានចេញមុខតាមរយៈផ្ទាំងសំពត់ស និងកញ្ចក់ទូរទស្សន៍រាប់មិនអស់ក្ដី ក៏តារាជើងចាស់នៅតែមានប្រជាប្រិយភាព ចំណែកឯលោក ទេព រិនដារ៉ូ វិញបានប្រឡូកក្នុងវិស័យសិល្បះមកជាង ២០ ឆ្នាំមកហើយ ក៏មិនដែលគិតថាត្រឡប់ទៅកាន់ទ័ពអាកាសវិញនោះទេ៕

ដោយ៖ ម៉ូកា