ភ្នំពេញៈ ថ្មីៗនេះមានព័ត៌មានលេចឮថា ពិធីការិនីមានឈ្មោះ បោះសំឡេងគួរសម នៅក្នុងវិស័យសិល្បៈ កញ្ញា នេត សុចរិយា ពេលនេះ កំពុងតែឡើងកូដ នៅក្នុងពិភពសិល្បៈខ្លាំង រហូតធ្វើឲ្យខាងផលិតកម្មមួយចំនួន លាន់ម៉ាត់ថា ពេលនាង បានល្បី ពិបាកទាក់ទង ហៅថតរឿងម្តងៗ ។ ពេលខ្លះទាក់ទងបាន នាងបែរជាបដិសេធមិនទទួល ខុសប្លែកពីពេលមុនៗ ដែលនាងធ្លាប់តែសប្បាយរីករាយ នៅពេលដែលមានគេទាក់ទងនាងឲ្យថតម្តងៗ។
បើតាមប្រភពពីខាងផលិតកម្មមួយចំនួន បានលើកឡើងថា កញ្ញា នេត សុចរិយា គឺជាតារាដែលល្បីខាងវាយឫកខ្ពស់ នៅពេល ដែលមានឈ្មោះបោះសំឡេង នៅលើកញ្ចក់ទូរទស្សន៍តិចតួច ធ្វើជាតម្កើងឫកទាមទារតម្លៃខ្ពស់ ពិបាកក្នុងការទាក់ទងទាំងដែលកន្លងមកនាងធ្លាប់តែ បញ្ចេញអាកប្បកិរិយា សប្បាយរីករាយ ពេលមានគេទាក់ទង ឲ្យថតម្តងៗ តែពេលនេះគឺអត់ទេ មានតែបដិសេធមិនទទួល និងមិនខ្វល់ពីអ្នកទាក់ទងនោះដូចមុនទេ។
ជាមួយគ្នានោះដែរ កញ្ញា នេត សុចរិយា បានចេញមុខច្រានចោលភ្លាមៗ បន្ទាប់ពីបានឮព័ត៌មានបែបនេះ ប្រាប់ Looking TODAY ថា នាងមិនបានបញ្ចេញចរិត វាយឫកខុសប្លែកពីពេលមុនទេ។ ពីមុននាងមានចរិកយ៉ាងណា ពេលនេះក៏នៅតែ ប៉ុណ្ណឹង នាងទទួលស្គាល់ថា កន្លងមកធ្លាប់មានខាងផលិតកម្ម មួយចំនួនទាក់ទងឲ្យនាងថតមែន តែជារឿយៗ នាងតែងតែសុំទោស មិនបានទទួលការងារទាំងអស់នោះទេ ដោយសារតែនាងរវល់ពេក មិនអាចដកឃ្លាបាន។
តារារូបស្រស់ កញ្ញា សុចរិយា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ពេលនេះ ខ្ញុំមានការមមាញឹកណាស់បង... ព្រោះថាខ្ញុំត្រូវកាន់កម្មវិធី ៣ទៅ៤ឲ្យខាងស្ថានីយទូរទស្សន៍ អប្សរា ដូច្នេះការងារសម្តែងរឿង និងខារ៉ាអូខេ គឺខ្ញុំផ្អាកមិនទទួលទេ។ ដូច្នេះពេលដែលមានគេទាក់ទង មកខ្ញុំទទួលស្គាល់ថា ខ្ញុំតែងតែសុំទោសគាត់ ដោយលើកហេតុផលថា រវល់មិនមានពេល គ្រប់គ្រាន់ ទើបធ្វើឲ្យពួកគាតយល់ច្រឡំ បែបនេះតែម្តងទៅ...។
ក្នុងនោះ ពិធីការិនីស្រីស្រស់រាងខ្ពស់ស្រឡះ ដែលកន្លងមកធ្លាប់ជំពប់នឹងរឿងអាស្រូវស្នេហា នេត សុចរិយា បានប្រាប់ឲ្យដឹងថា នាងសង្ឃឹមថា ក្រោយពីនាងបកស្រាយ និងធ្វើឲ្យទស្សនិកជន ក៏ដូចជាខាងផលិតកម្មយល់ ។ តាមពិតទៅ នាងមិនចង់បោះបង់ការងារទេ គឺដោយសារតែនាងគ្មានពេលគ្រប់គ្រាន់ ហើយខ្លាចទទួលការងារទៅគ្មានពេលគ្រប់គ្រាន់ផ្តល់ឲ្យក្រុមការងារ។ ជាធម្មតាអ្នកសិល្បៈទាំងអស់ពិតជា សប្បាយរីករាយណាស់ នៅពេលមានការងារធ្វើកាន់តែច្រើន ហើយការវាយឫកខ្ពស់ គឺមិនមែនជារឿងល្អទេ សម្រាប់រូបនាងជាតារាល្បីនោះ៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល