ប្រធានាធិបតិរុស្ស៊ី លោក Vladimir Putin កាលពីម្សិលមិញបានតែងតាំងលោក Dmitry Medvedevអោយឡើងកាន់តំណែងជានាយករដ្ឋមន្ដ្រី បន្ទាប់ពីពិធីសច្ចាប្រណិធានចូលកាន់តំណែងប្រធានាធិបតិនៅឯវិមាន Kremlin ។

/

ប្រធានាធិបតិរុស្ស៊ី លោក Vladimir Putin កាលពីម្សិលមិញបានតែងតាំងលោក Dmitry Medvedevអោយឡើងកាន់តំណែងជានាយករដ្ឋមន្ដ្រី សម្រាប់អណត្តិថ្មី។

AFP បានរាយការណ៍ថា ប្រធានសភាជាន់ទាបរបស់រុស្ស៊ី លោក Sergei Naryshkin បានអោយដឹងថា បន្ទាប់ពីពិធីធ្វើសច្ចាប្រណិធានចូលកាន់តំណែងភ្លាម លោកប្រធានាធិបតិ Putin​ បានស្នើទៅកាន់សភាក្នុងការអនុមតិលើការតែងតាំងលោក Medvedev អោយធ្វើជានាយករដ្ឋមន្ដ្រីរុស្ស៊ី។

លោក Putin​ ត្រូវបានគេជឿថានឹងឧទ្ទេសនាមដោយផ្ទាល់នូវបេក្ខភាពរបស់លោក Medvedev នៅពេលសភាជាន់ទាបរុស្ស៊ីមានការប្រជុំសំខាន់ដំបូង ក្នុងនោះក៏រួមបញ្ចូលទាំងការបោះឆ្នោតជាផ្លូវការនៅក្នុងថ្ងៃនេះ។ សភាជាន់ទាបរបស់រុស្ស៊ីក៏ហាក់ដូចបានប្រាកដប្រជាថានឹងអនុមតិយល់ព្រមលើការតែងតាំងខាងលើ។

អតីតប្រធានាធិបតិរុស្ស៊ី លោក Medvedev បច្ចុប្បន្ន ទទួលបានការគាំទ្រពីសមាជិកសភាជាន់ទាបចំនួនប្រហែលជា ២៩០កៅអី ក្នុងចំណោម ៤៥០កៅអី ខណៈដែលគាត់ត្រូវការត្រឹមតែ ២២៦កៅអីប៉ុណ្ណោះដើម្បីក្លាយជានាយករដ្ឋមន្រ្ដី។

អ្វីដែលគួរអោយចាប់អារម្មណ៍ នោះគឺការផ្លាស់ប្ដូរតំណែងទៅវិញទៅមក។ ក្នុងរយៈពេល ៤ ឆ្នាំកន្លង លោក Medvedev បានធ្វើជាប្រធានាធិបតិរុស្ស៊ី ខណៈដែលលោក Vladimir Putin ឡើងធ្វើជានាយករដ្ឋមន្ដ្រី ហើយពេលនេះ លោក Medvedev នឹងធ្វើជានាយករដ្ឋមន្ដ្រី ចំណែកលោក Putin ធ្វើជាប្រធានាធិបតិវិញម្ដង។

គួររំឭកថា លោក Putin​ បានទទួលជោគជ័យក្នុងការបោះឆ្នោតកាលពីថ្ងៃទី ៤ ខែមិនា ជាមួយនឹងសម្លេងឆ្នោតជិត ៦៤%។ នេះគឺជាការឡើងកាន់តំណែងប្រធានាធិបតិលើកទី ៣ របស់លោក បន្ទាប់ពីការកាន់អំណាចពីរអណត្តិជាប់ៗគ្នាចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០០៨។ រដ្ឋធម្មនុញ្ញថ្មីរបស់រុស្ស៊ីបានកំណត់ថា អណត្តិប្រធានាធិបតិគឺមានរយៈពេល ៦ឆ្នាំ ដូច្នេះ លោក Putin ​អាចនឹងធ្វើជាម្ចាស់វិមាន Kremlin រហូតដល់វ័យ ៧២ឆ្នាំ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ VE