ស្ថាប័នគយរបស់កូរ៉េខាងត្បូងកាលពីថ្ងៃទី ៧ឧសភា បានអោយដឹងថា ពួកគេបានរកឃើញឱសថរាប់ពាន់គ្រាប់មានផ្ទុកម្សៅសាច់ទារកដែលត្រូវបានអតិថិជនពីប្រទេសចិននាំចូលមកប្រទេសនេះ។ឱសថនេះត្រូវបានគេហៅថា ជាថ្នាំព្យាបាលជម្ងឺ ១០០មុខ។
ស្ថាប័នគយរបស់កូរ៉េខាងត្បូងបានរឹបអូសថ្នាំម្សៅទារកចំនួន ១៧.០០០គ្រាប់ចាប់តាំងពីខែសីហា ឆ្នាំទៅ។
គេបានដឹងថា គ្រាប់ថ្នាំទាំងនេះត្រូវបាននាំចេញពីប្រទេសចិន ជាកន្លែងដែលបុគ្គលិកពេទ្យមួយចំនួនបានលាក់ទុកទារកដែលបានស្លាប់ដើម្បីផ្ដល់អោយក្រុមហ៊ុនឱសថនៅពេលមានករណីរំលូនកូនកើតឡើង។
ទារកដែលត្រូវបានគេរំលូតទាំងនោះក្រោយមកនឹងត្រូវបានយកទៅរក្សាទុកក្នុងទូទឹកកក្នុងគ្រួសារដែលទាក់ទឹននឹងបណ្ដាញជួញដូរនេះ មុនពេលត្រូវបានយកទៅមណ្ឌលសុខាភិបាលដើម្បីដុតក្នុងទូកំដៅ Microwave។ បន្ទាប់មក គេកិនទារកស្ងួតនោះជាម្សៅ រួចដាក់ចូលជាមួយគ្រាប់ថ្នាំ និងថ្នាំឬសឈើដើម្បីលាក់បាំងធាតុផ្សំពិតរបស់វា ក្នុងបំណងបង្វែងដានអ្នកត្រួតពិនិត្យឱសថ និងមន្ដ្រីគយ។
រដ្ឋាភិបាលចិនក៏បានដឹងពីបញ្ហានេះ និងបានរកវិធីទប់ស្កាត់ ប៉ុន្ដែឱសថប្រភេទនេះរាប់រយកញ្ចប់នៅតែត្រូវបាននាំចូលទៅកាន់ប្រទេសកូរ៉េខាងត្បូង។
ស្ថាប័នគយរបស់កូរ៉េខាងត្បូង បានអោយដឹងថា ពួកគេបានបង្កើនការស្វែងរកកញ្ចប់ថ្នាំគួរអោយសង្ស័យដែលត្រូវបាននាំចូលពីប្រទេសចិន។ យោងតាមមន្ដ្រីគយ ចាប់តាំងពីខែសីហាឆ្នាំ ២០១១ពួកគេបានរកឃើញការជួញដូរថ្នាំម្សៅសាច់ទារកចំនួន ៣៥ករណី ដោយមានថ្នាំ ១៧.០០០គ្រាប់ដែលមានផ្ទុកម្សៅសាច់ទារកត្រូវបានរកឃើញ។
ការពិនិត្យបានអោយដឹងថា ក្នុងឱសថប្រភេទនេះមួយគ្រាប់គឺមានផ្ទុកសាច់មនុស្ស ៩៩,៧%។
ទំព័រ San FranciscoTimes បានរាយការណ៍ថា ការពិនិត្យទៅលើគ្រាប់ថ្នាំទាំងនេះបានបង្ហាញថា ក្នុងមួយគ្រាប់ៗ គឺមានផ្ទុកសាច់មនុស្សដល់ទៅ ៩៩,៧%។ ការពិសោធនោះក៏បានអោយដឹងអំពីភេទរបស់ទារកដែលត្រូវបានគេប្រើប្រាស់ធ្វើជាថ្នាំនេះផងដែរ។
តម្រូវការនៃការប្រើប្រាស់ថ្នាំនេះបានកើនឡើង ដោយសារតែមនុស្សយល់ថា វានឹងជួយអោយមានកម្លាំង។ ប៉ុន្ដែតាមការពិតគ្រាប់ថ្នាំសាច់មនុស្សនេះមានផ្ទុកមេរោគ និងសារធាតុដែលបង្កផលប៉ះពាល់ផ្សេងទៀតដល់សុខភាព។
អ្នកជូញដូរថ្នាំប្រភេទនេះជាច្រើននាក់ត្រូវបានចាប់ខ្លួន ប៉ុន្ដែពួកគេបានអះអាងថា ពួកគេមិនបានដឹងពីធាតុផ្សំ និងដំណាក់កាលនៃការផលិតរបស់ថ្នាំនេះនោះទេ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ Daily mail, KBS