កាលពីម្សិលមិញ តុលាការរុស្ស៊ីបានសម្រេចផ្ដន្ទាទោសអោយជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំចំពោះវិស្វករម្នាក់របស់ប្រទេសនេះ ក្រោមបទលួចលក់ព័ត៌មានសម្ងាត់ស្ដីពីកាំជ្រួចរបស់រុស្ស៊ី ទៅអោយបរទេស។

width=480

ការបាញ់សាកល្បងកាំជ្រួច Bulava​ របស់រុស្ស៊ី

ទំព័រ RIA Novosti  បានរាយការណ៍ថា តុលាការក្នុងតំបន់ Sverdlovsk បានសម្រេចដាក់ទោសវិស្វករAlexander Gniteyev ​ពីបទក្បត់ជាតិ ដោយត្រូវជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ។ ក្រៅពីនេះ Alexander Gniteyev ក៏ត្រូវបានពិន័យជាប្រាក់ប្រមាណជា ៣២.៥០០ដុល្លារ និងមិនអនុញ្ញាតអោយដើរឆ្ងាយបន្ទាប់ពីចេញពីពន្ធនាគារ។ ប៉ុន្ដែបច្ចុប្បន្ន ការដាក់ទោសចំពោះវិស្វកររូបនេះ មិនទាន់ត្រូវបានគេអនុវត្តនៅឡើយ ហើយ Alexander Gniteyev នៅតែអាចប្ដឹងឧទ្ធរណ៍បាន។

គួររំឭកថា Alexander Gniteyev ​គឺជាវិស្វករនៅរោងចក្រផលិតអាវុធ Avtomatika ត្រូវបានចោទពីបទទទួលប្រាក់ ៥០.០០០ដុល្លារក្នុងការលក់ទិន្នន័យស្ដីពីប្រព័ន្ធនាំផ្លូវ និងគ្រប់គ្រងរបស់ Bulava ដែលជាកាំជ្រួចផ្លោងសម្រាប់បាញ់ចេញពីនាវាមុជទឹកទំនើបបំផុតរបស់រុស្ស៊ី។

កាំជ្រួចអន្ដរទ្វីបនេះត្រូវបានមន្ទីរបច្ចេកវិទ្យា Moscow អភិវឌ្ឍតាំងពីឆ្នាំ ១៩៩៨ ដើម្បីជំនួសអោយកាំជ្រួចដែលមានតាំងពីជំនាន់សូវៀត។ កាំជ្រួច Bulava ​អាចបំពាក់ក្បាលគ្រាប់ចំនួន ១០ ដោយឡែកពីគ្នា (MIRV)និងអាចបាញ់បានចម្ងាយ ៨.០០០គម។

ដោយ ៖ សូរីយ៉ាប្រភព ៖ VE