ទីក្រុង Harbin ប្រទេសចិនត្រូវបានគេដឹងថាជាទីក្រុងទី ៧ ហើយដែលទទួលរងគ្រោះពីការបាក់ផ្លូវនឹងស្ពានអាកាស ដែលគេជឿជាក់ថាបណ្ដាលមកពីការសាងសង់ក្រោមដី។ មនុស្ស ២ នាក់បានបាត់បង់ជីវិតខណៈដែលមាន ២ នាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍បាក់ស្ពានអាកាសមួយកាលពីពេលប៉ុន្មានខែមុននេះ ហើយជាមួយគ្នានេះផងដែរមិនមែនត្រឹមតែ Harbin នោះទេដែលរងគ្រោះពីបញ្ហាបាក់ស្ពាន និងផ្លូវ សូម្បីតែ Biejing, Dalian និងទីក្រុង Changsha គឺសុទ្ធសឹងតែត្រូវបានរងគ្រោះពីហេតុការណ៍បែបនេះដូចៗគ្នា។/លោក Song Xianfang អ្នកសិក្សាវិទ្យាសាស្រ្តផែនដី មកពី Chineses Academy of Sciencesបានប្រាប់អោយដឹងថា បញ្ហាបាក់ផ្លូវ បាក់ស្ពានទាំងនេះ វាបណ្ដាលមកពីការធ្វេសប្រហែលរបស់មនុស្ស មិនមែនមកពីធម្មជាតិនោះទេ ព្រោះករណីនៅស្រុកចិននេះគេសង្កេតឃើញមានការធ្វេសប្រហែលច្រើនចំណុចណាស់ មិនត្រឹមតែមានបញ្ហាធំៗនោះទេគេសង្កេតឃើញមានករណីតូចៗជាង ៣០ ជាងឯណោះ។/សំណង់បំពង់ក្រោមដីរបស់ចិនដែលសរុបត្រឹមដំណាច់ឆ្នាំ ២០១០ ត្រូវបានគេបង្ហាញអោយដឹងថាមានប្រវែង ១.៣៥ លានគីឡូម៉ែត្រដែលឆ្លងកាត់ទីក្រុងធំៗរបស់ប្រទេសហើយបំពង់ក្រោមដីទាំងនោះគឺសំខាន់ណាស់សម្រាប់ការបញ្ជូនប្រេង ទឹក និងឧស្ម័ន បានឆាប់រហ័ស ហើយមិនត្រូវការចំណាយច្រើនដូចជាការដឹកជញ្ជូនតាមផ្លូវ ហេតុនេះហើយទើបបណ្ដាលអោយរដ្ឋាភិបាលត្រូវសាងសង់វាបន្ថែម។/បំពង់ខាងលើនេះគេមិនបានទាំងបូកបញ្ចូលនូវបំពង់ខ្សែភ្លើង និងទំនាក់ទំនងប្រមាណជាង ៤ លានគីឡូម៉ែត្រផង។ មូលហេតុនៃការបណ្ដាលអោយមានការបាក់ស្រុតផ្លូវ និងស្ពាននេះវាបណ្ដាលមកពីការជីកខួង និងចាក់បំពេញដី ដើម្បីសាងសង់រូងក្រោមដីថ្មីៗរបស់រដ្ឋាភិបាលចិន ហើយមិនត្រឹមតែជីកថ្មីនោះទេ គេថែមទាំងជីកខួងអោយចំបំពង់ចាស់ហើយផ្សាបំពង់ដែលមានស្រាប់អោយវាជាប់ជាមួយបំពង់ថ្មីទៀតផងដើម្បីសម្រេចបានជាសំណង់បំពង់ក្រោមដីមួយដ៏ធំ។/សរុបមកទីក្រុងភាគច្រើននៃប្រទេសចិនកំពុងតែមានសញ្ញាក្នុងការរងគ្រោះព្រោះបាក់ស្រុតផ្លូវព្រោះតែការសាងសង់អស់ទាំងនេះ ខណៈដែលទីក្រុងជាង ៦៦០ នៃប្រទេសនេះសុទ្ធសឹងតែមានប្រព័ន្ធបណ្ដាញបំពង់ក្រោមដីនេះទាំងអស់ហើយគេថែមទាំងសាងសង់បន្ថែមទៀតផង ព្រោះមានតែវិធីនេះទេដែលអាចបញ្ជូនទឹក ឧស្ម័ន និងប្រេងបានទាន់តម្រូវការ៕

ដោយ៖ ម៉ូកាប្រភពពី៖ wantchinatimes