បន្ទាយមានជ័យ ៖ ស្ត្រីវ័យហុកសិបប្លាយម្នាក់ បានរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ទាំងយប់   បន្ទាប់ពីរងរបួសដោយក្រុមក្មេងស្ទាវបើករថយន្ត ប្រដេញគ្នា ហើយវេចង្កូតទៅបុកផ្ទះរបស់គាត់ បណ្តាលឲ្យបាក់សង្កត់ ខណៈកំពុងដេកលក់ កាលពីវេលាម៉ោង១០យប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣នៅតាមបណ្តោយផ្លូវជាតិលេខ៥ទល់មុខសណ្ឋាគាសន្តិភាព ក្នុងភូមិសែសិន សង្កាត់អូរអំបិល ខេត្ត បន្ទាយមានជ័យ ។

លោក ឈឿម សុផុន ប្រធានការិយាល័យ នគរបាលចរាចរណ៍នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៣នេះថាម្ចាស់រថយន្តបង្កហេតុមានឈ្មោះ ហុង ដាវុធ ភេទប្រុស អាយុ  ២០ឆ្នាំ រស់នៅភូមិ៤  សង្កាត់ព្រះពន្លា   ក្រុងសិរីសោភ័ណ មុនកើតហេតុបានខ្ចីរថយន្តមិត្តភ័ក្តិឈ្មោះ ចិត្រ កូនថៅកែ  ផ្ទះសំណាក់ម្កុដពេជ្រជិះដើលេង។ រីឯជនរងគ្រោះមានឈ្មោះ ឆូយ ឡាង ភេទ ស្រី រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

សមត្ថកិច្ចដដែលបានបន្តថា មុនពេលកើតហេតុគេបានឃើញរថយន្ត១គ្រឿងម៉ាកហាយព្រីដ ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខកណ្តាល 2A 8386 ជិះគ្នា ២នាក់    ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចហោះ ហាក់ទើបចេញពីកន្លែងផឹកស៊ី   មកដល់ចំណុចផ្លូវកោងបត់ចង្កូតមិនទាន់ក៏បានទៅបុកផ្ទះស្ត្រីរងគ្រោះ បណ្តាលឲ្យបាក់សង្កត់ ខណៈដែលគាត់កំពុងដេកបែកក្បាលហូរឈាមសន្លប់បាត់មាត់ឈឹង   ត្រូវ សាច់ញាតិបញ្ជូន ទៅសង្គ្រោះទាំងយប់ ។ ដោយឡែកឈ្មោះ ហុង ដាវុធ និងរថយន្តត្រូវនគរបាលចាប់យក ទៅវាស់ជាតិអាល់កុល និងសួរនាំចាត់ការតាមច្បាប់៕

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល