ព្រះសីហនុ៖ សពស្ត្រីម្នាក់ ត្រូវបានក្មេងៗ ក្នុងភូមិប្រទះឃើញស្លាប់ ក្នុងទឹកត្រពាំង ក្នុងភូមិចម្ងាយពីផ្ទះជនរងគ្រោះ ប្រហែល១០០ម៉ែត្រ កាលពី វេលាម៉ោង១និង១៥នាទីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣  ។

លោកអនុសេនីយ៍ទោ មុត សុខា នាយប៉ុស្តិ៍រដ្ឋបាល នគរបាលឃុំជើងគោ បានមានប្រសាសន៍ឱ្យដឹងថា សពស្រ្តីរងគ្រោះមាន ឈ្មោះ ម៉ក់ សាន អាយុ ៤២ឆ្នាំ រស់នៅភូមិត្រពាំងជា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានប្តីម្នាក់ប៉ុន្តែ ប្តីរបស់គាត់ បានរត់ចោលគាត់ ទៅមានស្រីថ្មី នៅខេត្តព្រៃវែង និងមានកូនបុ្រស២នាក់ ដោយកូនបងមានអាយុ ២២ឆ្នាំ មុខរបរអ្នកចុះ ទូកនេសាទ នៅកោះខ្យង ចំណែកកូនប្អូនមានអាយុ ១២ឆ្នាំ ជាសិស្សសាលា និងមានប្អូនស្រីបង្កើតម្នាក់ មានសតិមិនល្អ ផងដែរ ។

លោកនាយប៉ុស្តិ៍រដ្ឋបាលបានបន្តថា ចំពោះមូលហេតុ នៃការស្លាប់របស់ជនរងគ្រោះ គឺគាត់មានវិបត្តិផ្លូវចិត្ត ដោយប្តី របស់ គាត់រត់ចោលមានស្រីថ្មី នៅខេត្តព្រៃវែង និងជំពាក់បំណុលគេ ក៏បណ្តែតបណ្តោយខ្លួនផឹកស្រា ស្រវឹងខួបរាល់ថ្ងៃ រហូត ដល់លង់ទឹកស្លាប់តែម្តង ។

លោកនាយប៉ុស្តិ៍បានបញ្ជាក់ទៀតថា ស្រ្តីរងគ្រោះបានបាត់ខ្លួន តាំងពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣មកម្លេះ រហូតដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣វេលាម៉ោង ១៣និង១៥នាទី ទើបក្មេងៗក្នុងភូមិប្រទះឃើញ សក់ក្បាលមនុស្ស អណ្តែតលើទឹកក្នុងត្រពាំង ក៏នាំគ្នារត់ទៅបា្រប់ចាស់ៗ រាយការណ៍មកសមត្ថកិច្ច មកពិនិត្យ ទើបដឹងថា ជាស្រ្តីដែលមានវិបត្តិផ្លូវចិត្ត ដែលប្តីរត់ចោល ។

ប្រភពពីសាក្សី ក្នុងភូមិបានប្រាប់ថា ស្រ្តីរងគ្រោះខាងលើ តែងតែរអ៊ូប្រាប់អ្នកភូមិថា ចង់ស្លាប់ព្រោះប្តីរត់ចោល ទៅមានស្រីថ្មី និងជំពាក់បំណុលគេថែមទៀត ហើយពិបាកចិត្ត ក៏ផឹកស្រាជារៀងរហូតមក រហូតដល់អ្នកភូមិអាណិត ហើយខិតខំនិយាយ ពន្យល់ យ៉ាងណាក៏មិនស្តាប់ ព្រមទាំងអ្នកជិតខាង អាណិតឲ្យបាយចំណីហូប ជារៀងរាល់ថ្ងៃផងដែរ ។ ជាពិសេស ជារៀង រាល់ល្ងាចសពស្រ្តីរងគ្រោះ តែងតែដើរទៅផ្ទះរបស់អ្នកភូមិម្នាក់ ដែលនៅក្បែរនិងស្រះទឹកនេះ ដើម្បីសុំបាយគេហូប ។ ហើយនៅ ល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ ក៏បាត់ខ្លួនរូបគាត់តែម្តងទៅ ហើយគ្មាននរណាម្នាក់ នឹកស្មានថា គាត់ធ្លាក់ទឹក ស្រះនេះរហូតដល់លង់ទឹកស្លាប់នោះទេ  ។

ប្រភពដដែលបន្តថា ស្រះទឹកនេះ ជាស្រះដែលគេជីកយកដីមកចាក់ ក្នុងភូមិតាំងពី២០ឆ្នាំ មុនមកម្លេះ ហើយស្រះនេះ មានបណ្តោយប្រវែង ២០ម៉ែត្រ ទទឹង៤ម៉ែត្រ និងមានជម្រៅ លិចមនុស្សចាស់ ប្រហែលជា២ម៉ែត្រ ៕

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល