ព្រះសីហនុ ៖ ក្តិបចោរម្នាក់ ទើបតែចេញពីពន្ធាគារ ហើយបានចេញធ្វើសកម្មភាព លួចកាបូបលុយ ពីប្រជា ពលរដ្ឋ កាលពីព្រឹកព្រលឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង ៧ និង៣០នាទី ហើយត្រូវបានម្ចាស់ កាបូប ស្រែកឆោឡោធ្វើឱ្យជនសង្ស័យរូបនេះ ភ័យស្លន់ស្លោរត់ផ្លោះរបងផ្ទះ ពីមួយទៅមួយដូចហនុមាន ហើយផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋអស់ ១ ក្រុងព្រះសីហនុ ទម្រាំសមត្ថកិច្ច និងប្រជាពលរដ្ឋព័ទ្ធ ចាប់បានត្រូវចំណាយពេល អស់ប្រមាណអស់ជាង១ម៉ោង ។
ហេតុការណ៍នេះកើតឡើង នៅចំណុចមហោស្រពចាស់ ស្ថិតនៅក្រុម៧ ភូមិ៣ សង្កាត់លេខ២ ក្រុងខេត្ត ព្រះសីហនុ ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ វី ជីវ័ន ភេទប្រុស អាយុ១៩ឆ្នាំ ទីលំ នៅបច្ចុប្បន្នមិនពិតប្រាកដ ពីមុនរស់នៅជាមួយម្តាយ ក្នុងសង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ចំណែកវត្ថុ តាង សមត្ថកិច្ចដកហូត រួមមានកាបូបស្ពាយ១ ដែលក្នុងនោះមាន ប្រាក់ដុល្លារអាមេរិកចំនួន ៧០ដុល្លារ ប្រាក់រៀលមានចំនួន ពីរម៉ឺនរៀល ទូរស័ព្ទសាមស៊ុង ១គ្រឿង និងឯកសាផ្សេងៗមួយចំនួនទៀត ។ សាក្សី នៅកន្លែងកើតហេតុ បាននិយាយប្រាប់ថា កាលពីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ ប្អូនស្រីៗរបស់ គាត់ ២នាក់បានប្រទះជនសង្ស័យខាងលើនេះម្តងហើយ ដែលជននេះ ប្រុងមកធ្វើសកម្មភាពលួចកាបូបប្រាក់ របស់គាត់តែត្រូវប្អូនស្រីរបស់គាត់ឃើញក៏ចេញទៅវិញទៅ ហើយនៅព្រឹកនេះ គ្រាន់តែគាត់ចាកចេញពី ផ្ទះបានបន្តិច ជនសង្ស័យរូបនេះ ក៏បានចូលមកបន្លំលួចកាបូបប្រាក់តែម្តងទៅ ហើយត្រូវបានគេឃើញ ទើបស្រែកឆោឡោឡើង ហើយធ្វើការដេញព័ទ្ធចាប់ជាមួយសមត្ថិកិច្ចតែម្តងទៅ ។
ជនសង្ស័យរូបនេះ ទម្រាំសមត្ថកិច្ចព័ទ្ធចាប់បាន មានការលំបាកណាស់ ព្រោះគេមានជំនាញយ៉ាង ប៉ិន ប្រសព្វ ដោយផ្លោះរបងផ្ទះ ប្រជាពលរដ្ឋ និងធនាគារធំៗជាច្រើនតាមឌឿងហែម ខាងក្រោយ ពីមួយទៅ មួយរាប់សិបផ្ទះទៅមកៗ ធ្វើឱ្យសមត្ថកិច្ចដេញចាប់យ៉ាងវក់វីជាទីបំផុត ។
គេសង្កេតឃើញ ក្នុងហេតុការណ៍នេះដឹកនាំបញ្ជា និងប្រតិបត្តិការដោយផ្ទាល់ ពីសំណាក់លោកឧត្តម សេនីយ៍ទោ តាក វណ្ណថា ស្នងការនគរបាលខេត្តព្រះសីហនុ រួមនឹងលោកវរសេនីយ៍ឯក ហេង ប៊ុនទី មេ បញ្ជាការរង និងនាយសេនាធិការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងមានការចូលរួម ពីកងយោធលខេមរភូមិន្ទ នៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តព្រះសីហនុ ដែលសរុបកងកម្លាំង ទាំង៣មានប្រមាណប្រហែលជិត ២០០នាក់ និងប្រជាពលរដ្ឋរាប់រយនាក់ទៀត ។ បន្ទាប់ពីសមត្ថកិច្ចធ្វើ ការព័ទ្ធចាប់បានភ្លាមសមត្ថកិច្ចបានជម្លៀសជនសង្ស័យ តាមជំនាញបច្ចេកទេស យកទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុភ្លាមៗផងដែរ បើសិនជាគ្មានការជម្លៀសជនសង្ស័យទេ ប្រហែលជនសង្ស័យ គ្មានជីវិតរស់នៅឡើយ ព្រោះបងប្អូនប្រជាពលរដ្ឋកំពុងមានកំហឹង រង់ចាំស្វាគមន៍យ៉ាងច្រើន សន្ធឹកសន្ធាប់ ពីតំបន់កើតហេតុនោះ ។
បច្ចុប្បន្ននេះជនសង្ស័យ កំពុងត្រូវបានសមត្ថកិច្ចការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការ ដ្ឋាននគរបាលខេត្តព្រះសីហនុ សាកសួរចម្លើយ និងរៀបចំសំណុំឯកសារ បញ្ជូនទៅសាលាដំបូង ខេត្តព្រះ សីហនុដើម្បីវិនិច្ឆ័យទោសទៅតាមច្បាប់ ៕











ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល