បន្ទាយមានជ័យ ៖ ភ្លៀងនៅតែបន្តធ្លាក់ ទាំងយប់ ទាំងថ្ងៃ ធ្វើឲ្យ ខេត្តបន្ទាយមានជ័យ ទាំងមូល រងការលិចលង់ ដោយទឹកជំនន់ ទឹកភ្លៀង និងទឹកជំនន់ ហូរធ្លាក់ពីប្រទេសថៃ យ៉ាងគំហុក ហើយ ស្រុក-ក្រុងទាំង៩ រួមមាន លំនៅដ្ឋាន ប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព វត្តអារាម អាគាររដ្ឋបាលនានា ផ្លូវលំ បេតុង ផ្លូវជាតិ បានលិចលង់ ស្ទើរគ្រប់កន្លែង ធ្វើឲ្យពលរដ្ឋជាច្រើន គ្រួសារបាន បង្ខំចិត្តរត់រក ទីទួលសុវត្ថិភាព ដើម្បីស្នាក់នៅ បណ្តោះអាសន្ន។
លោក ទ្រី ណារិន អភិបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៣នេះ ថា ដោយស្ថានភាព ជំនន់ទឹកភ្លៀង និងទឹកជំនន់ហូរ ធ្លាក់ពីថៃ កាន់តែខ្លាំងជាងមុន លោក បានបន្ថែមកម្លាំង យោធាកងពល៥១ និងកម្លាំងនគរបាល រហូតដល់ជាង ១០០០នាក់ ចុះទៅ ច្រកដីដាក់ការ៉ុងទប់ទំនប់នៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ដើម្បីទប់ស្កាត់ការ បាក់ជំនប់គឺ អាចធ្វើឲ្យជន់លិចលំនៅដ្ឋាន ស្រែចំការ ដំណាំដាំដុះ របស់ ប្រជាពលរដ្ឋ កាន់តែខ្លាំងជាងមុន។
លោកបានបន្តថា កម្លាំងមួយចំនួន រួមជាមួយទូកម៉ាស៊ីន ត្រូវបានត្រៀម សម្រាប់ចាំ ជួយសង្គ្រោះ ប្រជាពលរដ្ឋ នៅតំបន់នោះ ពិសេសប្រជាពលរដ្ឋ លិចខ្លាំងត្រូវជម្លៀសពួកគាត់ ចេញពីទឹករកទី ទទួលសុវត្ថិភាព ជាសវៀងទឹកលិចខ្លាំង សង្គ្រោះមិនទាន់។
ទន្ទឹមគ្នានោះ លោកអភិបាល ខេត្តបន្ទាយមានជ័យ ក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលកំពុងរងការលិចលង់ ដោយទឹកជំនន់ទាំង អ្នកលិចតិច មធ្យម ខ្លាំង ត្រូវត្រៀមលក្ខណះឲ្យបានគ្រប់គ្នា ពិសេសផ្ទះ ដែលមានមនុស្ស ចាស់ជរា និងក្មេងតូចៗ ត្រូវរាយការណ៍ មកអាជ្ញាធរ និងសមត្ថកិច្ច ដើម្បីឲ្យក្រុមអ្នក សង្គ្រោះចុះទៅជួយ៕










ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល