តារាចម្រៀងប្រុស សាន រតបញ្ហាស័ក្ដ ដែលធ្លាប់បានចូលគាល់សម្ដេចឪ ញឹកញាប់ ថ្លែងពីអារម្មណ៍ក្ដុកក្ដួល ចំពោះការសោយទីវង្គត់របស់អតីតព្រះមហាក្សត្រខ្មែរ។
លោក សាន រតបញ្ញាស័ក្ដ បានប្រាប់អោយដឹងថា លោក មានការសោកស្ដាយណាស់ នៅពេលបានទទួលដំណឹងថា សម្ដេចឪ បានយាងចូលទីវង្គត់។ តារាចម្រៀងប្រុស សម្លេងថ្នម រូបនេះ ថ្លែងថា ខ្លួនធ្លាប់បានចូលគាល់អតីតព្រះមហាក្សត្រខ្មែរ ជាញឹកញាប់ ដូច្នេះ រូបភាពរបស់ព្រះអង្គ ហាក់ដូចស្ថិតនៅចំពោះមុខគាត់ជានិច្ច។

លោក ថ្លែងថា ៖ កាលពីប៉ុន្មានឆ្នាំមុន ពេលដែលខ្ញុំទើបបានចូលប្រឡូកក្នុងវិស័យសិល្បៈខ្ញុំធ្លាប់បានចូលវាំងជាញឹកញាប់ណាស់។ កាលណោះ ខ្ញុំគឺជាអ្នករៀបចំភ្លេង ម៉ិចស៊ើរ ថ្វាយអតីតព្រះមហាក្សត្រ នៅពេលមានកម្មវិធី លៀងសាយភោជន៍ ម្ដងៗ។
តារាចម្រៀងប្រុស សាន រតបញ្ញាស័ក្ដ បន្ដថា ៖ ខ្ញុំពិតជាមានសំណាងខ្លាំងណាស់ ដែលបានចូលវាំង រៀបចំឧបករណ៍ភ្លេងថ្វាយសម្ដេចឪ ព្រមទាំងបានឃើញព្រះភក្រ្ដព្រះអង្គជាញឹកញាប់ និងរៀងរាល់ពេលមានកម្មវិធីលៀងសាយភោជន៍ ក្នុងព្រះបរមរាជវាំង។ ទ្រង់ហាក់ដូច កំពុងគង់នៅចំពោះមុខខ្ញុំ ទ្រង់ហាក់ដូចមិនបានសោយទីវង្គត់នោះទេ។
សូមរំលឹកថា អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ បានយាងចូលទីវង្គត់ កាលពីវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នាមន្ទីរពេទ្យ នៃទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្នាយុ៩០ព្រះវស្សា ដោយព្រះជរាពាធ។ បច្ចុប្បន្ន ព្រះសពរបស់ព្រះ កំពុងត្រូវបានរៀបចំដង្ហែ មកកាន់មាតុប្រទេស៕
ដោយ ៖ សូរីយ៉ា