ជាការពិតណាស់ នៅលើពិភពលោកយើងសព្វថ្ងៃនេះ កំពុងមានការមមាញឹកនៅក្នុងការប្រកួតប្រជែង ដែលជាហេតុធ្វើអោយមានប្រជាជនភាគច្រើនមានអារម្មណ៏តានតឹង ( Stress ) បន្ទាប់ពីបានបំពេញការងារ ក៏ដូចជាការសិក្សា។
ខណៈពេល ដែលមានបញ្ហានេះបានចោទឡើងនោះ ក៏នាំអោយប្រជាជន ដែលនៅក្នុងនោះរួមមាន សិស្សសាលា និស្សិតសកលវិទ្យាល័យ ក៏ដូចជា អ្នកបំរើការតាមស្ថាប័នផ្សេងៗ នាទីក្រុង Shanghai ប្រទេសចិន បានប្រមូលផ្តុំគ្នាក្នុងការយកខ្នើយរបស់ខ្លួនយកមកវាយគ្នាទៅវិញទៅមក ដើម្បីកាត់បន្ថយភាពតានតឹងរបស់ខ្លួន។

បើយោងទៅតាមសម្តីរបស់លោក Eleven Wang ដែលជាអ្នករកឃើញនូវកម្មវិធីក្នុងការកាត់បន្ថយភាពតានតឹងនេះ ( Stress ) តាមរយៈការយកខ្នើយមកវាយគ្នាទៅវិញទៅមក បានអោយដឹងថា សព្វថ្ងៃនេះ មានបុគ្គលិកដែលជាអ្នកបំរើការតាមស្តាប័នផ្សេងៗ ក៏ដូចជាសិស្ស និស្សិតមួយចំនួនកំពុងតែមានសំពាធ ពោលគឺភាពតានតឹងពីកន្លែងបំពេញការងារ ក៏ដូចជាការសិក្សាដូច្នេះ ពួកយើងបានបង្កើតកម្មវិធីនេះឡើង ដោយសង្ឃឹមថា វានិងអាចជួយពួកគេកាត់បន្ថយភាពតានតឹងរបស់ខ្លួនបាន ។
គាត់បានបន្ថែមទៀតថា នៅពេលខ្លះពួកយើងមានសំពាធការងារ ពីចៅហ្វាយនាយ លោកគ្រូអ្នកគ្រូ ក៏ដូចជាមុខវិជ្ជាត្រៀមប្រលងផ្សេងៗ ដូច្នេះ កម្មវិធីនេះ អនុញ្ញាតអោយអ្នកមានភាពតានតឹងទាំងអស់ អាចសរសេរបាននូវឈ្មោះចៅហ្វាយនាយ លោកគ្រូអ្នកគ្រូ និងមុខវិជ្ជាត្រៀមប្រលងនៅលើខ្នើយរបស់ខ្លួន រួចធ្វើការវាយគ្នាទៅវិញទៅមក ដែលវាជាចំណែកមួយក្នុងការកាត់បន្ថយភាពតានតឹងរបស់ពួកគេ ។

បន្ទាប់ពីបានចូលរួមកម្មវិធីនោះមក ស្រ្តីជនជាតិចិនម្នាក់ដែលមានវ័យ ២៤ ឆ្នាំ និងមានឈ្មោះថាChen Yi បាននិយាយថា ៖ ខ្ញុំពិតជាមានអារម្មណ៏សប្បាយរីករាយណាស់ អំឡុងពេលដែលបានចូលរួមលេងកម្មវិធីមួយនេះ គួរបញ្ជាក់ផងដែរថា ខ្ញុំមានការមមាញឹកខ្លាំងមែនទែនជាមួយការងារការិយាល័យ ដែលបានធ្វើអោយខ្ញុំមានភាពតានតឹងយ៉ាងខ្លាំង ក៏ប៉ុន្តែ ឥលូវខ្ញុំមានអារម្មណ៏ថាធូរស្រាល បន្ទាប់ពីបានបញ្ជេញញើស អំឡុងពេលចូលរួមក្នុងកម្មវិធីមួយនេះ ហើយវាពិតជាបានធ្វើអោយខ្ញុំមានអារម្មណ៏ស្រស់ស្រាយមែនទែន ៕
ដោយ ៖ រិទ្ធីប្រភព ៖ yourhealth