ភ្នំពេញ៖ ជាថ្មីម្តងទៀត ប្រទេសជប៉ុន នឹងផ្តល់ថវិកា ៣.១២៣ លានយ៉េន ស្មើនឹង ៣៣,៩០លាន ដុល្លារ អាមេរិក ដល់ប្រទេសកម្ពុជា ក្នុងគម្រោង៣សំខាន់ៗ សម្រាប់ធ្វើការអភិវឌ្ឍ ប្រទេស ។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ ដែល មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាននៅ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ នេះ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមីនាខាងមុខ វេលាម៉ោង ៩ព្រឹក នៅទីស្តីការក្រសួង លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស កម្ពុជា និង លោក យូជី គូម៉ាម៉ារូ (Yuji KUMAMARU) ឯកអគ្គរាជទូត ជប៉ុន ប្រចាំកម្ពុជា នឹងចុះហត្ថលេខា លើលិខិតប្តូរសារស្តី ពីជំនួយឥតសំណង ដល់រាជរដ្ឋាភិបាល កម្ពុជា ដែលមានទឹកប្រាក់ ចំនួន៣.១២៣ លានយ៉េន ស្មើនឹង ៣៣,៩០លាន ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង៣។
គម្រោង៣នោះរួមមាន៖ ទី១-គម្រោងធ្វើឲ្យប្រសើរឡើង នូវមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ដែលមានទឹកប្រាក់១.៣២១លានយ៉េន ប្រមាណ ១៤,៣៣លានដុល្លារ។
ទី២-គម្រោងសាងសង់ និង កែលំអ រោងចក្រ វារីអគ្គិសនីខ្នាតតូច នៅខេត្តរតនគិរី ដែលមានទឹកប្រាក់ ១.២០៦លានយ៉េន ប្រមាណ ១៣,១០លានដុល្លារ
ទី៣-គម្រោងធ្វើឲ្យប្រសើរឡើង នូវបន្ទប់ និង ឧបករណ៍ពិសោធន៍ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលមាន ទឹកប្រាក់ ៥៩៦លានយ៉េន ប្រមាណ ៦,៤៧លានដុល្លារ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល