ភ្នំពេញៈ តារាសម្តែងស្រីដែលជា តួឯកក្នុងរឿង “អាបពាក់មួកសុវត្ថិភាព” កញ្ញា ប៊ីរីយ៉ា ត្រូវបានគេរំពឹងទុកថា នាងអាចឡើងកូដកាន់តែល្បី ដោយសារតែខ្សែភាពយន្ត ដែលនាងសម្តែងលើកទី១ ទទួលបានជោគជ័យហើយ គេក៏សង្ឃឹមថា ការដើរជាតួឯកនៅក្នុងរឿងនេះ ជាលើកទី២ និងកាន់តែធ្វើឲ្យនាងល្បី កាន់តែខ្លាំងថែមទៀតនោះ តែស្រាប់តែតំណែងនេះ ត្រូវបានរបូតពីដៃនាងដោយជំនួស តារាស្រីផ្សេងទៅវិញ។
បន្ទាប់ពីខ្សែភាពយន្តរឿង “អាបពាក់មួកសុវត្ថិភាព” ដាក់បញ្ជាំងកាលពី ពេលកន្លងមកនោះ គេសង្កេតឃើញថាទទួលបាន ប្រាក់ចំណូលនិងការគាំទ្រខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ រហូតធ្វើឲ្យផលិតកម្ម សម្រេចចិត្តថតខ្សែភាពយន្តនេះវគ្គ២ បន្តទៀតដើម្បីតម្រូវចិត្តទស្សនិកជន តែនៅក្នុងសាច់រឿងវគ្គនេះ ក៏មានការផ្លាស់ប្តូនិងបន្ថែមតួសម្តែង ច្រើនជាងលើកមុន។
ទន្ទឹមនឹងតារាប្រុសស្រីជាច្រើន កំពុងតែត្រៀមខ្លួនក្នុងការថតរឿង “អាបពាក់មួកសុវត្ថិភាព” វគ្គ២នេះ តារាស្រីរាងខ្ពស់ស្រឡះរាងស្តើង ដែលមានទម្រង់មុខកូនកាត់ឥណ្ឌា កញ្ញា ប៊ីរីយ៉ា ត្រូវបានលេចឮព័ត៌មានថា តំណែងតួឯកស្រីរបស់នាងត្រូវប្តូរ ទៅឲ្យតារាស្រីផ្សេងវិញ។
ពាក់ព័ន្ធនិងព័ត៌មាននេះត្រូវបាន តារាស្រីរូបស្រស់កូនកាត់ កញ្ញា ប៊ីរីយ៉ា ប្រាប់ Looking TODAY តាមទូរស័ព្ទថា ចំពោះការផ្លាស់ប្តូរតួសម្តែងនោះ នាងមិនទាន់ដឹងនៅឡើយទេ តែកន្លងមកនាងក៏ធ្លាប់ឮព័ត៌មាននេះដែរ តែមិនទាន់ច្បាស់១០០ភាគរយ ព្រោះខាងផលិតកម្មមិន ទាន់ផ្តល់ព័ត៌មាន មកឲ្យនាងទេ ហើយនាងក៏មិនទាន់ដឹងថារឿងនេះ គេបន្ថែមតារាណាខ្លះ ចូលរួមថតនោះទេ។
កញ្ញា ប៊ីរីយ៉ា បានប្រាប់ឲ្យដឹងថា “ខ្ញុំមិនមានការអាក់អន់ស្រពន់ចិត្តអី ជាមួយផលិតកម្មទេ បើទោះបីជាគាត់ផ្ទេរតំណែងតួឯកស្រី ឲ្យទៅតារាណាក៏ដោយ ព្រោះថាធម្មតាការថតរឿងមួយ វាមិនអាចថតដដែលបានទេ ត្រូវតែមានការផ្លាស់ប្តូរប្លែក សម្រាប់ទស្សនិកជនទស្សនា ហើយសម្រាប់តំណែងនេះបើតាមខ្ញុំ ឮពីមុនមកគឺប្រហែលជាផ្ទេរ ឲ្យទៅកញ្ញា ជីជី តែខ្ញុំមិនទាន់ ហ៊ានបញ្ជាក់ឲ្យច្បាស់ទេ ព្រោះខាងក្រុមហ៊ុនមិនទាន់ ផ្តល់ព័ត៌មានថាត្រូវឲ្យខ្ញុំ សម្តែងជាតួអី នោះទេ ហើយផ្លាស់ប្តូតួឯកស្រី ឲ្យទៅអ្នកណាទេ”។
តារាស្រីកូនកាត់ខ្មែរ-ឥណ្ឌា រូបនេះ បានប្រាប់ឲ្យដឹងទៀតថា អី្វដែលនាងគិតពេលនេះ គឺត្រូវធ្វើយ៉ាងខំប្រឹងឲ្យអស់ពី សមត្ថភាពក្នុងការសម្តែងរឿងនេះ ធ្វើយ៉ាងណាឲ្យល្អ ហើយសម្រាប់តួសម្តែងនៅក្នុងរឿង គឺមិនបានគិតឬក៏ច្រណែនគ្នា ក្នុងការសម្តែងទេ ហើយនាងក៏មិនចង់ និយាយអីពាក់ព័ន្ធនិង រឿងនេះច្រើនលើសនេះ ព្រោះថារឿងនេះមិនទាន់មានភាពច្បាស់ការ នៅឡើយបើនិយាយច្រើនទៅខ្លាចខុស៕




ផ្តល់សិទ្ធិដោយ៖ ដើមអំពិល