ភ្នំពេញ៖ ជនមិនស្គាល់មុខ២នាក់ កាលពីម៉ោង២ និង១០នាទី  រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៣ នេះ បានបាញ់ឡើងជាង ១០គ្រាប់ទាំងមិនដឹងមូលហេតុ តែការបាញ់រះមិនបង្កគ្រោះថ្នាក់ដល់ប្រជាពល រដ្ឋនោះទេ។ ការបាញ់បោះអនាធិបតេយ្យនេះ កើតឡើងនៅមុខបៀហ្គាឌិនឫស្សីគុជ តាមបណ្តោយផ្លូវលេខ ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

បើតាមប្រភពសមត្ថកិច្ចបានអះអាងថា  ជនបាញ់បោះបង្កការអុកឡុកក្នុងរាជធានីភ្នំពេញ ជិះម៉តូពាក់ស្លាកលេខ ខ. ម។ តែទោះជាយ៉ាងណា ការផ្ទុះអាវុធនេះ  មិនបង្កគ្រោះថ្នាក់  ដល់ប្រជាពលរដ្ឋណាម្នាក់នោះទេ។ គេក៏មិនដឹងផងដែរថា ការបាញ់បោះនេះបណ្តាលមកពីមូលហេតុអ្វីនោះ។

សូមបញ្ជាក់ថា ក្រោយពេល   ការបោះឆ្នោតបានបញ្ចប់ទៅ ទន្ទឹមនឹងការចុះសម្រុងគ្នា រវាងគណបក្សឈ្នះឆ្នោតទាំង ពីរ ព្រោះតែលទ្ធផលបោះឆ្នោត    រហូតមានការគំរាម ធ្វើមហាបាតុកម្ម ពីសំណាក់គណបក្សសង្រ្គោះជាតិ ហើយ គណបក្សប្រជាជនកម្ពុជា  ជាអ្នកគ្រប់គ្រងរដ្ឋាភិបាលចាំផ្ទះវិញ ក៏បានត្រៀមលក្ខណៈដោយមានការចល័តកម្លាំង សមត្ថកិច្ចជាច្រើនក្នុងរាជធានីភ្នំពេញ ក្នុងហេតុផលពង្រឹងសន្តិសុខ។

ជាមួយគ្នានេះទៀត មួយរយៈក្រោយពេលបោះឆ្នោត ក្នុងរាជធានីភ្នំពេញ   មានករណីបាញ់បោះ និងការដាក់ បំផ្ទុះគ្រាប់បែកនៅជិត  សាលាដំបូងជាដើម សកម្មភាពទាំងអស់នេះ បាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋក្នុងរាជធានី ភ្នំពេញហាក់នៅមិនស្ងប់ អារម្មណ៍នោះឡើយ សម្រាប់ការប្រកបរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតក្នុងរាជធានីភ្នំពេញ ក៏ដូចជាទូទាំងប្រទេស  ទទូចឲ្យគណបក្សនយោបាយ ដែលពលរដ្ឋ ផ្តល់ការទុកចិត្តទាំងពីរ បន្តបង្កើនល្បឿនដំណោះ  ស្រាយបញ្ហានយោបាយបង្កើតរាជរដ្ឋាភិបាលថ្មីនាំយកមកវិញ នូវសន្តិភាពផ្លូវចិតរបស់ប្រជាពលរដ្ឋដូចមុនថ្ងៃបោះឆ្នោត ២៨ ខែកក្កដា ឆ្នាំ២០១៣។ ជាពិសេសដំណោះស្រាយ នេះ  នឹងបញ្ចប់នូវ   ឱកាសដល់ក្រុមជនខិលខូច ក៏ដូចជាក្រុមឱកាសនិយម បង្កអសន្តិសុខក្នុងសង្គមផងដែរ៕