Google និង Intel បានឧទ្ទេសនាមជាផ្លូវការ នូវកុំព្យូទ័រ Chromebooks ថ្មី មួយចំនួន មកពី ក្រុមហ៊ុន Lenovo , HP, Acer, Toshiba និង ម៉ូដែល Chromebox ១ របស់ Asus ទាំងអស់ សុទ្ធតែដំណើរការដោយ Intel Haswell ។ នេះគឺជាលើកដំបូង ដែល Toshiba និង Asus ចូលរួមទីផ្សារកុំព្យូទ័រ ដំណើរដោយប្រព័ន្ធប្រតិបត្តិ Chrome OS ។

/

នៅក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យាមួយ ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃទី ៦កន្លងទៅ នៅក្រុង San Francisco ក្នុងរដ្ឋ California អាមេរិក បណ្ដាក្រុមហ៊ុនកុំព្យូទ័រ ដូចជា Asus , Acer, Dell, Lenovo, Toshiba, Hewlett-Packard (HP), Asus និង LG ជាដើម បាននាំគ្នា ឧទ្ទេសនាមកុំព្យូទ័រយួរ​ដៃ Chromebook ប្រើប្រាស់ឈីប Intel ជំនាន់ថ្មី ដែលមានការកែលំអប្រៅសឺរ ក៏ដូចជា អូសបន្លាយអាយុកាលនៃថាមពលរបស់ថ្ម។ Dell និង Acer បានបញ្ចេញកុំព្យូព័រ Chromebook ដែលប្រើប្រាស់ប្រូសេសឺរ Intel Core i3 ជំនាន់ Haswell ។ តំណាងរបស់ក្រុមហ៊ុន Dell ឱ្យដឹងថា កំណែ i3 របស់ Chromebook 11 នឹងត្រូវបានដាក់លក់ជាផ្លូវការ នៅចុងឆ្នាំនេះ ខណៈដែល Acer នឹងបញ្ចេញម៉ូដែល C720 i3 នៅរដូវបវេសនកាលខាងមុខ។ ម៉ូដែលកុំព្យូទ័រនេះ សុទ្ធតែបំពាក់ RAM ពី 2GB ដល់ 4GB , SSD 16GB អាចជ្រើសរើស 32GB និងមានអេក្រង់ 11,6 inch ។ក្នុងឱកាសនេះដែរ ក្រុមហ៊ុន Asus របស់តៃវ៉ាន់ ក៏បានទាក់ទាញចំណាប់អារម្មណ៍ ដោយការកែលំអរយៈពេលនៃថាមពលថ្ម តាមរយៈម៉ូដែលកុំព្យូទ័រ Chromebook ចំនួន ២ គឺ C200 មានអេក្រង់ 11,6 inch និង C300 អេក្រង់ 13,3 inch ។ ទាំងនេះ សុទ្ធតែមាន RAM 2GB ដល់ 4GB និង SSD 16 GB ។ ចំណុចរួមរបស់បណ្ដាផលិតផលខាងលើ គឺរីសូលូសឹនរបស់អេក្រង់ សុទ្ធតែមានកម្រិត 1366 x 768 pixel ។

/

ចំណែក្រុមហ៊ុន Lenovo វិញ បែរមានគោលដៅឆ្ពោះទៅរកអតិថិជន ដែលមានប្រាក់ចំណូលទាប ដូចជាសិស្ស និស្សិតជាដើម ដើម្បីបង្កើនចំណែកទីផ្សាររបស់ខ្លួន។ តំណាងរបស់ក្រុមហ៊ុន បានឱ្យដឹងថា Lenovo ផ្ដោតការយកចិត្តទុកដាក់ទៅលើម៉ូដែលកុំព្យូទ័រដែលប្រើប្រាស់ ក្រៅសាលារៀន ក្នុងនោះ មានម៉ូដែល Chromebook ចំនួន ២ គឺ N20 និង N20p ។ម៉ូដែលទាំងនេះ សមស្របនឹងប្រូសេសឺរ Intel Celeron Haswell និងមាន RAM 2GB អង្គចងចាំម៉ាស៊ីន16 GB ។ ដូចទៅនឹងផលិតផលរបស់ក្រុមហ៊ុនផ្សេងៗ N20 និង N20p មានអេក្រង់ 11,6 inch រីសូលូសឹន 1366 x 768 pixel ។ក្រៅពីមុខងារដ៏គួរឱ្យចាប់អារម្មណ៍ Chromebook ក៏ត្រូវបានគេចូលចិត្តច្រើន ដោយសារមានតម្លៃសមរម្យ ជាក់ស្ដែង N20 និង N20p របស់ Lenovo មានតម្លៃលក់រាយ គឺ ២៧៩ និង ៣២៩ដុល្លារ។ចំណែកបណ្ដាក្រុមហ៊ុនដទៃ ក៏បានយកចិត្តទុកដាក់លើទីផ្សារ “ជាន់ទាប” ក្នុងនោះ Acer បានបញ្ចេញតម្លៃប្រហែល ៣៥០ដុល្លារ សម្រាប់ C720 i3 ។ រីឯផលិតផលរបស់ Asus មានតម្លៃប្រហែល ២៥០ដុល្លារ។

/

Google ជាលើកដំបូង បានបញ្ចេញកុំព្យូទ័រ Laptop Chromebook កាលពីពាក់កណ្ដាលឆ្នាំ ២០១០ ដើម្បីប្រជែងជាមួយ Windows របស់   Microsoft ។ មកដល់ពេលនេះ ម៉ូដែលកុំព្យូទ័រ   Laptop របស់ Google    ត្រូវបានបន្ទាន់សម័យជាបន្ដបន្ទាប់   ដោយមានការចូលរួមពី   Acer, Lenovo, Samsung ។ល។

ប្រែ​សម្រួល​ដោយ ៖ តារាប្រភព ៖ BBC