ភ្នំពេញ៖ បន្ទាប់ពីទទួល បានជោគជ័យ ក្នុងអាជីពជាអ្នកកំប្លែង និង បានលេចមុខជាបណ្តើរៗ ជាមួយការដើរតួសម្តែង ក្នុងខ្សែភាពយន្ត ៣ទៅ៤ រឿងមកហើយនោះ នាយ ពែកមី បានហក់មកចាប់ អាជីពជាអ្នកចម្រៀង បន្ថែមទៀត ដោយបានចូលខ្លួន ច្រៀងនៅក្នុងទ្រនំ ផលិតកម្ម ថោន។
ជូបជាមួយគេហទំព័រ Looking TODAY តាមទូរស័ព្ទ តារាកំប្លែងពូកែវោហាស័ព្ទ នាយ ពែកមី បានទម្លាយប្រាប់ឲ្យដឹងថាថ្មីៗនេះ លោកបានចូលខ្លួន មកបញ្ចេញសំនៀង នៅក្នុងផលិតកម្មថោន មួយទៀតហើយ។ លោកបានបន្តថា ពេលនេះខ្ញុំច្រៀង នៅផលិតកម្ម ថោន ជាមួយតារាចម្រៀងប្រុស-ស្រីមួយចំនួន នៅទីនោះ ។
នាយ ពែកមី បាននិយាយបន្តថា មុននេះបន្តិចនាយបាន ថតបទចម្រៀងបានចំនួន ៤បទ ដែលបទទាំងនោះ ជាបទកន្ទ្រឹមហើយ និងមានចេញលក់ជាCD និង VCD នៅលើទីផ្សារនា ពេល ខាងមុខ ព្រោះបទទាំងនេះច្រៀងតម្រូវ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
ទោះជាយ៉ាងណាក៏ដោយ នាយ ពែកមី បញ្ជាក់ថា នាយមិនទាន់បាន ចុះកុងត្រាជាមួយផលិតកម្មថោននៅឡើយទេ។ ប៉ុន្តែនាយ នឹងបន្តច្រៀងនៅក្នុង ផលិតកម្មមួយនេះ ជាបន្តទៀត បើសិនខាងផលិតកម្ម មានបទចម្រៀងថ្មី និងត្រូវការរូបលោក។
តារាកំប្លែងនាយ ពែកមី បានបង្ហាញពីអារម្មណ៍ សប្បាយរីករាយ ក្រោយពីបានចូល ខ្លួនច្រៀងឲ្យ ផលិតកម្ម ថោន ក្នុងនោះ នាយបានលើកឡើងថា តាមរយៈបទចម្រៀង ចំនួន៤បទដែលបានច្រៀងនៅក្នុងផលិតកម្មថោននេះ នាយសង្ឃឹមថា នឹងទទួលបាន ការគាំទ្រពីសំណាក់ ទស្សនិកជនបន្ថែមទៀត។
តារាកំប្លែង ពែកមី បានឈានចាប់អាជីព ជាអ្នកសិល្បៈក្នុងឆ្នាំ២០០៩ បន្ទាប់ពីប្រឡង ជាប់ក្នុងកម្មវិធីមហាកំប្លែងរបស់ CTN។ តាំងពីពេលនោះមក កេរ្តិ៍ឈ្មោះរបស់លោក បានទទួលការគាំទ្រពី ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស។ នាយ ពែកមី មានឈ្មោះពិតថា ចែម ចាន់ដារ៉ា កើតនៅថ្ងៃទី០១ កក្កដា ឆ្នាំ ១៩៨១ ក្នុងខេត្ត ស្វាយរៀង៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល