ភ្នំពេញ ៖ រថយន្ដស៊េរីទំនើប ម៉ាក OD តម្លៃជិត១០ ម៉ឺនដុល្លារ បានឆេះសល់តែ គ្រោងឆ្អឹងដែក ក្រោយពី ម្ចាស់របស់វាបាន បង្កគ្រោះថ្នាក់ចរាចរ បុកអ្នកបើកម៉ូតូតាម ផ្លូវ ហើយមិនព្រមឈប់ដោះស្រាយបែរជា បើករត់ ក៏ជ្រុលទៅបុកផ្ទះលក់គ្រឿងសំណង់ រួចបន្ដទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាល ឱ្យបាក់ ហើយ បង្កជាអគ្គិភ័យឆាបឆេះយ៉ាង សន្ធោរសន្ធៅផ្អើលអស់ប្រជាពលរដ្ឋ ក្នុងរាជ ធានីភ្នំពេញ ជាពិសេសអ្នក ធ្វើដំណើរឆ្លងកាត់ នៅកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់ចរាចរ ហើយបើករត់ រួចបង្កឱ្យមានអគ្គិភ័យឆេះរថយន្ដស៊េរីទំនើប ខាងលើនេះ បានកើត ឡើងកាលពីវេលា ម៉ោង១២និង៤៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅលើកំណាត់ផ្លូវម៉ៅសេទុង មុខផ្ទះ លេខ៣៥៩E0 ជាផ្ទះលក់គ្រឿងសំណង់យីហោ យីហោ ហ្វាន ជិនសាន ក្នុងសង្កាត់ផ្សារដេប៉ូ ទី២ ខណ្ឌទួលគោក ។

យោងតាមប្រភពព័ត៌មានពីសាក្សីដែល បានចោមរោមមើលនៅកន្លែងកើតហេតុនោះ បាននិយាយថា រថយន្ដស៊េរីទំនើបម៉ាក OD តម្លៃជិត១០ម៉ឺនដុល្លារ ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 2AB-1688 បាន ឆេះសល់ តែគ្រោងឆ្អឹងដែក ក្រោយពីរថយន្ដខាងលើ បានបុកបង្គោលភ្លើងពេញមួយទំហឹង រហូត បណ្ដាលឱ្យបាក់បង្គោលភ្លើង ក្រោយពីរថយន្ដ បង្កបានបុកផ្ទះលក់គ្រឿងសំណងរួចមកនោះ ។

បើយោង តាមប្រភពព័ត៌មានពីសាក្សី បានបន្ដទៀតថា នៅមុនពេលកើតហេតុគេ បានឃើញរថយន្ដ ស៊េរីទំនើបមួយគ្រឿងនេះ បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមផ្លូវ លេខ១៩៩ ក្នុងសង្កាត់ទួលស្វាយ ព្រៃទី១ ខណ្ឌចំការមន ស្រាប់តែមកដល់ជិតខារ៉ាអូខេ យីហោ លុច្សសារី កែងផ្លូវលេខ៣១៨ បានជ្រុល ទៅបុកម៉ូតូម៉ាកកូនទាមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BR-6375 បើកដោយបុរសម្នាក់ បណ្ដាលឱ្យ ម៉ូតូគៀប ជាប់នៅក្រោមរថយន្ដ ។ ក្រោយពីបង្កគ្រោះថ្នាក់ចរាចររួចមក ម្ចាស់រថយន្ដមិនបានឈប់ ដើម្បីដោះស្រាយជាមួយភាគីម៉ូតូនោះឡើយ បែរជាបើករត់ទាំងម៉ូតូគៀបជាប់នៅក្នុងរថយន្ដ លុះដល់ ចំណុចកើតហេតុ ក្នុងទឹកដីខណ្ឌទួលគោក រថយន្ដបានជ្រុលទៅបុកហាងលក់គ្រឿងសំណង់ រួចហើយក៏ បន្ដ ទៅបុកបង្គោលភ្លើង បណ្ដាលឆាបឆេះយ៉ាងសន្ធោរសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមាន ការចោមរោមមើលជាច្រើននាក់ពីប្រជាពលរដ្ឋ ដែលធ្វើដំណើរនិងរស់នៅក្បែរកន្លែងកើតហេតុនោះ ។

ប្រភពព័ត៌មានពីសាក្សីបានបន្ដទៀតថា ក្រោយពីមានករណីខាងលើនេះកើតឡើង ហើយមានការ ព្រួយ បារម្ភ និងអាចប៉ះពាល់ ឬក៏ឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរកន្លែង កើតហេតុនោះ ទើបកម្លាំង នគរ បាលពន្លត់ អគ្គិភ័យរាជធានីភ្នំពេញ បានបញ្ជូនរថយន្ដ ពន្លត់មួយគ្រឿង ទៅបាញ់ពន្លត់ ។

ជុំវិញករណីខាងលើនេះ មន្ដ្រីនគរបាល ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដែលចុះ ទៅជួយអន្ដរាគមន៍ នៅកន្លែងកើតហេតុទាំងយប់បានថ្លែងឱ្យដឹងថា ក្នុងករណីនេះបាន បណ្ដាលឱ្យអ្នកបើកម៉ូតូកូនទា ឈ្មោះ ញឹក ថុតារារិទ្ធ អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ ៨១ ផ្លូវលេខ៣៤៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រងរបួសស្រាល ។

មន្ដ្រីនគរបាលចរាចរណ៍ជើងគោកបាន បន្ដថា ដោយឡែកអ្នកបើករថយន្ដបានរត់ គេចខ្លួនបាត់ពីកន្លែង កើតហេតុ ប៉ុន្ដែក្រោយ ពីមានការស្រាវជ្រាវ និងមានការបញ្ជាក់ពី ប្រព័ន្ធគ្រប់គ្រងយានយន្ដរបស់ក្រសួង សាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា រថយន្ដខាងលើនេះ ជាកម្មសិទ្ធរបស់ឈ្មោះ លឹម អ៊ុយហួរ មានទីលំនៅផ្ទះលេខបេ៣៧ ផ្លូវលេខ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការ មន ។

នាយរងការិយាល័យចរាចរណ៍ជើងគោក លោកប៉ែន ឃុន បានឱ្យដឹងថា បច្ចុប្បន្នរថ យន្ដដែលសល់តែ គ្រោងឆ្អឹងដែកនោះ នឹង ម៉ូតូដែលឆេះស្ទើរទាំងស្រុង ត្រូវបានកម្លាំង នគរបាលរបស់លោក យកទៅរក្សា ទុក នៅ ការិយាល័យចរាចរណ៍ជើងគោក ដើម្បីដោះ ស្រាយបន្ដទៀត និងឱ្យម្ចាស់រថយន្ដចូលខ្លួន មកដោះស្រាយ តាមរយៈការបង់ផាកពិន័យ ចូលរដ្ឋ ពីបទបំផ្លាញទ្រព្យសម្បត្ដិសាធារណៈ ។

ប្រជាពលរដ្ឋ ដែលឈរមើលករណីនេះ បាននិយាយថា បញ្ហាដែលកើតមានឡើង រហូតធ្វើឱ្យមាន អគ្គិភ័យឆាបឆេះអស់រថយន្ដ តម្លៃជិត១០ម៉ឺនដុល្លារ គឺមកពីម្ចាស់រថយន្ដខ្លួនឯងជាអ្នកបង្ក ហើយ បើសិន ជាពេលបុកម៉ូតូកូនទាឈប់ ហើយដោះស្រាយផ្ដល់សំណងនោះក៏វាមិនបានកើតរឿងបែបនេះឡើយ ប៉ុន្ដែម្ចាស់រថយន្ដបែរជាបើករត់ រហូតកើតរឿងធំបែបនេះ ខាតបង់ទ្រង់ទ្រាយធំ ។

គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរបុក អ្នកធ្វើដំណើរតាមផ្លូវ បណ្ដាលឱ្យស្លាប់ និងរងរបួសព្រមទាំងខូច ខាត ទ្រព្យសម្បត្ដិ សាធារណៈតែងតែកើតមានឡើងនិងស្ទើរ ជារៀងរាល់យប់ ដែលទាំងនេះ បណ្ដាលមក ពីអ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរមានអាការៈស្រវឹង ពេលបញ្ជាយានយន្ដ ហើយបើកលឿន ខ្វះការ ប្រុងប្រយ័ត្ន ប៉ុន្ដែអ្នកបើករថយន្ដបង្កទាំងនេះជាច្រើននាក់ ត្រូវបានចាប់ខ្លួន ហើយកម្លាំងនគរបាល ចរាចរជើងគោករាជធានីភ្នំពេញ បានបញ្ជូនខ្លួននិងសំណុំរឿងទៅកាន់តុលាការ ជាបន្ដបន្ទាប់ ដើម្បីផ្ដន្ទា ទោស តាមផ្លូវច្បាប់ ក៏ដូចជាសារព្រមានទៅកាន់អ្នកបើករថយន្ដទាំងឡាយណា ត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ បញ្ជៀសគ្រោះថ្នាក់ចរាចរទាំងនេះ ក្នុងគោលបំណងចូលរួមទាំងអស់ កាត់បន្ថយ គ្រោះថ្នាក់ចរាចរ ៕

width=500

width=500

width=500

width=500

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល